
ក្រោយពីទទួលបាននូវភាពជោគជ័យទៅលើការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Xiaomi Mix Flip រួចមក នៅថ្ងៃនេះ មានលេចលឺដំណឹងថា ក្រុមហ៊ុននេះ បាននឹងកំពុងតែត្រៀមខ្លួនបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនថែមទៀតហើយ។ ស្មាតហ្វូន Mix Flip 2 ថ្មីនេះត្រូវគេរាយការណ៌ថា នឹងមានការឌីស្សាញស្រដៀងគ្នាទៅនឹងជំនាន់មុន ដោយមិនសូវជាមានការផ្លាស់ប្តូរនោះទេ។ សម្រាប់ថ្ងៃនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅមួយចំនួនហើយ។
យោងតាមសេចក្តីរាយការណ៌ថ្មីពីអ្នកទម្លាយនៅលើបណ្តាញ X គឺបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Mix Flip 2 នេះ នឹងមានការបំពាក់នូវថាមពលថ្មទំហំ 5,600mAh ទៅ 5,700mAh ដែលធំជាថាមពលនៅលើស្មាតហ្វូនអេក្រង់បត់ជំនាន់មុន Mix Flip ដែលមានទំហំត្រឹមតែ 4,780mAh ប៉ុណ្ណោះ។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Flip 2 ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលជាងជំនាន់មុនរបស់ខ្លួនដូចគ្នា។ សូមជំរាបថា Mix Flip មានកម្រ៉ាស់ 7.6mm នៅពេលលានអេក្រង់ និងកម្រ៉ាស់ 16mm នៅពេលបត់អេក្រង់ ហើយនិងមានទំងន់ប្រហែល 190g ឬ 192g អាស្រ័យលើម៉ូដែលនីមួយៗ។
