
ថ្មីៗនេះ មានរបាយការណ៌ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន Redmi K70 Ultra ដែលមានការបំពាក់នូវបន្ទះឈីប Dimensity 9300 Plus នឹងបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសចិនក្នុងខែនេះ។ ហើយនៅថ្ងៃនេះដែរ ក្រុមហ៊ុននេះ ក៏បានចេញមកបញ្ជាក់ជាផ្លូវការថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Mix Fold 4 និង Mix Flip ក៏នឹងមានការប្រកាសចេញនៅក្នុងខែនេះដូចគ្នា។ ដូច្នេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដល់ទៅ 3 ម៉ូដែលនៅក្នុងខែតែមួយ។
បើមើលទៅលើការបង្ហោះរបស់ Xiaomi នៅលើបណ្តាញ Weibo ក្នុងថ្ងៃនេះ គឺមានការបង្ហាញថា រោងចក្រថ្មីរបស់ខ្លួនបានចាប់ផ្តើមធ្វើការផលិតពេញលេញហើយ ដោយក្នុងរោងចក្រនោះ គឺដំណើរការដោយប្រព័ន្ធគ្រឿងយន្តស្វ័យប្រវត្តិទាំងស្រុង 100% តែម្តង។ ហើយរោងច្រកនេះ ក៏ជាកន្លែងដែលធ្វើការផលិតនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 និង Mix Flip ទៀតផង។
បើតាមរបាយការណ៌កន្លងមក បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Xiaomi Mix Fold 4 និង Mix Flip នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ សូមជំរាបថា Mix Flip នឹងក្លាយជាម៉ូដែល flip-style ដំបូងបំផុតរបស់ Xiaomi។ របាយការណ៌ដដែលនេះបន្តថា ស្មាតហ្វូន Xiaomi Mix Flip នឹងមាន 4 ទំហំ រួមមានដូចជា 12GB+256GB, 12GB+512GB, 16GB+512GB និង 16GB+1TB។ ស្មាតហ្វូននេះត្រូវគេរំពឹងថា នឹងមានអេក្រង់ទំហំ 4-អ៊ីង និងមានកាមេរ៉ាទំហំ 50-megapixel (OIS) + 60-Megapixel (2x telephoto)។ ស្មាតហ្វូននេះក៏ត្រូវបានគេរាយការណ៌ថា ក៏នឹងបំពាក់បច្ចេកវិទ្យា 67W rapid charging ផងដែរ។

សម្រាប់ Xiaomi Mix Fold 4 វិញ នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel (OIS) និងគ្រាប់ទីពីរមានទំហំ 12-Megapixel ultrawide ខណៈដែលគ្រាប់ទីបីមានទំហំ 60-megapixel telephoto ហ៊្សូមបាន 2x optical zoom, និងមួយគ្រាប់ទៀតមានទំហំ 10-Megapixel periscope telephoto ហ៊្សូមបាន 5x optical zoom។ ស្មាតហ្វូន Mix Fold 4 នឹងមានថ្មទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក 67W fast charging ហើយនិងមាន wireless charging។
