ស្វែងរកពួកយើង:

Xiaomi ច្រានចោលព័ត៌មានថា ការអភិវឌ្ឍ SU7 Ultra Supercar មានការជួយជ្រោមជ្រែងពីក្រុមការងារ Prodrive

ដោយ

Koun Jab Luffy

09 សីហា 2024 12:19 ថ្ងៃត្រង់

អាន 3 នាទី

Article image
Xiaomi បានបង្ហាញសាច់ដុំក្នុងការចូលប្រឡូកនៅក្នុងទីផ្សាររថយន្តប្រភេទ Super Sport Car ជាមួយការដាក់បង្ហាញនូវគំរូនៃការឌីស្សាញរថយន្ត SU7 Ultra របស់ខ្លួនជាផ្លូវការណ៍កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញតាមរយះនៃការបង្ហាញនូវគំរូរថយន្ត Super Sport Car ដំបូងនេះ Xiaomi ត្រូវបានគេសង្ស័យថា ការអភិវឌ្ឍន៍នៃការឌីស្សាញ និងការផលិត គឺមានការជួយជ្រំជ្រែងពីក្រុមការងារក្រុមហ៊ុនផ្សេង។ ដោយប្រភពព័ត៌មានមួយចំនួនបាននិយាយថា Xiaomi SU7 Ultra គឺមានការចូលរួមក្នុងដំណើរការអភិវឌ្ឍដោយក្រុមការងារក្រុមហ៊ុន Prodrive។
ទាក់ទងនឹងបញ្ហានេះ  ក្នុងពេលនេះ Xiaomi បានចេញមកច្រានចោលព័ត៌មានចចាមអារ៉ាមនេះហើយ។ ដោយក្រុមហ៊ុនបញ្ជាក់ច្បាស់ថា ការអភិវឌ្ឍន៍ផលិត ការឌីស្សាញ និងផ្នែកបច្ចេកទេសផ្សេងៗដែលត្រូវប្រើនៅលើរថយន្តស៊េរីថ្មី SU7 Ultra គឺត្រូវបានធ្វើឡើងដោយក្រុមការងារវិស្វករផលិតរថយន្តរបស់ក្រុមហ៊ុនខ្លួនផ្ទាល់។ ដោយ SU7 Ultra ត្រូវបានប្រើប្រាស់នូវទម្រង់ស្តង់ដារផលិត SU7 Electric architecture របស់ Xiaomi ដោយប្រើនូវក្រុមវិស្វករជំនាញៗដែលមានបទពិសោធន៍ខ្ពស់របស់ក្រុមហ៊ុនខ្លួន។
Article image
សម្រាប់ផ្នែកវិស្វកម្មនៃប្រព័ន្ធគ្រោងតួរនៃរថយន្ត SU7 Ultra ត្រូវបានផលិតឡើងដោយសមាសធាតុគុណភាពកម្រិតខ្ពស់បំផុត ultra-high-strength steel ដែលមានកម្រិតដល់ទៅ 2,000 MPa ដែលធានាបាននូវសុវត្ថិភាពក្នុងការបើកបរ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈ។ បន្ថែមពីនេះវាក៏មានការដាក់នូវប្រព័ន្ធ  FIA-spec roll ភ្ជាប់ជាមួយនឹងតួរគ្រោងរបស់រថយន្តថែមទៀតផង។
Article image
ទាក់ទិនផ្នែកបច្ចេកទេសវិស្វកម្មវិញ Xiaomi បានបញ្ជាក់ថា SU7 Ultra ត្រូវបានអភិវឌ្ឍន៍ឡើងជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្ម CTB (Cell-to-body) Battery Technology ដែលបានសហការផលិតដោយក្រុមហ៊ុន CATL ដោយបច្ចេកវិទ្យាថ្ម CTB នេះ ត្រូវបានធ្វើការភ្ជាប់ជាមួយនឹងតួររថយន្តដោយផ្ទាល់តែម្តង ហើយមានកម្រាស់ស្តើងប្រមាណ 17mm ខណៈដែលប្រសិទ្ធិភាពនៃបច្ចេកវិទ្យាថ្មនេះ គឺដំណើរការល្អប្រសើរដល់ទៅ 77.8%។
