
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាសចេញលក់ជាផ្លូវការណ៍នូវរថយន្កអគ្គិសនីដំបូងរបស់ខ្លួនម៉ូដែល SU7 នៅចុងខែមីនា ហើយការនាំចេញអាចនឹងត្រូវធ្វើឡើងឆាប់ៗបន្ទាប់ពីការប្រកាសដាក់ចេញ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ Xiaomi EV គឺជាក្រុមហ៊ុនផលិតរថយន្តថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដែលមានឥទ្ធិពលរបស់ប្រទេសចិន គឺ Xiaomi។
ដោយរថយន្តអគ្គិសនីដំបូងរបស់ Xiaomi ម៉ូដែល SU7 Series ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសបង្ហាញចេញផ្លូវការណ៍កាលពីប៉ុន្មានខែមុននេះនៅក្នុងប្រទេសចិន ហើយក៏បាននាំយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹតិ្តការណ៍ MWC2024 នៅក្នុងទីក្រុងប៉ែកឡាំង ប្រទេសអេស្ប៉ាញ កាលពីចុងខែមុននេះ និងជាលើកទីមួយសម្រាប់ការបង្ហាញវត្តមានរបស់ SU7 នៅលើទីផ្សារសកល។

បើតាមប្រភពព័ត៌មានដែលបានចេញផ្សាយដោយបណ្តាញ Lanjinger របស់ប្រទេសចិន បាននិយាយថា Xiaomi ទំនងជានឹងធ្វើការប្រកាសចេញដាក់លក់ផ្លូវការណ៍សម្រាប់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន SU7 នៅចុងខែមីនា នេះ ហើយការនាំចេញអាចនឹងត្រូវធ្វើឡើងឆាប់ៗបន្ទាប់ពីថ្ងៃប្រកាសចេញរួចមក។
ក្រុមហ៊ុន Xiaomi បានប្រែក្លាយពីក្រុមហ៊ុនផលិតស្មាតហ្វូនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដោយបានប្រកាសពីការហក់ចូលប្រឡូកក្នុងវិស័យមួយនេះកាលពីអំឡុងថ្ងៃទី 30 ខែមីនា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 សមត្ថិផលរថយន្តអគ្គិសនីដំបូងរបស់ Xiaomi បានប្រសូត្ររូបរាងឡើងដោយប្រើឈ្មោះផ្លូវការណ៍ថា Xiaomi SU7។

បើតាមប្រភពព័ត៌មានពី CNBC បានបញ្ជាក់ថា Xiaomi SU7 នឹងធ្វើការប្រកាសចេញលក់ជាផ្លូវការណ៍នៅថ្ងៃទី 26 ខែមីនា ខាងមុខនេះ។ សម្រាប់តម្លៃជាក់លាក់របស់ Xiaomi SU7 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ផ្លូវការណ៍នៅឡើយទេ ដូច្នេះ មានតែរងចាំដល់ថ្ងៃប្រកាសចេញលក់មកដល់តែប៉ុណ្ណោះ នោះយើងនឹងបានដឹងពីតម្លៃពិតប្រាកដនៃរថយន្តអគ្គិសនី Sedan EV ដំបូងរបស់ Xiaomi៕
