
បើតាមប្រភពព័ត៌មានចុងក្រោយបានទម្លាយថា Xiaomi 14 Ultra នឹងមកដល់ផ្លូវការណ៍នៅខែក្រោយនេះ។ Xiaomi 14 Ultra បានក្លាយជាកំពូលស្មាតហ្វូនដែលទទួលបានការចាប់អារម្មណ៍ខ្លាំងសម្រាប់ឆ្នាំ 2024 នេះផងដែរ។ ជាមួយគ្នានេះ មានព័ត៌មានបែកធ្លាយជាច្រើនរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានចេញផ្សាយជាបន្តបន្ទាប់ នៅមុនការបង្ហាញខ្លួនផ្លូវការណ៍មកដល់។ ហើយនៅពេលនេះ នៅលើបញ្ចីនៃកម្មវិធី Geekbench ក៏បានធ្វើការបង្ហាញចេញពីសមត្ថភាពរបស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
នៅលើបញ្ចី Geekbench 4 បានបង្ហាញថា Xiaomi 14 Ultra គឺមានលេខកូដម៉ូដែល Xiaomi 24030PN60G និង “Aurora”។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះទទួលបានពិន្ទុ 9,317 នៅលើអង្គ Single-Core CPU និង 26,523 នៅលើអង្គ Multi-core CPU នៅលើបញ្ចី Geekbench 4 Score ជំនូសឲ្យ Geekbench 6 បច្ចុប្បន្ន។ Xiaomi 14 Ultra នឹងបំពាក់នូវកំពូលឈីប Qualcomm Snapdragon 8 Gen 3 ដែលមានល្បឿន 2.26GHz។

បញ្ចីដដែលក៏បានបង្ហាញទៀតថា Xiaomi 14 Ultra មានបំពាក់ជាមួយរ៉េមដែលមានទំហំធំបំផុតដល់ទៅ 16GB ជាមួយប្រតិបត្តិការ Android 14 ដែលស្រោបដោយផ្ទៃកម្មវិធី Xiaomi HyperOS។ កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi នេះ ត្រូវបានគេរំពឹងថា ជាកំពូលស្មាតហ្វូនដំបូងគេដែលបំពាក់សែនស័រកាមេរ៉ាគោលថ្មីរបស់ Sony ស៊េរី LYT-900 ខ្នាត 1-inch និងគាំទ្រមុខងារ wider variable aperture។
ហើយបើតាមការព័ត៌មានចចាមអារាមដែលបានចេញផ្សាយនាពេលថ្មីៗនេះ បាននិយាយថា Xiaomi 14 Ultra នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់កោង Curved AMOLED Display ល្បឿន 144Hz ព្រមជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនដោយមិនប្រើខ្សែកំលាំង 80W Wireless Fast Charging ថែមទៀតផង៕
