ស្វែងរកពួកយើង:

Xiaomi 15 Ultra នឹងបំពាក់សែនស័រកាមេរ៉ា Periscope ទំហំ 200MP និងមានសមត្ថភាព Optical-zoom បានដល់ 4.3x

ដោយ

Koun Jab Luffy

15 តុលា 2024 05:20 ល្ងាច

អាន 2 នាទី

Article image
កាលពីរប៉ុន្មានខែមុននេះគណនី Ice Universe បានទម្លាយព័ត៌មានថា កំពូលស្មាតហ្វូនដែលជាបងធំក្នុងគ្រួសារ Xiaomi 15 Series គឺ Xiaomi 15 Ultra នឹងបំពាក់នូវសែនស័រកាមេរ៉ា Telephoto ទំហំ 200MP។ ដោយឡែកនៅពេលនេះគណនី Weibo ដដែលក៏បានទម្លាយព័ត៌មានលម្អិតអំពីសែនស័រកាមេរ៉ាដែលត្រូវបំពាក់ផ្តាច់មុខនៅលើស្មាតហ្វូនបងធំ ខណៈម៉ូដែលស្តង់ដារ និងម៉ូដែល Pro គឺបំពាក់សែនស័រកាមេរ៉ា Telephoto ទំហំ 50MP កម្រិត 3x។
ប្រភពបានបញ្ជាក់ដូច្នេះថា សែនស័រកាមេរ៉ា Periscope telephoto ដែលបំពាក់នៅលើ់ Xiaomi 15 Ultra គឺជាលែនខ្នាត 100mm ដែលមានលទ្ធភាពពង្រីកប្លង់ថត Magnification បានដល់កម្រិត 4.3x ជាមួយកម្រិត aperture f/2.6។ ដែលធៀបនឹងម៉ូដែល 14 Ultra បច្ចុប្បន្នដែលប្រើលែនខ្នាត 120mm ទំហំ 50MP ដែលមានមសមត្ថភាពអាចពង្រីកប្លង់ថតបានកម្រិត 5x ជាមួយកម្រិត aperture f/2.5។
Article image
មានការរំពឹងទុកថា Xiaomi 15 Ultra នឹងបំពាក់នូវសែនស័រ telephoto ចំនួនពីរគ្រាប់ជាមួយម៉ូឌុលកាមេរ៉ាទំហំ 200MP ប៉ុន្តែ ម៉ូដែលបងធំនេះ ក៏នឹងមានម៉ូឌុលកាមេរ៉ាទំហំ 50MP កម្រិត 3x ដូចគ្នាទៅនឹងប្អូនពីររបស់វាផងដែរ។  កំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Series ទាំងបីម៉ូដែលនឹងត្រូវបានបំពាក់ដោយបន្ទះឈីបកំពូល Snapdragon 8 Gen 4 ឬ 8 Elite ជាមួយនឹងការពង្រឹងទៅលើប្រព័ន្ធ ISP និង NPU ដែលប្រសើរឡើងសម្រាប់ដំណើរការក្នុងការផលិតរូបភាព។
Article image
Xiaomi 15 Ultra ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយផ្សេងទៀតពីម៉ូដែល Xiaomi 15 និង Xiaomi 15 Pro។ សម្រាប់ម៉ូដែល Xiaomi 15 និង 15 Pro ត្រូវបានរំពឹងទុកថា នឹងបង្ហាញវត្តមាននៅចុងខែនេះ ចំនែកបងធំ 15 Ultra ត្រូវបានគេរំពឹងទុកថាអាចនឹងបង្ហាញវត្តមាននៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំ 2025៕