
ក្រុមហ៊ុន Xiaomi នៅតែបន្តភាពជោគជ័យរបស់ខ្លួនជាមួយនឹងការលក់រថយន្តអគ្គិសនីម៉ូដែលដំបូងរបស់ខ្លួន គឺ SU7 Series។ ខណៈពេលដែលថ្មីៗនេះ Xiaomi ក៏ទើបតែបញ្ចេញលក់ម៉ូដែលពិសេសមួយទៀតក្នុងគ្រួសារ SU7 គឺ SU7 Ultra ដែលជារថយន្តអគ្គិសនី Sedan ដែលមានកំលាំងខ្លាំងអស្ចារ្យបំផុតក្នុងគ្រួសាររបស់វា។
ហើយជាមួយម៉ូដែលកំពូលមួយនេះ Xiaomi បានរំពឹងថា អាចនឹងមានការនាំចេញបានចំនួន 10,000 គ្រឿងក្នុងឆ្នាំ 2025 នេះ ស្របពេលដែលការបញ្ជាទិញ SU7 Ultra គឺមានចំនួនដល់ 15,000 គ្រឿង ត្រឹមរយះពេល 24 ម៉ោងបន្ទាប់ពីការប្រកាសចេញ និងឈានដល់ 19,000 គ្រឿងឯណោះ នេះបើតាមការបញ្ជាក់ពីលោក Lei Jun ស្ថាបនិក និងជា CEO របស់ Xiaomi។

ងាកមកម៉ូដែល SU7 វិញ គឺនៅតែរក្សាលំនឹងនៃការនាំចេញ ដោយមានចំនួន 20,000 គ្រឿងជារៀងរាល់ខែសម្រាប់រយះពេល 5 ខែកន្លងទៅ។ ហើយបើគិតមកទល់នឹងបច្ចុប្បន្ន Xiaomi បានធ្វើការនាំចេញរថយន្ត SU7 ចំនួនសរុបដល់ 180,000 គ្រឿង។ Xiaomi SU7 នៅតែបន្តក្នុងការនាំចេញជាមួយជម្រើសបីម៉ូដេលដដែល គឺ SU7, SU7 Pro និង SU7 Max ដោយមានតម្លៃចាប់ពីខ្ទង់ $28,000, $32,000 និង $ 38,935 តាមម៉ូដែលរៀងគ្នា។
ចំពោះម៉ូដែល Xiaomi SU7 Ultra ដែលជារថយន្តអគ្គិសនី sedan កំពូលល្បឿនដែលត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 27 ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ផ្តល់នូវកំលាំងសរុបដល់ 1,548 សេះ និងអាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណតែ 1.98 វិនាទី និងពី 0 ទៅ 200km/h ចាយពេលប្រមាណ 6.09 វិនាទីប៉ុណ្ណោះ។

Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ប្រហែល $68,785 ដែលជាតម្លៃធូរថ្លៃជិតពាក់កណ្តាលនៃតម្លៃដែលក្រុមហ៊ុនបើកទទួលការបញ្ចេញទិញមុនកាលពីខែតុលា ឆ្នាំមុន ដែលមានតម្លៃជាង 11 ម៉ឺនដុល្លារ។ ជាមួយការទម្លាក់តម្លៃនេះ ក៏ធ្វើឲ្យការបញ្ជាទិញមុនសម្រាប់ SU7 Ultra មានចំនួន 6,900 គ្រឿង ក្នុងរយះពេលតែ 10 នាទីបន្ទាប់ពីការប្រកាសចេញកាលពីចុងខែកុម្ភៈកន្លងទៅ។

លោក Lei Jun បានពន្យល់ថា គោលដៅនៃការលក់ដំបូងគឺផ្អែកលើការលក់សរុបនៃរថយន្តដែលមានតម្លៃលើសពី 500,000 យាន់ ឬប្រហែលជាង $64,945 នៅក្នុងប្រទេសចិន ដែលជាមធ្យម គឺលក់បានចំនួន 121,000 គ្រឿងក្នុងមួយឆ្នាំ។ ហើយចំពោះតម្រូវការរបស់ម៉ូដែល SU7 Ultra គឺលើសពីការរំពឹងទុក ដែលជំរុញឱ្យមានការពិភាក្សាសារជាថ្មីអំពីការបង្កើនសមត្ថភាពក្នុងារផលិត។
