
កំពូលរថយន្តអគ្គិសនី Sedan ម៉ូដែល Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីម្សិលមិញនេះ។ ហើយត្រឹមតែរយះពេល 2 ម៉ោងនៃការចេញលក់ រថយន្ត Supercar មួយនេះលក់បានចំនួនដល់ទៅ 10,000 គ្រឿងបាត់ទៅហើយ។ សម្រាប់តម្លៃរបស់ SU7 Ultra គឺធូរថ្លៃជាងប្រមាណ 35% ធៀបនឹងតម្លៃដែលក្រុមហ៊ុនដាក់ឲ្យបញ្ជាទិញមុន ហើយរថយន្តនេះនឹងធ្វើការនាំចេញទៅកាន់ដៃអតិថិជនដំបូងនឹងចាប់ផ្តើមនៅក្នុងខែមេសា រីឯចំនួនរថយន្តដែលបានផលិតរួចហើយក្នុងចំនួនតិចតួចនឹងនាំចេញទៅកាន់ដៃអតិថិជននៅដើមខែមីនាខាងមុខនេះ។
លោក Lei Jun នាយកប្រតិបត្តិ និងជាស្ថាបនិករបស់ក្រុមហ៊ុន Xiaomi បានមានប្រសាសន៍ថា “បេសកកម្មរបស់យើង គឺធ្វើការផលិតរថយន្តដែលមានភាពប្រណិតៗ និងមានតម្លៃសមរម្យ”។ លោក Jun បានបន្តថា SU7 Ultra ជា "រថយន្តដែលនឹងបំបាក់ទីផ្សាររថយន្តប្រើម៉ាស៊ីនសាំង"។

រថយន្តអគ្គិសនីស៊េរីទំនើបមានរចនាបថបែបរថយន្តស្ព៉រមួយនេះមានកម្លាំងលើសពី 1,500 សេះ និងបានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនកាលពីខែតុលាឆ្នាំមុនក្នុងតម្លៃ 814,900 យាន់ ឬប្រហែល $111,800។ តម្លៃលក់ចាប់ផ្តើមដែលបានប្រកាសនៅថ្ងៃចេញដាក់លក់ផ្លូវការណ៍ គឺខ្ទង់ត្រឹមតែ 285,000 យាន់ ឬប្រហែល 39,000 ដុល្លារប៉ុណ្ណោះ គឺទាបជាងប្រមាណ 529,900 យាន់ ឬប្រហែល 72,800 ដុល្លារ។

Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនប្រកាសទទួលការបញ្ជាទិញជាថ្មីម្តងទៀតកាលពីថ្ងៃទី 27 ខែកុម្ភៈ វេលាម៉ោ 10pm (ម៉ោងក្នុងប្រទេសចិន) ម្សិលមិញនេះ ដោយត្រឹមតែរយះពេល 10 នាទី ក្រុមហ៊ុនទទួលបានការបញ្ជាទិញមុន SU7 Ultra ចំនួន 6,900 គ្រឿង និងឈានដល់ 10,000 គ្រឿង ត្រឹមរយះពេល 2 ម៉ោង។ Xiaomi SU7 Ultra ជារថយន្តអគ្គិសនី Sedan ដែលមានប្រវែងបណ្តោយ 5,115mm/ ទទឹង 1,970mm/ កំពស់ 1,465mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ រថយន្តនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលមានកំលាំងសរុប 1,138kW ឬ 1,526 សេះ ជាមួយកំលាំងរមូល 1,770Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 1.98 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 359km/h។
រថយន្តអគ្គិសនី supercar EV មួយនេះបំពាក់កញ្ចប់ថ្មប្រភេទ Qilin 2.0 ternary NMC battery pack ផលិតដោយក្រុមហ៊ុន CATL ទំហំ 97.7kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 620km និងសាកភ្លើងពី 10% ទៅ 80% ចាយពេលប្រមាណ 11 នាទី។ Xiaomi បានប្រកាសនៅលើ Weibo របស់ខ្លួនថា SU7 Ultra នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) នៅប្រទេសអេស្ប៉ាញក្នុងខែមីនាខាងមុខនេះ។ ដោយ "នៅថ្ងៃទី 3 ខែមីនានៅឯព្រឹត្តការណ៍ MWC 2025 នៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញ ផលិតផលម៉ាក Ultras ចំនួនពីរនឹងបង្ហាញខ្លួននៅនៅលើឆាកតែមួយក្នុងថ្ងៃតែមួយ”។

ថ្មីៗនេះ លោក Lei Jun បានប្រកាសថា ក្រុមហ៊ុនរបស់លោកនឹងចាប់ផ្តើមចេញលក់រថយន្តនៅទូទាំងទីផ្សារអឺរ៉ុបនៅមុខឆ្នាំ 2030។ ទន្ទឹងនឹងនេះ Xiaomi ក៏ត្រៀងខ្លួនក្នុងការប្រកាសចេញរថយន្តម៉ូដែលទីបី និងជារថយន្តទីពីររបស់ខ្លួន គឺជា YU7 SUV ក្នុងខែកក្តដា ឆ្នាំ 2025 ហើយ Xiaomi បានដាក់គោលដៅក្នុងការលក់រថយន្តរបស់ខ្លួនឲ្យបានចំនួន 300,000 គ្រឿងដែរក្នុងឆ្នាំ 2025 ដែលជាចំនួនទ្វេរដងធៀបនឹងឆ្នាំ 2024៕
