ស្វែងរកពួកយើង:

Xiaomi 15 Ultra នឹងបំពាក់នូវរ៉េមទំហំ 24GB និងបច្ចេកវិទ្យាអេក្រង់ Dual-layer OLED Display

ដោយ

Koun Jab Luffy

29 កក្កដា 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
ព័ត៌មានលេចធ្លាយទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi គឺ Xiaomi 15 Series នៅតែបន្តមានជាហូរហែរ ដូចជានេះពេលនេះអីចឹង គឺមានការទម្លាយព័ត៌មានទាក់ទងនឹងម៉ូដែលកំពូលក្នុងជំនាន់ គឺ Xiaomi 15 Ultra។
ស្របពេលដែលមានការទម្លាយព័ត៌មានថា ម៉ូដែល Xiaomi 15 Pro ទំនងជានឹងបង្ហាញវត្តមាននៅក្រោយថ្ងៃនៃការបង្ហាញវត្តមានកំពូលឈីប Qualcomm Snapdragon 8 Gen 4 ហើយក៏នឹងជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីចុងក្រោយនេះថែមទៀតផង។ ចំនែកម៉ូដែលបងធំ គឺ Xiaomi 15 Ultra ត្រូវបានគេរំពឹងថា នឹងមកដល់នៅក្នុងត្រីមាសដំបូងនៃឆ្នាំ 2025។
Article image
ថ្មីៗនេះបើតាមការទម្លាយពីគណនី Weibo របស់ចិនឈ្មោះថា Smart Pikachu បានបង្ហើបឲ្យដឹងថា Xiaomi 15 Ultra នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ Dual-layer OLED Display ដែលមានកម្រិតបង្ហាញ 2K ដែលបច្ចេកវិទ្យាអេក្រង់នេះប្រើប្រាស់នូវស្រទាប់ អេក្រង់ “ Tanden OLED” ដូចគ្នានឹងអេក្រង់ដែល Apple បានប្រើនៅលើ iPad Pros ជំនាន់ចុងក្រោយដែរ។
ដោយបច្ចេកវិទ្យាអេក្រង់ Dual-layer OLED Display នេះ គឺមានការបង្កើនូវគុណភាពពន្លឺ និងប្រព័ន្ធដំណើរការនៃមុខងារ HDR បានល្អប្រសើរជាងបច្ចេកវិទ្យាអេក្រង់ Single-OLED Display។ បន្ទាប់ពី Apple ក្រុមហ៊ុនផលិតស្មាតហ្វូនម៉ាក Honor ក៏បានប្រើបច្ចេកវិទ្យាអេក្រង់ថ្មីនេះផងដែរនៅលើកំពូលស្មាតហ្វូន Honor Magic 6 Ultimate។
បន្ថែមពីនេះ Smart Pikachu ក៏បានបញ្ជាក់ផងដែរថា Xiaomi 15 Ultra ក៏នឹងបំពាក់កំពូលឈីប Snapdragon 8 Gen 4 ដូចបងប្អូនក្នុងគ្រួសាររបស់វាដែរ។ ហើយបងធំក្នុងគ្រួសារកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានជម្រើសម៉ូដែលបំពាក់រ៉េមទំហំធំបំផុតដល់ 24GB និងមានថ្មទំហំធំដល់ 6,000mAh ទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងរក្សាទម្ងន់ និងកម្រាស់ប្រហាក់ប្រហែលគ្នានឹងជំនាន់ Xiaomi 14 Ultra បច្ចុប្បន្នដែរ គឺកម្រាស់ 9.2mm និងទំងន់ 229.5 ក្រាម។ បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយថ្មីៗនេះ បាននិយាយថា Xiaomi ទំនងជានឹងមានការប្រកាសចេញលក់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនទាំងម៉ូដែល 15 Pro Series និង 15 Ultra សម្រាប់ទីផ្សារសកល ដែលខុសពីជំនាន់មុន គឺម៉ូដែល 14 Ultra មានលក់តែនៅទីផ្សារប្រទេសចិនតែប៉ុណ្ណោះ៕
Xiaomi 15 Ultra នឹងបំពាក់នូវរ៉េមទំហំ 24GB និងបច្ចេកវិទ្យាអេក្រង់ Dual-layer OLED Display