ស្វែងរកពួកយើង:

Xiaomi 15 នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលឆាប់ៗនេះ បន្ទាប់ពីចុះបញ្ជីនៅលើវិញ្ញាបនបត្រ NBTC

ដោយ

Koun Jab Luffy

02 ធ្នូ 2024 08:32 ព្រឹក

អាន 2 នាទី

Article image
កាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញនូវស្មាតហ្វូន Xiaomi 15 series នៅក្នុងប្រទេសចិន ដែលស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite និងមានការពង្រឹងទៅលើកាមេរ៉ាកាន់តែប្រសើរ ហើយថែមទាំងមានថាមពលថ្មធំជាងមុនទៀតផង បើប្រៀបធៀបជាមួយនឹងម៉ូដែលជំនាន់មុននេះ។
យោងតាមការទម្លាយថ្មីៗនេះ បាននិយាយថា អ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក អាចនឹងទទួលបាននូវស្មាតហ្វូនថ្មីនេះនៅក្នុងពេលឆាប់ៗនេះហើយដោយសារតែពេលនេះស្មាតហ្វូន Xiaomi 15 បានបង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រ NBTC របស់ប្រទេសថៃរួចមក។
សម្រាប់ស្មាតហ្វូន Xiaomi 15 សម្រាប់ទីផ្សារសកលនេះ គឺមានលេខម៉ូដែល 24129PN74G ហើយក៏មានការតភ្ជាប់ GSM / WCDMA / LTE / NR connectivity ផងដែរ។ នៅលើបញ្ជីនេះ នៅមិនទាន់មានការទម្លាយអំពីព័ត៌មានអ្វីផ្សេងទៀតនោះទេ។ កន្លងមក បានបង្ហាញខ្លួននៅលើ  FCC រួចមកហើយ ស្មាតហ្វូននេះមាន 2 ទំហំគឺ 12GB+256GB និង 12GB+512GB ហើយនឹងមានការតម្លើងមកស្រាប់ជាមួយនឹង HyperOS 2 និង Android 15 ផងដែរ។
Article image
សម្រាប់ស្មាតហ្វូនដែលលក់នៅលើទីផ្សារសកលរបស់ស្មាតហ្វូន Xiaomi 15 នេះ នឹងមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងស្មាតហ្វូនដែលលក់បនៅក្នុងប្រទេសចិនផងដែរ ដោយមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite, ថាមពលថ្ម 5,400mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W wired និង  50W wireless charging។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.36-អ៊ីង LTPO OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1200x2670pixel និងមានការទ្រទ្រង់ជាមួយនឹង dynamic refresh rate ដែលមានកម្រិត 1Hz ទៅកាន់ 120Hz ដែលផ្តល់នូវល្បឿនលឿននៅក្នុងការ scroll និងការលេងហ្គេមផងដែរ។ អេក្រង់នេះក៏ទ្រទ្រង់ទៅលើ  Dolby Vision និង  HDR10+។
Article image
បើមើលទៅលើការថតរូបភាពនោះ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50MP ដូចៗគ្នា ទាំងកាមេរ៉ាគោល, ultra-wide និង 3x telephoto lenses។ គួរបញ្ជាក់ផងដែរថា ការប្រកាសជាសកលទៅលើស្មាតហ្វូនជំនាន់មុននេះគឺប្រហែលជានៅក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ 2025 នេះ។ នៅពេលនេះ ក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុន Xiaomi ក៏ទើបតែ បង្ហាញនូវស្មាតហ្វូន Flagship របស់ខ្លួនដែលមានឈ្មោះហៅថា Redmi K80 និង K80 Pro នៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និង Snapdragon 8 Elite រៀងគ្នា៕