
Xiaomi 14 Ultra គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មីមួយ ដែលគេមើលឃើញថា បានប្រកាសចេញនៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី 22 ខែកុម្ភៈ ហើយក្រុមហ៊ុននេះ ក៏មានការបង្ហាញនូវម៉ូដែលពិសេសទៅលើស្មាតហ្វូននេះផងដែរ ដោយម៉ូដែលថ្មី នេះ មានការឌីស្សាញស៊ុមជុំវិញចេញពីលោហៈធាតុទីតានៀមថែមទៀតផង។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានឈ្មោះថា Xiaomi 14 Ultra Titanium Special Edition ហើយចាប់ផ្តើមដាក់លក់នៅលើទីផ្សារ ប្រទេសចិននៅថ្ងៃនេះហើយ ជាមួយតម្លៃ 8,799 យ៉ន់ ដែលប្រហែល $1225 ដុល្លារ។ តម្លៃនេះ បានធ្វើអោយស្មាតហ្វូនថ្មីនេះ ក្លាយជាម៉ូដែលមួយដែលមានតម្លៃខ្ពស់ជាងគេ បំផុតនៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួនជាមួយនិង រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB ហើយ ថែមទាំងមានការតម្លើងនូវប្រព័ន្ធផ្កាយរណប Satellite Communication ទៀតផង។
ថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺក៏មានការដាក់លក់នៅលើហាងលក់អនឡាញ GizTop ហើយថែមទាំងមានការដឹកជញ្ជូន សម្រាប់ទីផ្សារសកលបានថែមទៀតផង។ ជាមួយនឹងការដាក់លក់នេះ ក្រុមហ៊ុន Xiaomi នឹងមានផ្តល់ជូននូវ Photography Kit និង official case រួមជាមួយបន្ទះការពារអេក្រង់ជាដើម។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា គឺស្មាតហ្វូន Android OEM ដំបូងគេបំផតរបស់ Xiaomi ដែលមានការអាប់ដែតខ្ពស់បែបនេះ។ សូមជំរាបថា កាលពីចុងខែតុលាឆ្នាំមុន នេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវស្មាតហ្វូន Xiaomi 14 Pro Titanium Special Edition ម្តងរួចមកហើយ។

ទាក់ទងនឹងការដាក់លក់នៅពេលនេះ គឺដោយសារតែស្មាតហ្វូនមានសង្វាក់ផលិតកម្មយឺតយ៉ាវបន្តិច។ ចំណុចដែលគេ មើលឃើញថា មានការមានភាពទាក់ទាញខ្លាំងនៅលើស្មាតហ្វូននេះ គឺការប្រើប្រាស់នូវប្រព័ន្ធផ្កាយរណប ‘Satellite Communication’។ ក្រៅពីនេះ សម្រាប់ការឌីស្សាញ និងលក្ខណៈសម្បត្តិផ្សេងៗ គឺមានភាពស្រដៀងគ្នាទាំងស្រុង។
