ស្វែងរកពួកយើង:

Xiaomi YU7 SUV នឹងមានជម្រើស Dual-Motor AWD កំលាំងពីរផ្សេងគ្នា រួមជាមួយម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយផងដែរ

ដោយ

Koun Jab Luffy

21 កុម្ភៈ 2025 07:45 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញរថយន្តអគ្គិសនីប្រភេទ SUV ដំបូងរបស់ខ្លួនម៉ូដែល YU7 និងជាម៉ូដែលទីពីរបន្ទាប់ពីរថយន្ត Sedan ម៉ូដែល Xiaomi SU7 ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ បើតាមប្រភពព័ត៌មាន ចចាមអារាមកន្លងមកបាននិយាយថា Xiaomi YU7 នឹងមានជម្រើសប្រើប្រព័ន្ធម៉ូទ័រពីរកំលាំងផ្សេងគ្នា នៅពេលប្រកាសចេញលក់ផ្លូវការណ៍នៅលើទីផ្សារ ដែលរំពឹងថា នៅឆមាសទីមួយក្នុងឆ្នាំនេះ។
ថ្មីៗនេះបើតាមវិញ្ញាណបនបត្របញ្ជាក់ពីស្ថាប័នពាក់ព័ន្ធក្នុងប្រទេសចិនបានបង្ហាញពីប្រព័ន្ធម៉ូទ័រមួយដែលប្រើនៅលើ Xiaomi YU7។ បើតាមការបញ្ជាក់នៅលើវិញ្ញាណបនបត្របង្ហាញ ប្រព័ន្ធ dual-motor AWD របស់ YU7 គឺប្រើម៉ូទ័រខាងមុខកំលាំង 220kW ឬ 295 សេះ និងម៉ូទ័រខាងក្រោមកំលាំង 288kW ឬ 386 សេះ។
ដោយឡែកនៅថ្ងៃនេះ ស្ថាប័នដដែលនេះ ក៏បានបង្ហាញនូវប្រព័ន្ធ dual-motor AWD ថ្មីផ្សេងទៀតដែលនឹងប្រើនៅលើ Xiaomi YU7 ដោយប្រព័ន្ធម៉ូទ័រថ្មីនេះ គឺមានម៉ូទ័រខាងមុខមានកំលាំង 130kW ឬ 174 សេះ និងម៉ូទ័រខាងក្រោយមានកំលាំង 235kW ឬ 315 សេះ។ ហើយប្រព័ន្ធម៉ូទ័រដែលនឹងប្រើនៅលើ Xiaomi YU7 ត្រូវបានគេដឹងថា ផ្គត់ផ្គង់ដោយក្រុមហ៊ុន Inovance Automotive and United Automotive Electronic Systems។
Article image
Xiaomi YU7 Series ក៏នឹងប្រើប្រាស់កញ្ចប់ថ្មប្រភេទ LFP Battery ដែលផលិតដោយ FinDream ដែលក្រុមហ៊ុនផលិតថ្មជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD។ Xiaomi YU7 Series មានទំងន់សរុប 2,425kg ហើយអាចជាន់ល្បឿនលឿនកប់ដល់ 240km/h។ ក្រៅពីជម្រើសប្រើប្រព័ន្ធម៉ូទ័រ Dual-motor AWD ចំនួនពីរហើយ Xiaomi YU7 ក៏នឹងផ្តល់ជូនជម្រើសម៉ូដែលប្រើម៉ូទ័រមួយផ្សេងទៀតផងដែរ ដោយបំពាក់នៅផ្នែកខាងក្រោយមានកំលាំង 315 សេះ។ YU7 គឺជារថយន្តអគ្គិសនីម៉ូដែលទីពីរបន្ទាប់ពី SU7 ដែលជារថយន្តអគ្គិសនី sedan ដែលមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើទីផ្សារបច្ចុប្បន្ន ដោយក្រុមហ៊ុនបានធ្វើការនាំចេញម៉ូដែល sedan នេះ បានចំនួនដល់ 150,000 គ្រឿងកាលពីឆ្នាំមុន ហើយក្រុមហ៊ុនបានដាក់គោលដៅក្នុងការនាំចេញ SU7 ចំនួន 300,000 គ្រឿងក្នុងឆ្នាំ 2025 នេះ៕