
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដែល នៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះ ដោយក្នុងចំណោមនោះ ក៏នឹងមានវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីប្រភេទ Clamshell ដំបូងគេ របស់ក្រុមហ៊ុននេះផងដែរ។ ថ្មីៗនេះ ស្មាតហ្វូនអេក្រង់បត់បាននេះ ត្រូវបានគេទម្លាយចេញខ្លះៗហើយនាពេលកន្លងមក។ ស្មាតហ្វូននេះត្រូវបានគេមើលឃើញថា បានឆ្លងកាត់ការបង្ហាញវត្តមាននលើបញ្ជី NCC certification site រួចហើយ។ នៅថ្ងៃនេះ ស្មាតហ្វូននេះបានបន្ត បង្ហាញវត្តមាននៅលើបញ្ជី Geekbench ហើយក៏មានការបង្ហាញពីចំណុចសំខាន់ៗមួយចំនួនផងដែរ។
នៅលើបញ្ជីនេះ បានបង្ហាញថា Xiaomi MIX Flip មានលេខម៉ូដែល 2405CPX3DC ហើយនិងមានការបញ្ជាក់ថា ប្រើប្រាស់នូវបន្ទះឈីបដែលមានឈ្មោះថា ruyi មាន 2 Cores រត់នៅលើល្បឿន 2.27GHz ហើយនិង 2 Cores ទៀតរត់នៅលើល្បឿន 2.96GHz ហើយនិង 3 Cores រត់នៅលើល្បឿន 3.15GHz និង 1 គ្រាប់ចុងក្រោយនេះ គឺមានល្បឿន 3.30GHz។ ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានរ៉េមទំហំ 12GB។
សម្រាប់លទ្ធផលនៃការធ្វើតេស្តនៅលើបញ្ជីនេះបានបង្ហាញថា Xiaomi MIX Flip ទទួលបាននូវពិន្ទុ 2,087 និង6,282 ទៅលើការតេស្ត single-core និង multi-core។ ជាមួយគ្នានេះ បើផ្អែកលើបញ្ជី NCC ក៏បានបង្ហាញ ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip នឹងមានការបំពាក់នូវកាមេរ៉ាក្រោយ 2 គ្រាប់នៅលើអេក្រង់ខាងក្រៅ ហើយនិងមានការប្រើប្រាស់នូវថាមពលថ្ម 1,145+3,595mAh ដែលមានការគាំទ្រដោយកម្លាំងសាក 67W fast charging។
គួរបញ្ជាក់ថា កន្លងមក មានពាក្យចចាមអារ៉ាមថា MIX Flip នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 60MP telephoto ដែលគាំទ្រដោយប្រព័ន្ធកាមេរ៉ា Leica សម្រាប់ផលិតរូបភាពផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ white, purple និង black។ មានរបាយការណ៌ថា ស្មាតហ្វូននេះ ក៏នឹងមានទំហំ 16GB+1TB។ មានការរំពឹងថា ក្រុមហ៊ុន Xiaomi នឹងមានការប្រកាសចេញនូវព័ត៌មានមួយចំនួនទៀតនៅសប្តាហ៌ខាងមុខ រហូតដល់ថ្ងៃសម្ពោធជាផ្លូវការ។
