
ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា មានការប្រើប្រាស់អេក្រង់ទំហំថ្មី 6.36-អ៊ីងសម្រាប់ Xiaomi 13 ជំនួសអោយទំហំ 6.28-អ៊ីង ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 12។ ជាមួយនិងវត្តមាន Xiaomi 14 ក្រុមហ៊ុននេះក៏បានបន្តប្រើប្រាស់នូវទំហំថ្មីនេះដែរ។ នៅថ្ងៃនេះយោងតាមប្រភពជឿជាក់ថ្មីមួយ បានទម្លាយថា ក្រុមហ៊ុននេះ នឹងបន្តមានការប្រើប្រាស់នូវអេក្រង់ទំហំដូចគ្នានេះនៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 ផងដែរ។
ផ្អែកតាមអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 នឹងមានការបំពាក់នូវ អេក្រង់ទំហំ 6.36-អ៊ីង និងមានកញ្ចក់រាបស្មើរ។ ប៉ុន្តែអ្នកទម្លាយរូបនេះមិនមានការចែកចាយព័ត៌មានផ្សេងទៀត នោះទេ។ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ ដោយងាយមកប្រើ ប្រាស់ ultrasonic fingerprint solution ជំនួសអោយ Goodix។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 14 ដែលបង្ហាញវត្តមានកាលពីពេលថ្មីៗនេះ មានអេក្រង់បង្ហាញចេញបាន 2670x1200 pixels កម្រិត 1.5K និងមានកម្រិត 460 PPI ហើយអេក្រង់ស្មាតហ្វូននេះ ដំណើរការនៅលើបច្ចេក វិទ្យាអេក្រង់ LTPO រត់បានល្បឿនចាប់ពី 1Hz -120Hz ហើយនិងមានការគាំទ្រនូវកម្រិតពន្លឺ 3000 nits។ អេក្រង់ស្មាតហ្វូននេះក៏មានការទ្រទ្រង់នូវមាតិកា Dolby Vision បានទៀតផង។ ស្មាតហ្វូននេះមានការពារដោយ កញ្ចក់ការពារផ្សេងគ្នា។ Xiaomi 14 គឺមានការប្រើប្រាស់នូវ Corning Gorilla Glass Victus។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 នឹងចាប់ផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅខែកញ្ញាខាងមុខនេះហើយ។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Qualcomm Snapdragon 8 Gen 4 ហើយថែមទាំងមានថាមពលថ្មទំហំធំជាងមុនថែមទៀតផង។
