ស្វែងរកពួកយើង:

Xiaomi Auto បានឡើងមកឈរក្នុងតារាងក្រុមហ៊ុនរថយន្តលំដាប់កំពូលទាំង 10 របស់ប្រទេសចិន

ដោយ

Koun Jab Luffy

11 កញ្ញា 2025 04:40 ល្ងាច

អាន 2 នាទី

Article image
យោងតាមទិន្ន័យចុងក្រោយរបស់សមាគមន៍ China Passenger Car Association ហៅកាត់ថា CPCA បានបង្ហាញថា ក្រុមហ៊ុន Xiaomi Auto បានធ្វើការនាំចេញរថយន្តបានចំនួន 36,396 គ្រឿងកាលពីខែសីហា កន្លងទៅ។ តួរលេខនេះ បានធ្វើឲ្យការនាំចេញរថយន្តរបស់ Xiaomi មានការកើនឡើងប្រមាណ 19.5% ធៀបពីមួយខែទៅមួយខែ (MoM) និង 177.6% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ (YoY)។
ទោះជាយ៉ាងណា ការនាំចេញសម្រាប់ម៉ូដែល Xiaomi SU7 មានការធ្លាក់ចុះពីចំនួន 24,410 គ្រឿងដែលបាននាំចេញក្នុងខែកក្តដា មកនៅត្រឹមចំនួន 19,848 គ្រឿង កាលពីខែសីហា។ ដោយឡែកសម្រាប់ការនាំចេញម៉ូដែលថ្មី គឺ Xiaomi YU7 គឺមានចំនួន 16,548 គ្រឿងក្នុងខែសីហា កើនឡើងប្រមាណ 173.88% ធៀបនឹងខែកក្តដា ដែលនាំចេញបានចំនួន 6,042 គ្រឿង។
Article image
ហើយការកើនឡើងនៃការនាំចេញម៉ូដែល YU7 ក្នុងខែសីហា បានជម្រុញឲ្យក្រុមហ៊ុន Xiaomi Auto បានឡើងមកឈរនៅក្នុងតារាងកំពូលក្រុមហ៊ុនរថយន្តទាំង 10 (Top-10) របស់ប្រទេសចិន ដោយមានចំនែកទីផ្សារសរុប 3.3%។ បច្ចុប្បន្ន Xiaomi បានផលិត និងចែកចាយរថយន្តចំនួនពីរម៉ូដែលនៅលើទីផ្សារក្នុងនោះមានរថយន្ត Xiaomi SU7 EV-Sedan និង YU7 EV-SUV។
Article image
សូមបញ្ជាក់ថា Xiaomi បានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួនប្រភេទឡាន sedan ម៉ូដែល SU7 កាលពីចុងខែមីនា ឆ្នាំ 2024 និងចាប់ផ្តើមការនាំចេញដំបូងនាដើមខែមេសា ឆ្នាំ 2024។ ជាមួយសន្ទុះក្នុងការនាំចេញកើនឡើងយ៉ាងឆាប់រហ័សដូចនេះ បានធ្វើឲ្យក្រុមហ៊ុន Xiaomi Auto មានលទ្ធភាពឡើងមកឈរនៅលេខរៀងទី 10 ក្នុងតារាងក្រុមហ៊ុនរថយន្តលំដាប់កំពូល (Top 10) របស់ប្រទេសចិន ដោយប្រើពេលតែជាងមួយឆ្នាំប៉ុណ្ណោះ។
Article image
បើគិតចាប់ពីការចេញលក់ផ្លូវការណ៍កាលពីថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 មកដល់ថ្ងៃទី 10 ខែកក្តដា ឆ្នាំ 2025 (រយះពេល 15 ខែ) Xiaomi Auto បានធ្វើការចែកចាយរថយន្តបានចំនួន 300,000 គ្រឿង។ ហើយ Xiaomi ក៏បានដាក់គោលដៅក្នុងការនាំចេញរថយន្តឲ្យបានយ៉ាងហោចណាស់ក៏ 350,000 គ្រឿងដែរ ក្នុងឆ្នាំ 2025 នេះ៕
Xiaomi Auto បានឡើងមកឈរក្នុងតារាងក្រុមហ៊ុនរថយន្តលំដាប់កំពូលទាំង 10 របស់ប្រទេសចិន