
ក្រុមហ៊ុន Xiaomi ត្រូវបានគេទម្លាយថា បាននឹងកំពុងតែធ្វើតេស្តទៅលើសិនស័រកាមេរ៉ាគោលថ្មីរបស់ OmniVision ដែលមានលេខ OV50X សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Series របស់ខ្លួន ដែលគ្រោងនឹងប្រកាសចេញនៅលើទីផ្សារនាចុងឆ្នាំ 2025 នេះហើយ។ សម្រាប់សិនស័រនេះ គឺមានកម្រិត 1-អ៊ីង ប្រើប្រាស់នៅលើកាមេរ៉ាគោល ដែលនឹងជួយអោយស្មាតហ្វូននេះអាចប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារ។ យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Flagship ថ្មីនេះ កំពុងតេស្តទៅលើកាមេរ៉ាសិននស័រគោល OV50X ហើយ។
ទាក់ទងនឹងព័ត៌មាននេះ បើទោះបីអ្នកទម្លាយនេះ នៅមិនទាន់បញ្ជាក់អំពីឈ្មោះផ្លូវការរបស់ស្មាតហ្វូននេះក៏ដោយ ក៏អ្នកលេងអ៊ីនធឺណិតជាច្រើន បានដឹងរួចមកហើយថា សិនស័រកាមេរ៉ាថ្មីនេះ គឺនឹងមានការដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 series។ តាមការបញ្ជាក់ខាងលើនេះ អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 16 Ultra អាចនឹងប្រើប្រាស់កាមេរ៉ាគោល OminiVision OV50X។ អ្នកទម្លាយរូបនេះ បានបន្ថែមថា កាមេរ៉ាថ្មីនេះ មានសិនស័រកម្រិត 1-អ៊ីង មានកាមេរ៉ាទំហំ 50MP គាំទ្រដោយសិនស័រទំហំ 1.6µm និងមានមកជាមួយនូវកម្រិតរូបភាព 10-bit/12-bit/14-bit RGB RAW ហើយថែមទាំងាអាចប្រើប្រាស់នូវបច្ចេកវិទ្យា PureCel Plus-S និង 100% QPD ថែមទៀតផង។

សូមជំរាបថា សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Pura 80 Series ក៏ត្រូវបាន Huawei ដាក់អោយប្រើប្រាស់នូវកាមេរ៉ាគោល OV50X។ ប៉ុន្តែក្រុមហ៊ុន Huawei ក៏បានងាកទៅប្រើប្រាស់នូវកាមេរ៉ា SmartSens lens ផងដែរ។ សម្រាប់សមត្ថភាពសិនស័រកាមេរ៉ា OV50X នេះ គឺមានការទ្រទ្រង់នូវ In-Sensor Zoom ដែលមិនត្រឹមតែអាចថត Macro Shots បានលម្អិត និងពង្រឹងគុណភាពរូបភាព និងវីដេអូ បានយ៉ាងល្អថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏អាចថតវីដេអូកម្រិត Cinematic និងរូបភាពដែលមានគុណភាពខ្ពស់ផងដែរ។

បន្ថែមពីនេះ នៅលើសិនស័រកាមេរ៉ានេះ ក៏មានការបំពាក់នូវ Quad Phase Detection (QPD) ដែលជាបច្ចេកវិទ្យា Auto-focus កម្រិតខ្ពស់ថែមទៀតផង។ សិនស័រនេះ ក៏អាចនឹងបំពាក់នូវមុខងារ LOFIC + superior SNR (Signal-to-Noise Ratio) fusion ដែលផ្តល់នូវបទពិសោធន៍នៃការថតរូបភាពដ៏អស្ចារ្យបំផុត។ នៅពេលនេះ ក្រុមហ៊ុន Xiaomi មិនទាន់បញ្ជាក់ព័ត៌មានលម្អិតបន្ថែមទៅលើស្មាតហ្វូន Flagship ថ្មីនេះទេ ប៉ុន្តែអាចនឹងនាំយកនូវបទពិសោធន៍អស្ចារ្យបំផុតទៅលើការថតរូបភាពទៅកាន់កម្រិតថ្មីមួយទៀតដែលមិនធម្មតានោះទេ៕
