ស្វែងរកពួកយើង:

Xiaomi YU7 ត្រៀមខ្លួនប្រជែងជាមួយ Tesla Model Y នៅពាក់កណ្តាលឆ្នាំ 2025 ខាងមុខ

ដោយ

Koun Jab Luffy

13 កុម្ភៈ 2025 07:38 ព្រឹក

អាន 2 នាទី

Article image
ដូចដែលយើងបានដឹងរួចហើយថា Xiaomi ពិតជាទទួលបានជោគជ័យខ្លាំងមែនទែននៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយនឹងវត្តមានរថយន្តដំបូងរបស់ខ្លួនម៉ូដែល SU7 ដែលជារថយន្ត Sedan។ ជាមួយនឹងភាពជោគជ័យនេះ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ចិនមួយនេះ ក៏បានត្រៀមខ្លួនក្នុងការបញ្ចេញរថយន្តម៉ូដែលទីពីរជាប្រភេទរថយន្ត Crossover-SUV ដែលមានឈ្មោះថា YU7 បន្ថែមទៀតក្នុងឆ្នាំនេះ។
ហើយអ្វីដែលជាទឹកតាំងថ្មីសម្រាប់រថយន្ត SUV ស៊េរីថ្មីរបស់ Xiaomi គឺវាត្រូវបានគេប្រទះឃើញបង្ហាញវត្តមាននៅលើដងវីថីសម្រាប់ការធ្វើតេស្តសាកល្បងនៅក្នុងតំបន់ Guangxi ក្នុងប្រទេសចិន។ រថយន្តអគ្គិសនី SUV ដំបូងរបស់ Xiaomi ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍ក្នុងខែមីថុនា ឆ្នាំ 2025 ហើយរថយន្ត YU7 នឹងក្លាយជាគូប្រជែងទីផ្សារជាមួយនឹង Tesla Model Y។ Xiaomi YU7 SUV នឹងមានតម្លៃចាប់ពីខ្ទង់ $34,200 ឡើងទៅនៅទីផ្សារប្រទេសចិន។ YU7 គឺជារថយន្ត SUV EV ដែលមានបណ្តោយ 4,999mm/ ទទឹង 1,996 mm/ កំពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។
Article image
រថយន្ត YU7 គឺមានការរចនារូបរាងខាងក្រៅស្រដៀងគ្នានឹងរថយន្តម៉ាក Ferrari Purosangue ប៉ុន្តែ រក្សាការរចនាផ្នែកចង្កៀងមុខ និងខាងក្រោយប្រហាក់ប្រហែលគ្នានឹង SU7 Sedan របស់ក្រុមហ៊ុនដែរ។ YU7 គឺនឹងមានបំពាកនូវប្រព័ន្ធសែនស័រ LiDAR សម្រាប់ដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរដែលរួមបញ្ចូលនូវប្រព័ន្ធ advanced driver-assistance systems (ADAS) ជាដើម។
Article image
Xiaomi YU7 នឹងផ្តល់ជូននូវជម្រើសប្រើម៉ូទ័រអគ្គិសនីមួយ Single motor ឬ RWD និងម៉ូទ័រអគ្គិសនីពីរ Dual-motor ឬ AWD។ ដោយម៉ូដែលប្រើម៉ូទ័រពីរ គឺមានម៉ូទ័រខាងមុខអាចផលិតកំលាំងបាន 220kW និងម៉ូទ័រខាងក្រោយអាចផលិតកំលាំងបាន 228kW សរុបកំលាំងបញ្ចូលគ្នាអាចផលិតបាន 508kW ឬ 691 សេះ និងអាចជាន់ល្បឿន Top Speed បានដល់ 253km/h។
Article image
ម៉ូដែល YU7 AWD នឹងប្រើកញ្ចប់អាគុយអគ្គិសនីប្រភេទ CATL ternary lithium battery ដែលសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 760km តាមការបញ្ជាក់ពី CLTC។ ចំនែកម៉ូដែល YU7 RWD នឹងបំពាក់ម៉ូទ័រអគ្គិសនីខាងក្រោយដែលមានកំលាំង 235kW និងកញ្ចប់ថ្ម LFP Battery ហើយម៉ូដែលនេះអាចជាន់ល្បឿន Top Speed បានដល់ 240km/h។ ជាមួយគុណភាពផលិត អនុភាពកំលាំង បំពាក់បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ ច្បាស់ណាស់នឹងធ្វើឲ្យ Xiaomi YU7 អាចធ្វើការប្រគូតប្រជែងទីផ្សារជាមួយនឹងរថយន្តអគ្គិសនី SUV ដូចជា Tesla Model Y, Zeekr 7X និង Avatr 07៕