
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានប្រកាសចេញនូវថេប្លេតជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pad 7 ហើយនិងPad 7 Pro នៅលើទីផ្សាររួចហើយ។ ប៉ុន្តែមានសេចក្តីរាយការណ៌ថា ក្រុមហ៊ុនក៏អាចនឹងមានការបង្ហាញនូវវត្តមានរបស់ថេប្លេតទី 3 មួយបន្ថែមទៀតដែលមានឈ្មោះហៅថា Pad 7 Max ផងដែរ។ យោងតាមពាក្យចចាមអារ៉ាមថ្មីមួយ ដែលមានប្រភពចេញពីប្រទេសចិន បានបញ្ជាក់អោយដឹងថា ថេប្លេតស៊េរីថ្មីនេះ នឹងមានអេក្រង់ទំហំ 14 អ៊ីង ហើយនិងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 120W fast wired charging ថែមទៀតផង។
ថេប្លេតថ្មីនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាថេប្លេត Flagship ដែលនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ផងដែរ។ ជាមួយគ្នានេះ នៅខែក្រោយនេះ ថេប្លេតថ្មីនេះ នឹងមានថេប្លេតអេក្រង់ធំចំនួន 2 ទៀត ដែលនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិនដែលមួយម៉ូដែលមានអេក្រង់ទំហំ 13 អ៊ីង LCD និងបន្ទះឈីប Dimensity 9400 SoC ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 66W wired charging។

ប្រភពខាងលើនេះបានបន្តថា ក្រុមហ៊ុន Xiaomi ក៏នឹងមានថេប្លេតមួយទៀតផងដែរ ដោយម៉ូដែលនេះ នឹងមានការបំពាក់នូវបបន្ទះឈីប Snapdragon 8 Elite ហើយនិងមានការគាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង 80W wired charging ព្រមទាំងមានការបំពាក់មកជាមួយនឹងអេក្រង់ទំហំ 13.2 អ៊ីងថែមទៀតផង។ ដូច្នេះសម្រាប់ឆ្នាំនេះ យើងនឹងឃើញនូវថេប្លេត Flagship ជាច្រើនម៉ូដែលទៀត ដែលក្រុមហ៊ុន Xiaomi នឹងបញ្ចេញលក់នៅលើទីផ្សារ៕
