
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថាក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នៅក្នុងទីផ្សារប្រទេសចិន នៅក្នុងខែនេះហើយ។ ស្មាតហ្វូនថ្មីនេះ អាចនឹងក្លាយជាស្មាតហ្វូនថ្មីបន្ថែមមួយទៀតនៃត្រកូលស្មាតហ្វូន Xiaomi 17 Series ដែលមានម៉ូដែល Xiaomi 17 និង 17 Pro ដែលបានបង្ហាញខ្លួនកាលពីខែកញ្ញាកន្លងទៅនេះ។
យោងតាមការបែកធ្លាយថ្មីមួយទៀតចេញពីអ្នកទម្លាយ Smart Pikachu បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ ក៏នឹងបន្តប្រើប្រាស់នូវ Leica lens coating ដើម្បីពង្រឹងទៅលើភាពច្បាស់កាន់តែប្រសើរជាងមុនផងដែរ។ ស្មាតហ្វូន Xiaomi 17 Ultra នេះ នឹងផ្តោតខ្លាំងទៅលើភាពច្បាស់នៃ Optical ហើយវានឹងប្រើប្រាស់នូវ Leica coating ថ្មីដែលត្រូវបានឌីស្សាញឡើងសម្រាប់ពង្រឹងទៅលើការបញ្ចូនពន្លឺអោយបានល្អដើម្បីកាត់បន្ថយទៅលើចំណាំងផ្លាតជាដើម។

ខុសប្លែកពីស្មាតហ្វូនជំនាន់មុន ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Ultra នេះ អាចនឹងបំពាក់នូវកាមេរ៉ាចំនួន 3 គ្រាប់ប៉ុណ្ណោះដែលមានទំហំ 50MP គាំទ្រដោយសិនស័រ 1 អ៊ីងរបស់ OmniVision OV50X និងអមជាមួយនឹង 200MP Periscope Telephoto Lens ហើយនិង 50MP ultra-wide។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 សម្រាប់គ្រប់គ្រងទៅលើការងារស្មុគស្មាញជាច្រើនទៀត។ ស្មាតហ្វូនថ្មីនេះនឹងមានថាមពលថ្មចន្លោះពី 6,000mAh ទៅ 7,000mAh ផងដែរ។ ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ នឹងមានការឌីស្សាញជាមួយនឹងអេក្រង់រាបស្មើជាជាងការប្រើប្រាស់នូវអេក្រង់គែមកោង និងការប្រើប្រាស់នូវ ultrasonic fingerprint សម្រាប់បន្ថែមសុវត្ថិភាពកាន់តែប្រសើរ។

សម្រាប់អ្វីដែលពិសេសទៀតនោះ នៅលើស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ Dual Satellite Communication និងតួខ្លួនរឹងមាំក្នុងការប្រើប្រាស់ផងដែរ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូន Xiaomi 17 Ultra ខាងមុខនេះ ក្រុមហ៊ុនអាចនឹងបង្ហាញស្មាតហ្វូន Band 10 Pro ជាមួយនឹង NAS Storage ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ថែមទៀតផង៕
