
បន្ទាប់ពីការប្រកាសនៅលើទីផ្សារសកលទៅលើកំពូលស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 និង 15 Ultra នៅក្នុងទីផ្សារសកលរួចហើយនោះ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីមួយទៀតដែលមានឈ្មោះហៅថា Xiaomi 15S Pro ផងដែរ។
គួរបញ្ជាក់ថា កាលពីខែមុននេះ ស្មាតហ្វូនជំនាន់ថ្មីនេះ បានបង្ហាញខ្លួននៅលើស្ថាប័ន IMEI Database ជាមួយនឹងលេខម៉ូដែល 25042PN24C ហើយមានកូដឈ្មោះហៅថា “dijun”។ យោងតាមរូបភាពបែកធ្លាយមួយនៅពេលនេះ បានបញ្ជាក់ថា នេះគឺជាស្មាតហ្វូន Xiaomi 15S Pro។ ការរបែកធ្លាយនេះ គឺបានដកស្រង់ចេញពីការបង្ហោះមួយនៅលើ Weibo ដោយប្រធានផ្នែកកម្មវិធី Software របស់ក្រុមហ៊ុន Xiaomi។
ទាក់ទងនឹងស្មាតហ្វូននេះថ្មី អ្នកទម្លាយ Kartikey Singh ក៏បានបង្ហោះបន្តជាមួយនឹងចំណងជើងថា “Xiaomi 15S Pro.” ផងដែរ។ បើតាមការបញ្ជាក់ចេញពីប្រភពឧស្សាហកម្មជាច្រើន បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15S Pro នេះ អាចនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី 2 នៅក្នុងខែមេសានេះ ហើយអាចនឹងបង្ហាញខ្លួនជាមួយនឹងថេប្លេតដែលមានអេក្រង់ទំហំ 14-អ៊ីង ឈ្មោះថា Xiaomi Pad 7 Max ផងដែរ។ ខណៈពេលដែលព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ នៅមានកម្រិតនោះ ស្មាតហ្វូននេះ អាចនឹងមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xiaomi 15 និង 15 Pro អញ្ចឹង។

ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ អាចនឹងផ្លាស់ប្តូរទៅលើការប្រើប្រាស់នូវបន្ទះឈីប RING SoC ជំនួសអោយបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm។ ហើយសម្រាប់កាមេរ៉ាវិញ ស្មាតហ្វូន Xiaomi 15S Pro នេះ ក៏នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា Leica ផងដែរ ។ បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C កាលពីខែមុននេះនៅក្នុងប្រទេសចិន ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 90W Fast Charging។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ទី ២ ខែមេសាខាងមុខនេះ៕
