ស្វែងរកពួកយើង:

Xiaomi 15 Ultra បង្ហាញខ្លួននៅលើ FCC ស្របពេលកាមេរ៉ាក៏មានការបញ្ជាក់លើស្ថាប័ន 3C ផងដែរ

ដោយ

Koun Jab Luffy

01 កុម្ភៈ 2025 05:12 ល្ងាច

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ មានរបាយការណ៍មួយ បានអះអាងថា ស្មាតហ្វូន Xiaomi 15 Ultra ដែលនឹងលក់នៅលើទីផ្សារសកល គឺនឹងមានរ៉េមទំហំ 16GB ហើយនិងម៉េមូរីទំហំ 512GB ព្រមទាំងមានជម្រើស 3 ពណ៌សម្រាប់ជ្រើសរើសទៀតផង។ នៅពេលនេះ ស្មាតហ្វូនថ្មីនេះ បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ FCC របស់ចិនហើយ ខណៈពេលដែលកាមេរ៉ារបស់ស្មាតហ្វូននេះក៏ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ចិនផងដែរ។
នៅក្នុងបញ្ជី FCC បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ មានលេខម៉ូដែល “25010PN30G” និង FCC ID “2AFZZPN30G”។ នៅក្នុងឯកសារខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើការតភ្ជាប់ជាច្រើនរួមមានដូចជា 2G, 3G, 4G និង 5G ហើយមានការតម្លើងនូវ Tri-band Wi-Fi, Bluetooth (BR, EDR, LE) និង NFC ទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវ HyperOS 2.0 របស់ Xiaomi ជាមួយនឹង Android 15 ផងដែរ។
Article image
បន្ថែមពីនេះ ឧបករណ៌កាមេរ៉ា (Photography Kit) របស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នេះ ក៏ទទួលបាននូវការបញ្ជាក់ពីវិញ្ញាបនបត្រ 3C របស់ចិនរួចហើយផងដែរ។ ស្មាតហ្វូននេះ នឹងមានឧបករណ៌កាមេរ៉ាសម្រាប់កាន់ដែកមានភ្ជាប់នូវ Adapter Rings 67mm filter, Lens Cover, Lanyard រួមជាមួយនិងថាមពលថ្មដែលមានទំហំ 1,500mAh សម្រាប់សាកថ្មស្មាតហ្វូននេះបានថែមទៀតផង។ ជាមួយគ្នានៅលើ វិញ្ញាបនបត្រ FCC និង 3C នេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូន Xiaomi 15 Ultra នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនទៀតដូចជា EMVCo, SDPPI, EEC, MIITនិង BIS ជាដើម។
ស្មាតហ្វូន Xiaomi 15 Ultra នេះ នឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite ជាមួយនឹងអេក្រង់គែមកោង 6.7-អ៊ីង LTPO OLED micro-curved panel គាំទ្រកម្រិតភាពច្បាស់ 120Hz refresh rate។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មាន 4 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP ដែលមានសិនស័រទំហំ 1 អ៊ីង និងគ្រាប់ទីពីរទំហំ 50MP ultra-wide lens ទីបីទំហំ 50MP telephoto lens ទ្រទ្រង់ជាមួយការហ៊្សូម 3x zoom ហើយនិងគ្រាប់ទីបួនមានទំហំ 200MP Periscope Telephoto Lens ជាមួយនឹង Macro និង 4.3x zoom។
Article image
ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6000mAh ជាមួយនឹងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មលឿន 90W wired និង 80W Wireless Fast Charging។ ស្មាតហ្វូននេះក៏អាចនឹងមានសិនស័រស្កេនក្រយ៉ោដៃក្រោមអេក្រង់  under-display Ultrasonic Fingerprint Sensor, Dual Satellite Communication Connectivity ហើយវាក៏មានជម្រើសដូចជាប្រភេទស្បែក កញ្ចក់ ឬសេរ៉ាមិកនៅខាងក្រោយផងដែរ។ ស្មាតហ្វូន Xiaomi 15 Ultra អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ 2025 នេះ និងការបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅក្នុងខែមីនា៕