
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា អាចនឹងធ្វើការពង្រីកបន្ថែមនូវចំនួនថេប្លេតថ្មី ២ ម៉ូដែលទៀតនៅលើទីផ្សារដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន។ នៅពេលនេះ ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុននេះ ត្រូវបានប្រទះឃើញបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិនហើយ។ សម្រាប់សមិទ្ធិផលថ្មីៗទាំងនេះ អាចជាផ្នែកមួយនៃវត្តមានថេប្លេត Xiaomi Pad 8 Series ផងដែរ។ ថេប្លេតថ្មីនេះមានលេខកូដ 25091RP04C និង 25097RP43C ហើយអាចនឹងលក់នៅក្នុងប្រទេសចិនឆាប់ៗនេះហើយ។
ខណៈដែលក្រុមហ៊ុន Xiaomi មិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយទេអំពីថេប្លេតថ្មីនេះនោះ នៅលើវិញ្ញាបនបត្រនេះ គឺមានការទម្លាយអំពីបច្ចេកវិទ្យាសាកថ្មលឿនទៅលើថេប្លេតនេះហើយ។ សម្រាប់ថេប្លេតលេខកូដ 25091RP04C ប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 67W fast charging ដូចគ្នាទៅនឹង Pad 7 Pro ខណៈដែលថេប្លេតលេខកូដ 25097RP43C គឺប្រើប្រាស់នូវបច្ចេកវិទ្យា 45W charging ដែលដូចគ្នាទៅនឹងថេប្លេត Xiaomi Pad 7។ ផ្អែកតាមការបែកធ្លាយនេះ មានការកត់សម្គល់ថា ក្រុមហ៊ុន Xiaomi ត្រៀមបង្ហាញនូវថេប្លេត Standard និង Pro version ដូចទៅនឹងឆ្នាំមុននេះផងដែរ។ ថេប្លេតថ្មីនេះអាចនឹងបង្ហាញខ្លួននៅចុងខែកញ្ញានេះ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ថេប្លេត Xiaomi Pad 7 Pro បានបង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 11.2-អ៊ីង កម្រិត 3.2K LCD គាំទ្រជាមួយនឹងល្បឿន 144Hz refresh rate និងដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 ហើយនិងមានឧបាល័រចំនួន 4 គ្រាប់។ រីឯថេប្លេត Pad 7 វិញ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3។ ថបេ្លតទាំងពីរនេះបង្ហាញខ្លួនជាមួយនឹង Xiaomi’s HyperOS ដូចគ្នា។ សូមជំរាបថា នៅក្នុងបញ្ជី 3C ដែលចេញនៅពេលនេះ ក៏មានការបង្ហាញអំពីថេប្លេត Xiaomi Pad 8 series នឹងបង្ហាញខ្លួនឆាប់ៗនេះផងដែរ៕
