
ក្រុមហ៊ុនផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិចទំនើបដ៏មានសក្តានុពល ដែលបានវិវត្តន៍ខ្លួនចូលប្រឡូកក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិនមួយនេះ ទទួលបានការស្វាគមន៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទៅលើរថយន្តអគ្គីសនីម៉ូដែលដំបូងដែលមានឈ្មោះថា Xiaomi SU7។ ជាមួយភាពជោគជ័យទាំងការផលិត និងការលក់រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ខ្លួន Xiaomi បានធ្វើការបង្កើនសង្វាក់ផលិតកម្មជាច្រើនដងដើម្បីឲ្យការផលិត និងការចែកចាយរថយន្តអគ្គិសនី SU7 របស់ខ្លួនទាន់ការកំនត់សម្រាប់ការនាំចេញទៅកាន់ដៃអតិថិជន។
សម្រាប់ជំហ៊ានដំបូងក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុន Xiaomi បានដាក់គោលដៅសម្រាប់ការផលិត និងការនាំចេញ SU7 របស់ខ្លួនឲ្យបានដល់ 10 ម៉ឺនគ្រឿងនៅត្រឹមខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែ តួរលេខនេះ នឹងមានការផ្លាស់ប្តូរ ដោយសារតែពេលនេះក្រុមហ៊ុនបានធ្វើការកំនត់គោលដៅរបស់ខ្លួនឡើងវិញ ដោយបានដាក់គោលដៅសម្រាប់ការនាំចេញ SU7 ឲ្យបានដល់ 12 ម៉ឺនគ្រឿងក្នុងឆ្នាំ 2024 នេះ ដូចនេះ មានន័យថា Xiaomi នឹងធ្វើការចម្រុញការលក់ SU7 ឲ្យបានចំនួនច្រើនបន្ថែមទៀតនៅមុនដំណាច់ខែធ្នូ ឆ្នាំនេះ។
មានប្រភពព័ត៌មានជាច្រើនបាននិយាយថា Xiaomi ពេលនេះ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីម៉ូដែលទីពីរដែលជាប្រភេទ SUV-EV ប៉ុន្តែ បច្ចុប្បន្ននេះ គេមើលឃើញថា Xiaomi បានផ្តោតសំខាន់ទៅលើការផលិតរថយន្តដំបូងរបស់ខ្លួន គឺ SU7 ច្រើនជាងម៉ូដែលផ្សេងនៅក្នុងឆ្នាំនេះ។ ហើយបើតាមគម្រោងការថ្មីនេះ គឺបង្ហាញថា Xiaomi ធ្វើការផលិតរថយន្តពី 0 ទៅ 12 ម៉ឺនគ្រឿងដោយប្រើពេលតិចជាងមួយឆ្នាំ។ រថយន្តអគ្គិសនីម៉ូដែល SU7 និង SU7 Max ត្រូវបានក្រុមហ៊ុនធ្វើការនាំចេញដំបូងក្នុងខែមេសា និងម៉ូដែល SU7 Pro បានធ្វើការនាំចេញនៅក្នុងខែឧសភា ឆ្នាំនេះ។

បើតាមរបាយករណ៍ហិរញ្ញវត្ថុរបស់ Xiaomi សម្រាប់ឆមាសទីពីមួយ (ពីខែមករា ដល់ មិថុនា) ឆ្នាំ 2024 គឺក្រុមហ៊ុនរកបានប្រាក់ចំណូលប្រមាណ 6.2 ពាន់លានយ៉ាន់ ឬប្រហែល 811 លានអឺរ៉ូ ឬស្មើរនឹង $903,778,400 កើនឡើងប្រមាណ 15.4% ធៀបនឹងប្រាក់ចំណូលរកបាននៅឆមាសទី 1 ក្នុងឆ្នាំ 2023។ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ 2024 ក្រុមហ៊ុន Xiaomi បានបើកសម្ភោធហាងលក់រថយន្តអគ្គិសនី (Store EV) ថ្មីចំនួន 87 ហាង នៅក្នុងទីក្រុងសំខាន់ៗចំនួន 30 ទូទាំងប្រទេសចិន៕

