
សម្រាប់ផលិតផលថ្មីៗជាច្រើន គឺបានពង្រីកទីផ្សារផ្អែកទៅលើចំនួននៃការពេញនិយមក្នុងការប្រើប្រាស់នៅលើទីផ្សារ។ បើនិយាយអំពីផលិតផលសម្រាប់នារីៗ នៅពេលនេះ គឺមានការបង្កើនចំនួនផងដែរ។ ស្មាតវ៉ច Xiaomi IMILAB W11 ត្រូវបាន upgrade ពីម៉ូឌែល IMILAB KW66 ដែលជាប់ចំណាត់ថ្នាក់លេខ 1 នៅលើ Aliexpress ផងដែរ។ ស្មាតវ៉ចនេះ គឺមានពណ៌ផ្កាឈូកទាំងមុខនាឡិកា និងខ្សែនាឡិការបស់វាផងដែរ។ វាពិតជាស្រស់ស្អាតមែនទែនសម្រាប់ប្រើប្រាស់នៅលើដៃរបស់នារីៗនោះ។
អេក្រង់របស់នាឡិកានេះ គឺមានទំហំតូចជាងមុន ប៉ុន្តែសម្រាប់អេក្រង់ទំហំ 1.09-inch HD គឺមានកម្រិតភាពច្បាស់ដល់ទៅ (240x240 pixels) ហើយនិងមានកញ្ចក់គែមកោង 2.5D ថែមទៀតផង។ តួខ្លួនរបស់នាឡិកានេះ គឺផលិតឡើងពីសារធាតុអាលុយមីញ៉ូម។

ស្មាតវ៉ច IMILAB W11 នេះគឺមាន sensors ក្នុងការថែរក្សាសុខភាពដែលមានដូចជាការតាមដានការវាស់ទៅលើចង្វាក់បេះដូង 24 ម៉ោង ការវាស់ទៅលើកម្រិតអុកស៊ីសែនក្នុងឈាម និងមុខងារ sports modes ចំនួន 9 ទៀត។ បន្ថែមពីនេះ នាឡិកានេះ ក៏មានមុខងារការពារការជ្រាបទឹក IP68 និងការសាកថ្មម្តងទុកចោលបានដល់ទៅ 30 ថ្ងៃថែមទៀតផង៕
