ថ្មីៗនេះស្ថាប័នចុះបញ្ចីរថយន្តថ្មីក្នុងប្រទេសចិនហៅកាត់ថា MIIT បានធ្វើការបង្ហាញពីការចុះបញ្ចីរថយន្តអគ្គិសនីថ្មីមួយរបស់ Xiaomi ម៉ូឌែល YU7 GT។ GT គឺសំដៅទៅលើរថយន្តដែលមានប្រព័ន្ធដំណើរការខ្លាំងក្លាបំផុតដូចរថយន្តប្រណាំងអីចឹង ហើយ YU7 GT ថ្មីនេះ គឺជាម៉ូដែលឡានអគ្គិសនីដ៏មានអនុភាពបំផុតទីពីររបស់ Xiaomi បន្ទាប់ពីម៉ូដែល Xiaomi SU7 Ultra ដែលជារថយន្ត EV-Sedan។

Xiaomi YU7 GT មានការឌីស្សាញរូបរាងបែបរថយន្ត Coupe-SUV ហើយនៅលើដំបូងបង្ហាញឲ្យឃើញថាមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR និងនៅលើដៃទ្វារជាប្រភេទទ្វារលាក់ hidden-door handle ជាមួយកញ្ចប់ក្តោបធម្មតា។ នៅលើបញ្ចីរបស់ MIIT បញ្ជាក់ថា YU7 GT គឺមានបំពាក់កញ្ចប់ថ្មមានទំងន់ប្រមាណជា 666kg ទំហំ 101.7kWh ដែលការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយប្រហែល 650km ឬ 705km។

Xiaomi YU7 GT ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ All-wheel-drive system ដែលមានម៉ូទ័រអគ្គិសនីពីរ។ ក្នុងនោះម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន 288kW ខណៈម៉ូដែលខាងក្រោយអាចផលិតកម្លាំងបាន 450kW សរុបកម្លាំងម៉ូទ័រទាំងពីរចូលគ្នាអាចផលិតកម្លាំង 738kW ឬ 990hp។ ដែលអនុភាពកម្លាំងរបស់ YU7 GT គឺខ្លាំងជាងឡានប្រភេទ Supercar របស់អ៊ីតាលីម៉ូដែលមួយចំនួនទៀតផង។ ចំនែកការរត់ល្បឿន Top Speed របស់ Xiaomi YU7 GT វិញ ត្រូវបានគេដឹងថា អាចជាន់បានដល់ 300km/h។

Xiaomi YU7 GT គឺជាប្រភេទឡាន Large-size SUV របស់ Xiaomi ដោយឡាននេះ គឺមានតួរខ្លួនប្រវែង 5,015mm/ទទឹង 2,007mm/ កំពស់ 1,597mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ ឡានអគ្គិសនីស៊េរីថ្មីនេះ ប្រើប្រាស់ឌីសទំហំធំពណ៌ក្រហមនៅកង់ក្រោយ ដើម្បីផ្តល់នូវសុវត្ថិភាពខ្ពស់នៅពេលជាន់ល្បឿន។

Xiaomi ដែលបានវិវត្តន៍ខ្លួនពីក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន និងគ្រឿងបរិក្ខាអេឡិចត្រូនិច មកជាក្រុមហ៊ុនផលិតរថយន្តដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានភាពជោគជ័យខ្លាំង ពេលនេះក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកូតប្រជែងក្នុងឧស្សាហកម្មរថយន្តជាមួយក្រុមហ៊ុនចាស់វស្សាម៉ាកល្បីៗនៅលើពិភពលោក។ YU7 GT ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមានផ្លូវការណ៍ក្នុងកម្មវិធី Beijing Auto Show 2026 ដែលរៀបចំធ្វើឡើងនៅខែក្រោយនេះ ហើយព័ត៌មានលម្អិតអំពីឡានអគ្គិសនីស៊េរីថ្មីនេះក៏អាចនឹងបង្ហាញនៅថ្ងៃនោះផងដែរ៕
