ស្វែងរកពួកយើង:

Xiaomi YU7 Max ពណ៌ស្វាយថ្មី Crystal Purple បានបង្ហាញខ្លួនក្នុងកម្មវិធី Guangzhou Auto Show 2025

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 07:38 ព្រឹក

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តប្រចាំឆ្នាំ 2025 Guangzhou Auto Show ក្រុមហ៊ុន Xiaomi បានបង្ហាញចេញឡាន SUV ម៉ូដែល YU7 Max របស់ខ្លួនដែលមានពណ៌ស្វាយថ្មីហៅថា “Crystal Purple” ដដើម្បីបំពេញតាមការសន្យាពីមុនរបស់ខ្លួនក្នុងការដាក់ឱ្យដំណើរនូវការសេវាកម្មលាបពណ៌រថយន្តតាមតម្រូវការអតិថិជនស្រឡាញ់ពេញចិត្ត។
កម្មវិធីនេះមានគោលបំណងផ្តល់ជូននូវពណ៌ពិសេសចំនួន 100 ពណ៌ក្នុងរយៈពេលបីឆ្នាំ ដែលការផាតពណ៌ ឬបាញ់ពណ៌ពិសេសនេះ គឺមានតម្លៃចាប់ពី 11,000 យន់ ឬប្រែល $1,540 ។ សម្រាប់ពណ៌ Crystal Purple ថ្មីនេះ ត្រូវបានប្រើប្រាស់ថ្នាំលាបលំដាប់ខ្ពស់ និងបច្ចេកទេសទំនើបៗ ហើយអ្នកទិញអាចជ្រើសរើសកង់យ៉ាន់ស្ព័រតាមតម្រូវការ កាលីបឺហ្វ្រាំង Brembo ពណ៌ផ្សេងៗ និស្លាកសញ្ញា Xiaomi ផ្តាច់មុខដែលមានពណ៌ដូចជា ទឹកមាស 24K, សេរ៉ាមិចខ្មៅ/ស ឬជាតិសរសៃកាបូនពណ៌មាសជាដើម។
ក្រៅតែពីផ្តល់ជូនជម្រើសពណ៌តាមការស្រឡាញ់ពេញចិត្តរបស់អតិថិជនរហូតដល់ 100 ពណ៌ Xiaomi YU7 Max ក៏ផ្តល់ជូនជាមួយជម្រើសម៉ូដែលប្រើម៉ូទ័រមួយ ឬ 2WD និងម៉ូទ័រពីរ ឬ 4WD ផងដែរ។ ហើយទាំងពីរជម្រើសម៉ូដែល គឺគាំទ្រប្រព័ន្ធសាកភ្លើងកម្លាំង 800 V silicon-carbide high-voltage architecture ដូចគ្នា។ YU7 Max ម៉ូដែល 2WD ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយកម្លាំង 235kW និងកម្លាំងរមួល 528Nm ជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេល 5.88 វិនាទី និងមានកញ្ចប់អាគុយប្រភេទ Lithium-Iron Phosphate ទំហំ 96.3kWh សាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 835km តាមស្តង់ដារ CLTC។
Article image
ចំនែកម៉ូដែលប្រើម៉ូទ័រពីរ ឬ YU7 Max 4WD វិញមានកម្លាំងសរុប 365kW និងកម្លាំងរមួល 690Nm អាចជាន់ស្ទុះល្បឿនពី 0-100km/h ប្រើពេល 4.27 វិនាទី សម្រាប់ជម្រើសកញ្ចប់អាគុយទំហំ 96.3kWh LFP ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 770km។ ដោយឡែកសម្រាប់ជម្រើសប្រើកញ្ចប់អាគុយទំហំ 101.7kWh ប្រភេទ ternary-lithium ផ្តល់ថាមពលទៅលើកាន់ម៉ូទ័រដែលមានកម្លាំង 508kW និងកម្លាំងរមួល 866Nm អាចជាន់ស្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 3.23 វិនាទី ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 760km។
Article image
ម៉ូដែល 4WD មានបំពាក់នូវប្រព័ន្ធ dual-chamber air suspension ដែលអាចលើកប៉ូមបាន 5 កម្រិត ឬប្រហែល 222mm ធៀបពីផ្ទៃដីមកបាតរថយន្ត ហើយម៉ូដែលនេះ ក៏គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 5.2C ដែលសាកចូលពី 10% ទៅ 80% ចាយពេលខ្ទង់ 12 នាទី ឬសាកតែ 15 នាទីអាចបើកបានចម្ងាយដល់ 620km។ ក្រៅតែពីការផាត់ពណ៌ថ្មីទៅ Xiaomi ក៏បានធ្វើបច្ចុប្បន្នទៅលើប្រព័ន្ធជំនួយការបើកបរ driver-assist system, និង HAD Enhanced របស់ខ្លួនផងដែរ ដើម្បីឲ្យការបើកបរ YU7 Max កាន់តែមានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់ជាងមុន។ ហើយការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺដាក់ឲ្យដំណើរការតាមរយះការធ្វើបច្ចុប្បន្នភាពតាមរយះ OTA របស់ប្រតិបត្តិការ Xiaomi HyperOS 1.11។
Article image
បើតាមរបាយការណ៍ពីសមាគមន៍ដឹកអ្នកដំណើររបស់ប្រទេសចិន ឬ China Passenger Car Association (CPCA) បានឲ្យដឹងថា Xiaomi បានលក់រថយន្តសរុបបានចំនួន 48,654 គ្រឿង ក្នុងខែតុលា ឆ្នាំ 2025 ហើយក្នុងនោះមានចំនួន 33,662 គ្រឿង គឺជាម៉ូដែល YU7 Series។ ហើយគិតចាប់ពីថ្ងៃនាំចេញកាលពីខែកក្តដា មកទល់នឹងខែតុលា ឆ្នាំ 2025 ម៉ូដែល Xiaomi YU7 Series មានការនាំចេញចំនួន 70,000 គ្រឿងហើយ។ CPCA បានឲ្យដឹងថា ការលក់រថយន្តថ្មីនៅក្នុងទីផ្សារប្រទេសចិនក្នុងខែតុលា កន្លងទៅ គឺមានចំនួនសរុប 2.24 លានគ្រឿង ហើយ Xiaomi គឺជាក្រុមហ៊ុននាំមុខគេក្នុងលក់រថយន្តថាមពលថ្មី (NEV) ប្រចាំខែ ដែល YU7 បានជាប់ចំណាត់ថ្នាក់ឡានអគ្គិសនី pure electric mid-size SUV ដែលមានតម្រូវការទីផ្សារខ្ពស់ជាងម៉ូដែលណាៗទាំងអស់៕