
បន្ទាប់ពីមានការប្រកាសចេញនូវស្មាតហ្វូនជាច្រើន កាលពីដើមឆ្នាំ នៅពេលនេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងបន្តធ្វើការនៅលើស្មាតហ្វូនថ្មីៗជាច្រើនថែមទៀតហើយ។ សម្រាប់ម៉ូដែលថ្មី ដែលនឹងត្រូវបង្ហាញវត្តមានបន្ទាប់នេះ គឺស្មាតហ្វូនអេក្រង់បត់បាន MIX Fold 4 ដែលនេះ គឺជាម៉ូដែលពិសេសមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្វើការសម្រិតសម្រាំង និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត។
មកដល់ពេលនេះ បើទោះបីជាមិនទាន់មានការទម្លាយចេញនូវព័ត៌មានច្រើនក៏ដោយ ក៏ស្មាតហ្វូនអេក្រង់បត់បានថ្មី នេះ ត្រូវបានគេដឹងរួចមកហើយថា គឺជាស្មាតហ្វូន ដែលនឹងមានការឌីស្សាញស្អាត ហើយនិងមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាថ្មីៗជាច្រើនថែមទៀតផង។ ថ្មីៗនេះ ក៏មានការចែកចាយព័ត៌មានថា ស្មាតហ្វូនថ្មីនេះ នឹងមានការដាក់អោយប្រើប្រាស់ននូវបច្ចេកវិទ្យាផ្កាយរណបផងដែរ។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Xiaomi ថ្មីនេះ គឺមានម៉ូដែល MIX Flip 4 និង Fold 4 ហយស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនាពេលឆាប់ៗនេះហើយ។
យោងតាមការទម្លាយជាថ្មីនៅថ្ងៃនេះ បានបញ្ជាក់បន្ថែមថា ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Fold 4 គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដែលជាឈីបជំនាន់ចុងក្រោយ មានអនុភាណខ្លាំងបំផុតនៅក្នុងប្រើប្រាស់។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា មានការយកចិត្តទុកដាក់ជាខ្លាំងនៅក្នុងអភិវឌ្ឍ។ បើតាមការបញ្ជាក់នៅពេលនេះ គឺមានការបង្ហាញ ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Fold 4 ថ្មីនេះ គឺមានការបំពាក់នូវកាមេរ៉ាខ្លាំងបំផុត។

Xiaomi MIX Fold 4 នឹងមានការបំពាក់នូវកាមេរ៉ា 4 គ្រាប់ ជាមួយនិងការអាប់ដែតប្រព័ន្ធកាមេរ៉ាខ្លាំងជាងជំនាន់មុន។ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP Sony IMX800 ដែលគាំទ្រដោយសិនស័រ 1/1.55-អ៊ីងដែលអាចចាប់រូបភាពបានល្អបំផុត។ បន្ថែមពីនេះ នៅលើស្មាតហ្វូន MIX Fold 4 ក៏មានកាមេរ៉ាទំហំ 60MP ដែលជា Telephoto camera គាំទ្រជាមួយការហ៊្សូមបាន 2x optical zoom និងគ្រាប់ទីបីមានទំហំ 13MP ultra-wide ហើយនិងទី 4 មានទំហំ 10MP គាំទ្រដោយមុខងារហ៊្សូម 5x optical zoom។ សម្រាប់កាមេរ៉ាមុខវិញ នៅលើស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានទំហំ 16MP ទាំងនៅលើអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ។
