
Xiaomi ត្រូវបានគេរាយការណ៍ថា នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងបំផុតនៅលើទីផ្សារស្មាតហ្វូនប្រភេទបត់។ បច្ចុប្បន្នស្មាតហ្វូនអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេក្នុងលោក គឺជា Honor Magic V2 ហើយសម្រាប់ជំនាន់បន្ទាប់ គឺ Magic V3 ដែលនឹងបង្ហាញវត្តមាននៅសប្តាហ៍ក្រោយនេះ ត្រូវបានគេរាយការណ៍ថា នឹងមានកម្រាស់ស្តើងជាង Magic V2។
ហើយនៅថ្ងៃនេះក៏មានការទម្លាយចេញរូបរាងផ្នែកខាងក្រោយរបស់ Xiaomi Mix Fold 4 ដែលបង្ហាញថា ស្មាតហ្វូននេះមានការស្រោបដោយស្បែកនៅផ្នែកខាងក្រោយ ប៉ុន្តែ នៅមិនទាន់ច្បាស់ទេថា ស្មាតហ្វូនបត់ជំនាន់ថ្មីនេះប្រើប្រាស់ផ្នែកខាងក្រោយស្បែក ឬក៏កញ្ចក់នោះទេ ឬអាចមានទាំងពីរជម្រើសតែម្តង។ លើរូបភាពបានបង្ហាញទៀត សម្រាប់កាមេរ៉ាក្រោយ គឺមានចំនួន 4 គ្រាប់ដូចគ្នានឹង Mix Fold 3 បច្ចុប្បន្នដែរ គ្រាន់តែមានការឌីស្សាញផ្ទៃកាមេរ៉ាថ្មីខុសគ្នាប៉ុណ្ណោះ។
ប្រភពក៏បានបញ្ជាក់ផងដែរថា Xiaomi Mix Fold 4 គឺនឹងប្រើបន្ទះឈីបកំពូល Snapdragon 8 Gen 4 របស់ Qualcomm ហើយស្មាតហ្វូនបត់អេក្រង់ថ្មីនេះនឹងមានកម្រាស់ស្តើងជាង 10mm នៅពេលបត់។ Xiaomi Mix Fold 4 ក៏នឹងបំពាក់សែនស័រកាមេរ៉ាទំហំ 50MP ជាមួយប្រព័ន្ធការពារទឹកកម្រិត IPX8 និងមានថ្មទំហំ 5,000mAh ឬធំជាងនេះ។

បើតាមព័ត៌មានចចាមអារ៉ាមដែលបានចេញផ្សាយថ្មីៗនេះបានបញ្ជាក់ថា សែនស័រគោលដែលប្រើនៅលើ Mix Fold 4 គឺមានទំហំ 1/1.55" និងមានប្រព័ន្ធ OIS។ សម្រាប់សែនស័រផ្សេងទៀតអាចរួមមាន 2x Telephoto ទំហំ 64MP ខ្នាត 1/2.8" ជាសែនស័រ OmmiVision OV64A, Ultrawide Sensor ទំហំ 12MP និងទំហំ 10MP Periscope Telephoto កម្រិត 5x Optical-zoom។ Mix Fold 4 ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging ផងដែរ។ បើតាមការបញ្ជាក់ពីប្រភពព័ត៌មាន Xiaomi Mix Fold 4 នឹងបង្ហាញវត្តមានស្របពេលជាមួយគ្នានឹង Mix Flip ក្នុងថ្ងៃណាមួយនៃត្រីមាសទីបីឆ្នាំនេះ ឬអាចក្នុងខែកក្តដានេះ៕
