
ឧបករណ៍ Tablet ជំនាន់់ថ្មី Xiaomi Pad 7 Pro នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទន្ទឹមនឹងនេះ ព័ត៌មានទាក់ទងនឹង Tablet ជំនាន់ថ្មីនេះ ក៏មានការបែកធ្លាយព័ត៌មានចចាមអារាមជាហូរជាហែរមិនដាច់ផងដែរ។ ហើយនៅពេលនេះ ក៏មានការទម្លាយចេញនូវគុណសម្បត្តិរបស់ Pad 7 Pro នៅលើបញ្ចីរបស់ស្ថាប័ន IMDA របស់ប្រទេសសិង្ហបុរីផងដែរ ដែលកាន់តែបញ្ជាក់ពីថ្ងៃប្រកាសចេញកាន់តែខិតចូលមកដល់។
ឧបករណ៍ Tablet ជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន IMDA របស់ប្រទេសសិង្ហបុរី ជាមួយលេខកូដសំគាលើម៉ូដែល 24018RPACG ប៉ុន្តែ នៅលើបញ្ចីរបស់ IMDA មិនបានបញ្ជាក់ពីគុណសម្បត្តិ ក៏ដូចជាតម្លៃរបស់ Tablet ជំនាន់ថ្មីនេះនៅលើបញ្ចីរបស់ខ្លួននោះទេ។

ដោយឡែកបើតាមការចុះបញ្ចីរបស់ស្ថាប័ន 3C របស់ប្រទេសចិន បានបញ្ជាក់ថា Xiaomi Pad 7 Pro គឺគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកំលាំង 120W Wired Fast Charging។ Tablet ជំនាន់ថ្មីនេះ ក៏នឹងមានអេក្រង់ទំហំ 10-inch ឬអាចធំជាងនេះ ហើយជាប្រភេទIPS LCD Display ដែលមានល្បឿន 144Hz និងកម្រិតបង្ហាញ 2K ហើយអាចនឹងមានការឌីស្សាញគែមអេក្រង់តូចស្តើងថែមទៀតផង។

សម្រាប់កំលាំងម៉ាស៊ីនវិញ Xiaomi Pad 7 Pro នឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ភ្ជាប់ជាមួយរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 512GB។ ហើយកាលពីដើមខែនេះ បើតាមការបង្ហាញនៅលើ Mi Code បញ្ជាក់ថា Xiaomi Pad 7 Pro គឺមានថ្មទំហំធំបំផុតដល់ទៅ 10,000mAh ឯណោះ។ ទោះជាយ៉ាងណាសម្រាប់គុណសម្បត្តិលម្អិតជាច្រើនទៀតរបស់ Xiaomi Pad 7 Pro យើងនឹងទទួលបានជាបន្តបន្ទាប់ទៀត ទម្រាំដល់ថ្ងៃប្រកាសចេញផ្លូវការណ៍មកដល់់នាពេលឆាប់ៗខាងមុខនេះ៕
