
នៅថ្ងៃស្អែកនេះ ក្រុមហ៊ុន Xiaomi នឹងប្រារព្ធព្រឹត្តិការណ៌សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល Xiaomi 14 Ultra និង Xiaomi Pad 6S Pro នៅលើទីផ្សារប្រទេសចិនហើយ។ បើតាមការទម្លាយកន្លងមក បានបញ្ជាក់ថា Xiaomi 14 Ultra នឹងបង្ហាញវត្តមានជាមួយនិងការអាប់ដែតខ្លាំងជាង Xiaomi 13 Ultra ដែលប្រកាសចេញកាលីឆ្នាំមុន។ នៅថ្ងៃនេះ មានការចែកចាយជាថ្មីមួយនៅលើបណ្តាញសង្គម Weibo ដោយមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវថាមពលថ្មមានភាពធន់ និងមានទំហំធំជាងជំនាន់មុនថែមទៀតផង។
ប្រភពខាងលើបញ្ជាក់ថា Xiaomi 14 Ultra មានថ្មទំហំ 5,300mAh ដែលធំជាងមុន 17%។ ថ្មនេះក៏មានធំជាងមុន 8% ផងដែរ។ ជាមួយនិងការប្រើប្រាស់នូវបច្ចកវិទ្យា silicon carbon anode technology នេះ ក្រុមហ៊ុនXiaomi បានប្រើប្រាស់នូវកម្រិត silicon ចំនួន 6%។ ថាមពលថ្មនេះ មានសមត្ថភាពផ្តល់នូវអនុភាព 779Wh/L។

មកដល់ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់បានបញ្ជាក់ពីការប្រើប្រាស់នូវបច្ចេកវិទ្យាសាក fast-charging នៅលើស្មាតហ្វូន Xiaomi 14 Ultra នៅឡើយទេ។ ប៉ុន្តែបើតាមការបែកធ្លាយកន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានប្រើប្រាស់កម្លាំងសាក 90W wired charging និង 50W wireless charging រួមនិងបច្ចេកវិទ្យាសាក reverse wireless charging ទៀតផង។

ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស៊ុមជុំវិញរបស់ស្មាតហ្វូន Xiaomi 14 Ultra គឺមានភាពធន់រឹងមាំ 3 ដងធៀបជាមួយនិងម៉ូដែលមុន ហើយសម្រាប់អេក្រង់វិញ គឺមានការធន់នឹងការធ្លាក់ខ្លាំងជាង 10 ដង ខណៈដែលខ្នងក្រោយ គឺមានការឌីស្សាញចេញពីស្បែក Kona leather ដែលអាចការពារបានច្រើនជាង 6 ដង ប្រៀបធៀបជាមួយនិង Xiaomi 13 Ultra។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះក៏មានការបញ្ជាក់ពីវិញ្ញាបនបត្រ SGS កម្រិតផ្កាយប្រាំទៅលើភាពធន់ថែមទៀតផង។

ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 Ultra នឹងបង្ហាញវត្តមានជាមួយនិងជម្រើស 2 ពណ៌ ដែលមានដូចជាពណ៌ខ្មៅ និងពណ៌ស។ សម្រាប់រូបភាពផ្លូវការណ៌ដែលចេញថ្មីនេះ ក៏មានការបង្ហាញថា ស្មាតហ្វូននេះមានខ្នងក្រោយឌីស្សាញចេញពីស្បែកផងដែរ។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះក៏នឹងមានម៉ូដែលឌីស្សាញចេញពីសេរ៉ាមិកទៀតផង។ បន្ថែមពីនេះស្មាតហ្វូននេះក៏ធ្លាប់មានសេចក្តីរាយការណ៌ថា នឹងមានម៉ូដែលពិសេសឌីស្សាញចេញពី titanium frame option ផងដែរ។