ជាមួយទំហំថាមពលថ្មដល់ 150kWh គឺផ្តល់នូវអនុភាពនៃកំលាំងរបស់ SU7 Ultra ឡើងដល់ 1,330kW ដែលអនុញ្ញាតឱ្យ SU7 Ultra ផ្តល់ថាមពលជាប់លាប់ សូម្បីតែនៅកម្រិតសាកថ្មទាប។ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាម៉ូទ័រអគ្គិសនីដ៏មានអនុភាពពី Xiaomi ផ្ទាល់ នឹងផ្តល់នូវថាមពលកំលាំងដ៏អស្ចារ្យទៅឲ្យ SU7 Ultra។
បើតាមការបញ្ជាក់ពី Xiaomi កន្លងមកបានឲ្យដឹងថា SU7 Ultra Supercar គឺបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដោយក្នុងនោះមានពីរម៉ូទ័រជាជំនាន់ទីពីរប្រភេទ V8s motor និងមួយផ្សេងទៀតជាប្រភេទ V6s motor ដែលសរុបកំលាំងម៉ូទ័រទាំងបីចូលគ្នា គឺផ្តល់នូវអនុភាពកំលាំងឲ្យ SU7 Ultra ដល់ 1,138kW ឬស្មើរនឹង 1,526 សេះ។
សម្រាប់ប្រព័ន្ធម៉ូទ័រ V8s ដែលបង្ហាញនៅលើ SU7 Ultra គឺមានល្បឿននៃរង្វិលជុំដល់ 27,200rpm និងកំលាំងថាមពលដល់ 425kW ឬ 570 សេះ ជាមួយប្រសិទ្ធិភាពខ្ពស់ដល់ 98.11%។ ប្រព័ន្ធម៉ូទ័រទាំងបីដែលបំពាក់នូវលើ SU7 Ultra គឺអាចធ្វើឲ្យរថយន្ត Supercar នេះ ជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 1.97 វិនាទី និងដល់ 200km/h ប្រើពេលខ្ទង់ 5.96 វិនាទី ជាមួយល្បឿន Top-speed អាចជាន់បានដល់ 350km/h។
Article image
ទោះជាយ៉ាងណា មិនទាន់ដឹងកាលបរិច្ឆេទនៃការបង្ហាញវត្តមានផ្លូវការណ៍នៃរថយន្តអគ្គិសនី Supercar របស់ Xiaomi រួមនឹងតម្លៃរបស់វានៅឡើយទេ។ ដោយឡែកបើតាមប្រភពព័ត៌មានចចាមអារាមបាននិយាយថា Xiaomi ត្រៀមបញ្ចេញលក់រថយន្តអគ្គិសនីម៉ូដែលបន្ទាប់ស្ថិតក្នុងគ្រួសារ SU7 Series របស់ខ្លួន គឺម៉ូដែល SU7 Plus នៅឆ្នាំក្រោយនេះ (2025)។ ហើយសម្រាប់ SU7 Ultra អាចនឹងធ្វើការផលិតក្នុងចំនួនមានកំណត់ ឬក៏ជាម៉ូដែលដែលបង្ហាញពីអនុភាពនៃបច្ចេកវិទ្យារថយន្តរបស់ Xiaomi នៅក្នុងវិស័យរថយន្តអគ្គិសនីកំពូលដែលជាប្រភេទ Super Car Sport ប៉ុណ្ណោះ៕
Xiaomi ច្រានចោលព័ត៌មានថា ការអភិវឌ្ឍ SU7 Ultra Supercar មានការជួយជ្រោមជ្រែងពីក្រុមការងារ Prodrive