ស្វែងរកពួកយើង:

Xiaomi 14 ឈរលំដាប់ 3 នៅលើស្ថាប័ន DxOMark ក្នុងនាមជាស្មាតហ្វូនដែលកាមេរ៉ាខ្លាំង

ដោយ

Koun Jab Luffy

06 មីនា 2024 05:28 ល្ងាច

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 បានក្លាយជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិត ដែលមានកាមេរ៉ាខ្លាំង សម្រាប់ស្ថាប័ន DxOMark។ ស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Xiaomi មួយនេះ គឺមានដាក់លក់នៅលើទីផ្សារសកលរួចហើយ។ ជាមួយនិងវត្តមានឆ្នាំនេះ ស្មាតហ្វូន Xiaomi 14 ត្រូវបានគេមើលឃើញថា មានការពង្រឹងទៅលើសមត្ថភាពនៅក្នុងការថតរូបខ្លាំងមែនទែនប្រៀបធៀបជំនាន់មុន។
យោងតាមការបង្ហាញថា នៅលើ DxOMark បានបញ្ជាក់ថា កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 បានឈរនៅលើលេខរៀងទី 3rd ជាមួយនិងពិន្ទុ 138។ ពិន្ទុខាងលើនេះ ត្រូវបានក្រុមហ៊ុននេះធ្វើតេស្តទៅលើមុខងារជាច្រើន ការថតរូបភាព ថតបែប bokeh, video, zoom និង Aspects។ សូមជំរាបថា ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលមួយ ដែលស្ថិតក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិតដែលមានតម្លៃចន្លោះពី 600 ដុល្លារ ទៅ 800 ដុល្លារ។
ស្មាតហ្វូនស៊េរីថ្មី Xiaomi 14 គឺមានកាមេរ៉ាគោលទំហំ 50-Megapixel មានការគាំទ្រដោយមុខងារ OIS និងមាន f/1.6 aperture ហើយនិងប្រើប្រាស់សិនស័រ 1/1.31 អ៊ីង។ សម្រាប់គ្រាប់ទីពីរមានទំហំ 50-Megapixel ultra-wide angle ថតបាន 115° FOV និងគ្រាប់ទីបីមានទំហំ 50-Megapixel Telephoto មានការគាំទ្រនូវមុខងារ OIS និងមានការប្រើប្រាស់នូវឡែន 75mm focal length។
Article image
ជាមួយនិងការធ្វើតេស្តនេះ ស្ថាប័ន DxOMark បានធ្វើការកត់សម្គាល់ថា កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 នេះ គឺមានសមត្ថភាពខ្ពស់ជាង Xiaomi 13 ដោយក្រុមហ៊ុននេះបានធ្វើការអាប់ដែតទៅលើសិនស័រធំជាងមុន និងមានការ aperture ធំជាងមុន។ នៅលើ Xiaomi 14 ក៏មានការកែប្រែទៅលើ exposure នៅក្នុងការចាប់រូបភាពបានល្អ ផ្អែកតាមទីតាំងផ្សេងៗគ្នាទៀតផង។ កាមេរ៉ាស្មាតហ្វូននេះមានសមត្ថភាពអាចធ្វើការគណនាទៅលើពណ៌បានច្បាស់ ទាំងការថតរូបភាព និងវីដេអូ។
Xiaomi 14 ឈរលំដាប់ 3 នៅលើស្ថាប័ន DxOMark ក្នុងនាមជាស្មាតហ្វូនដែលកាមេរ៉ាខ្លាំង