
Xiaomi YU7 ដែលជារថយន្តម៉ូដែលទីពីរ និងជារថយន្ត SUV ដំបូងរបស់ Xiaomi ត្រូវបានគេប្រទះឃើញធ្វើការតេស្តសាកល្បងផ្លូវការណ៍នៅលើដងវិថីស្ថិតក្នុងតំបន់ព្រៃភ្នំមួយកន្លែងក្នុងប្រទេសចិន ដោយពុំមានបិតបាំងផ្នែកណាមួយនោះឡើយ។ រូបភាពដែលបានបង្ហាញនេះ គឺជាការបង្ហាញពីផ្នែកចំហៀងពេញតំបូងរបស់ Xiaomi YU7 ហើយបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិការ Xiaomi លោក Lei Jun បានបញ្ជាក់ផ្លូវការណ៍ថា រថយន្ត SUV ដំបូងរបស់ខ្លួន គឺមានឈ្មោះថា Xiaomi Y-U-7។
ទៅលើការឌីស្សាញរូបរាងរបស់ Y-U-7 គឺមានភាពស្រដៀងគ្នាច្រើនទៅនឹងរថយន្តម៉ូដែល Ferrari Purosangue ប៉ុន្តែ រក្សាអត្តសញ្ញាណនៃការឌីស្សាញផ្នែកខាងមុខ និងខាងក្រោយដូចគ្នានឹង Xiaomi SU7 ដែលជារថយន្ត Sedan របស់ខ្លួនដែរ។ តាមប្រភពព័ត៌មានបញ្ជាក់ថា Xiaomi Y-U-7 គឺជារថយន្ត medium-size SUV ដែលមានប្រវែងបណ្តោយ 4,999mm/ ទទឹង 1,996mm/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,000mm។ រថយន្តស៊េរីថ្មីនេះ គឺមានទំងន់ប្រមាណ 2,405kg និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ Dual-motor AWD នេះបើតាមការបញ្ជាក់ពីការចុះបញ្ចីរបស់ស្ថាប័ន MIIT។

នៅលើបញ្ចីរបស់ MIIT បានបង្ហាញថា សម្រាប់ម៉ូទ័រអេឡិចត្រូនិចខាងមុខរបស់ Y-U-7 គឺមានកំលាំង 220kW និងម៉ូទ័រខាងក្រោយមានកំលាំង 288kW ដែលសរុបកំលាំងបញ្ចូលគ្នា គឺ 508kW ឬប្រហែល 681 សេះ (hp) ដែលអាចជាន់ល្បឿនលឿនបំផុត (top speed) បានដល់ 253km/h។ ទន្ទឹមនឹងនេះ បើតតាមលេចលឺដំណឹងល្ហៀងៗ បាននិយាយថា Xiaomi ក៏នឹងផ្តល់ជូននូវជម្រើស Y-U-7 ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ដើម្បីផ្តល់ជូនតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ធ្វើការជ្រើសរើសផងដែរ។

ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា សម្រាប់ Xiaomi Y-U-7 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (Dual-motors) នឹងប្រើប្រាស់កញ្ចប់ថ្មប្រភេទ NMC ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។ Xiaomi Y-U-7 ត្រូវបានគេដឹងថា នឹងចេញលក់ផ្លូវការណ៍នៅរវាងខែមិថុនា ឬខែកក្តដា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $43,000 ឡើងទៅ៕
