ស្វែងរកពួកយើង:

Xiaomi SU7 Ultra បានក្លាយជារថយន្តចិនដំបូងគេដែលមាននៅក្នុងវីដេអូហ្គេម Gran Turismo 7

ដោយ

Koun Jab Luffy

09 មិថុនា 2025 10:42 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្តស៊េរីទំនើបរបស់ខ្លួនម៉ូដែល Xiaomi SU7 Ultra នឹងមានវត្តមានក្នុងពេលឆាប់ៗនេះនៅក្នុងវីដេអូហ្គេមប្រណាំងរថយន្តដ៏ពេញនិយម Gran Turismo 7 នៅលើ Playstation 5។ ដែលនេះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយក្នុងនាមជារថយន្តចិនដំបូងគេដែលមិនធ្លាប់មាននៅក្នុង franchise វីដេអូហ្គេមដ៏ពេញនិយមនេះ។ លើសពីនេះ Xiaomi បានបង្ហាញផែនការសហការជាមួយ Gran Turismo ដើម្បីបង្កើតគំរូរថយន្តសម្រាប់ Xiaomi Vision Gran Turismo ផងដែរ។
វីដេអូហ្គេមប្រណាំងឡាន Gran Turismo បង្កើតឡើងដោយក្រុមហ៊ុន Polyphony Digital និងដឹកនាំដោយផលិតករល្បីឈ្មោះលោក Kazunori Yamauchi ដែលបានបង្ហាញខ្លួនដំបូងនៅឆ្នាំ 1997 ហើយចាប់តាំងពីពេលនោះមកបានក្លាយជាវីដេអូហ្គេមប្រណាំងឡានដ៏មានឥទ្ធិពលបំផុតមួយនៅទូទាំងពិភពលោក។
Article image
សម្រាប់សិទ្ធិផ្តាច់មុខនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយក្រុមហ៊ុនផលិតរថយន្តកំពូលៗរាប់សិបក្រុមហ៊ុនដែលក្នុងនោះរួមមាន Ferrari, Lamborghini, Mercedes-Benz, BMW, Toyota, និង Honda ក៏ដូចជាម៉ាកយីហោគ្រឿងបន្លាស់រថយន្តល្បីៗដូចជា HKS, KW, Nismo និង Yokohama។ បច្ចុប្បន្ននេះ Gran Turismo មានម៉ាករថយន្តជាង 1,000 គ្រឿង និងមានជាង 50 វគ្គ ដែលបានបង្ហាញពីស៊េរីឡានប្រណាំងក្នុងពិភពពិតដូចជា WRC, NASCAR, Super GT និង Le Mans ជាដើម។
Article image
លោក Kazunori Yamauchi មានប្រសាសន៍ថា “ខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមកិច្ចសហការដៃគូថ្មី ជាមួយ Xiaomi។ នៅក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិនកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយការចូលទៅក្នុងវិស័យហ្គេមរបស់ Xiaomi គឺពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ចំពោះគំរូ SU7 Ultra របស់ពួកគេថែមទាំងបានបង្កើតកំណត់ត្រាក្នុងការសាកល្បងកម្រិតខ្ពស់នៅក្នុងតំបន់ Nürburgring lap ទៀតផង។
Article image
ចំនែកលោក Lei Jun ស្ថាបនិក និងជា CEO របស់ Xiaomi បានបង្ហាញសេចក្តីសោមនរីករាយផងដែរ ដោយបានលើកឡើងថា “យើងបានចែករំលែកនូវជំនឿរបស់លោក Yamauchi ក្នុងការកសាងសង្គមឱ្យកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យា។ Xiaomi តែងតែខិតខំធ្វើឱ្យមានការច្នៃប្រឌិតដែលអាចចូលប្រើបានសម្រាប់មនុស្សគ្រប់គ្នា ហើយការដាក់បញ្ចូល SU7 Ultra នៅក្នុងហ្គេម Gran Turismo គឺអនុញ្ញាតឱ្យអ្នកលេងនៅទូទាំងពិភពលោក និងអ្នកចូលចិត្តផ្នែករថយន្តទទួលបានបទពិសោធន៍ពីភាពទាក់ទាញនៃយានយន្តឆ្លាតវៃដែលមានសមត្ថភាពខ្ពស់ពីប្រទេសចិន។
Article image
សូមបញ្ជាក់ថា Xiaomi SU7 Ultra គឺជាកំពូលរថយន្ត Sport Car EV ដែលដំណើរការដោយម៉ូទ័រអគិ្គសនីបីដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Xiaomi ផ្ទាល់។ ដោយក្នុង Dual-V8s មានប្រព័ន្ធរង្វិលកម្រិតខ្ពស់ដល់ 27,200 rpm អាចផលិតម្លាំងបានដល់ 578 សេះ ខណៈ V6s អាចផលិតបានកម្លាំង 392 សេះ ហើយសរុបកម្លាំងទាំងបីម៉ូទ័របញ្ចូលគ្នា គឺ 1,548 សេះ ដែលអាចជាន់សន្ទុះពី 0-100km/h ចាយពេលប្រមាណ 1.98 វិនាទី និងអាចជាន់ល្បឿន Top Speed ដល់ 350km/h។ ម៉ូទ័រទាំងបីរបស់ SU7 Ultra ទទួលថាមពលពីកញ្ចប់ថ្មទំហំ 93.7kWh ជាប្រភេទថ្ម Qilin II battery របស់ CATL គាំទ្រកម្រិតសាកភ្លើងល្បឿនលឿន 5.2C កម្លាំង 987V ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 630km៕