ស្វែងរកពួកយើង:

Xiaomi YU7 រថយន្តអគ្គិសនី SUV ជំនាន់ថ្មី នឹងមានការបង្ហាញវត្តមាននៅខែកក្កដា ជាមួយកម្លាំង 680 សេះ

ដោយ

Koun Jab Luffy

10 ធ្នូ 2024 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា រថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Xiaomi ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រដាក់លក់សម្រាប់ទីផ្សារប្រទេសចិនហើយ ដែលនេះ គឺរថយន្តទីពីរហើយរបស់ក្រុមហ៊ុននេះ គ្រោងនឹងប្រកាសចេញនៅលើទីផ្សារចិន។ ជាមួយនិងព័ត៌មានថ្មីនេះ គេក៏បានឃើញនូវរូបភាពរបស់រថយន្តនេះ រួមទាំងងការបញ្ជាក់ពីលក្ខណៈសម្បតិ្តមួយចំនួននៅលើរថយន្តនេះផងដែរ។ រថយន្តថ្មីនេះ មានឈ្មោះថា Xiaomi YU7។
បើតាមប្រភពខាងលើនេះ បានបញ្ជាក់ថា សង្វាក់ផលិតកម្មទៅលើរថយន្ត Xiaomi YU7 នឹងធ្វើឡើងនៅក្នុងរោងចក្រ Yizhuang របស់ក្រុមហ៊ុននេះដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងតែម្តង។ រថយន្តថ្មីនេះ គឺមានការបញ្ជាក់ទទួលស្គាល់ពី (MIIT) ក្រសួងឧស្សាហ៍កម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនហើយ។ សូមជំរាបផងដែរថា គ្រប់រថយន្តទាំងអស់ដែលនឹងមានលក់នៅលើទីផ្សារប្រទេសចិន គឺត្រូវតែឆ្លងកាត់ការបញ្ជាក់ពីស្ថាប័ននេះជាមុនសិនទើបអាចដំណើរការផលិតបាន។
Article image
Xiaomi YU7 គឺជារថយន្តអគ្គិសនី SUV ដំបូងរបស់ក្រុមហ៊ុននេះ ដែលមានការឌីស្សាញជាមួយនិងប្រវែង 4,999mm និងទទឹង 1,996mm ហើយនិងមានកំពស់ 1,600mm ខណៈដែលគម្លាតកង់មុខក្រោយ គឺមានប្រវែង 3,000mm។ រថយន្តនេះមានទម្ងន់ 2,405kg។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៌ក្រុមហ៊ុននេះ គឺបានអោយដឹងថា រថយន្តអគ្គិសនី SUV ស៊េរីថ្មី Xiaomi YU7 គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីភ្លោះ ដោយម៉ូទ័រខាងមុខមានថាមពលកម្លាំង 220kW និងខាងក្រោយមានកម្លាំងថាមពល 288kW។ សរុបចូលគ្នា គឺមានកម្លាំង 508kW ស្មើរនឹង 681 សេះ។ រថយន្តនេះរត់បានល្បឿន 253km/h។ ប្រភពខាងលើនេះបន្តថា រថយន្តនេះប្រើប្រាស់កញ្ចប់អាគុយ lithium NMC battery របស់ CATL ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីទំហំនោះទេ។
Article image
គួរបញ្ជាក់ផងដែរថា Xiaomi បានប្រកាសចេញនូវរថយន្តអគ្គិសនី Xiaomi SU7 របស់ខ្លួនជាលើកដំបូងនៅថ្ងៃ 28 ខែមីនា ហើយនឹងមានការដាក់លក់ជាមួយតម្លៃចាប់ពី 215,900 យ៉ន់ ដែលស្មើរនឹង 29,700 ដុល្លារ ហើយគិតត្រឹមពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុននេះ បាននាំចេញរថយន្តរបស់ខ្លួនបានជាង 100,000 គ្រឿងហើយ។ បើតាមការបញ្ជាក់ពី Xiaomi បានអោយដឹងថា ខ្លួនមានគោលដៅនាំចេញអោយបាន 130,000 គ្រឿង នៅត្រឹមដំណាច់ឆ្នាំ 2024 នេះ។
Article image
ជាមួយនិងការប្រកាសចេញនូវរថយន្ត SUV ស៊េរីថ្មី YU7 នេះ Xiaomi មានគម្រោងនឹងបង្ហាញចេញជាផ្លូវការណ៌ នៅខែកក្កដាឆ្នាំ 2025 ខាងមុខនេះ។ បើតាមការព្យាករណ៌របស់ CarNewsChina បានអោយដឹងថា រថយន្តនេះ អាចនឹងមានតម្លៃចន្លោះពី 250,000 យ៉ន់ ទៅ 350,000 យ៉ន់ ស្មើរនិង 34000 ដុល្លារ ទៅ 48000 ដុល្លារ។
Xiaomi YU7 រថយន្តអគ្គិសនី SUV ជំនាន់ថ្មី នឹងមានការបង្ហាញវត្តមាននៅខែកក្កដា ជាមួយកម្លាំង 680 សេះ