
នៅក្នុងព្រឹត្តិការណ៍ 2024 Guangzhou Auto Show ដែលបានប្រារព្ធធ្វើឡើងថ្មីៗនេះ លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi បានធ្វើការប្រកាសថា កំពូលរថយន្តអគ្គិសនី SU7 Ultra របស់ខ្លួនអាចជាន់ល្បឿនលឿនបានបំផុតដល់ទៅ 359.71km/h ដែលជាល្បឿនធ្វើតេស្តលឿនបំផុតនៅ CATARC Yan Cheng Automotive Proving Ground។ លោក Lei បាននិយាយថា "អ្វីដែលកំណត់ល្បឿនអតិបរមារបស់ SU7 Ultra មិនមែនជារថយន្តខ្លួនឯងនោះទេ ប៉ុន្តែជាកតា្តផ្លូវសម្រាប់ការសាកល្បង។"
Xiaomi SU7 Ultra នឹងក្លាយគូប្រជែងដ៏សំខាន់ៗនៅទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសចិននៅឆ្នាំក្រោយ ហើយរថយន្តនេះក៏ត្រូវវិលត្រឡប់ទៅតំបន់ Nürburgring ជាថ្មីម្តងទៀតសម្រាប់ការធ្វើតេស្តសារជាថ្មី។ យ៉ាងណាមិញសម្រាបរថយន្តគំរូ SU7 Ultra បានបញ្ចប់ការធ្វើតេស្តម្តងរួចមកហើយនៅ Nürburgring lap ដោយប្រើរយៈពេល 6 នាទី 46.874 វិនាទី ជាមួយល្បឿនលឿនបំផុតដល់ 324km/h ដោយបានបង្កើតកំណត់ត្រាថ្មីជារថយន្តទ្វារបួនដែលលឿនបំផុតនៅលើតំបន់ដែលមានស្ថានភាពផ្លូវមានឧបសគ្គជាច្រើនរបស់ពិភពលោកមួយនេះ។

Xiaomi SU7 Ultra ជារថយន្តអគ្គិសនី Sedan ដែលមានការរចនារូបរាងឡើងបែបរថយន្តប្រណាំង។ រថយន្តនេះមានប្រវែងបណ្តោយខ្លួន 5,070 mm/ ទទឹង 1,970mm/ កំពស់ 1,465mm និងគម្លាតចន្លោះកង់មុខក្រោយប្រមាណ 3,000mm ហើយនិងមានទម្ងន់ 2,360 គីឡូក្រាម។ SU7 Ultra អាជិះបានគ្នា 5 នាក់រួមទាំងអ្នកបើក។ រថយន្តអគ្គិសនីដំបូងរបស់ Xiaomi ម៉ូដែល SU7 បានបង្ហាញខ្លួននៅលើទីផ្សារបានរយៈពេលប្រមាណជាជាង 230 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែ ការនាំចេញ គឺឈានដល់ចំនួន 10 ម៉ឺនគ្រឿង។

នៅក្នុងឪកាសនេះលោក Lei Jun ក៏បានធ្វើការបង្ហាញចេញនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរថ្មីហៅថា Hyper Autonomous Driving System ឬហៅកាត់ថា HAD ផងដែរ។ សម្រាប់ព័ត៌មានលម្អតទាក់ទងនឹងប្រព័ន្ធមួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញផ្លូវការណ៍នៅខែធ្នូខាងមុខនេះ។ HAD គឺជាប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់មួយដែលផ្តល់ឲ្យនូវប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ដែលធ្វើឲ្យការបើកបរប្រកបដោយភាពរលូន និងជួយកាត់បន្ថយការបង្កើនល្បឿន និងប្រព័ន្ធហ្វ្រាំងបានភ្លាមៗ

Xiaomi បានគូសបញ្ជាក់ថា ប្រព័ន្ធ HAD មានសមត្ថភាពខ្ពស់អាចធ្វើការបើកបរនៅក្នុងបរិយាកាសស្មុគ្រស្មាញដូចជា កន្លែងផ្លូវចង្អៀត ផ្លូវប្រសព្វដែលមានភាពមមាញឹក និងផ្លូវដែលមានឧបសគ្គជាដើម។ ការណែនាំអំពី Vision-Language Model (VLM) ត្រូវបានរចនាឡើងដើម្បីជួយឱ្យប្រព័ន្ធគ្រប់គ្រងស្ថានភាពស្មុគ្រស្មាញបានប្រសើរជាងមុន រួមទាំងផ្ទៃផ្លូវមិនស្មើគ្នា តំបន់ដែលមានការដ្ឋានសាងសង រួមទាំងផ្លូវប្រសព្វមានរាងអក្សរ “T” ផងដែរ៕
