ស្វែងរកពួកយើង:

Xiaomi ត្រូវគេរាយការណ៌ថា អាចនឹងប្រកាសចេញនូវ បន្ទះឈីបខ្នាត 3nm របស់ខ្លួននៅឆ្នាំ 2025

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2024 01:25 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ផលិតបន្ទះឈីបផ្ទាល់ខ្លួនដើម្បីប្រើនៅលើស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន។ បច្ចុប្បន្ននេះ Qualcomm  និង MediaTek គឺជាក្រុមហ៊ុនដែលកំពុងឈានមុខគេក្នុងទីផ្សារបន្ទះឈីបស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិច ប៉ុន្តែ នៅឆ្នាំក្រោយនេះក្រុមហ៊ុនទាំងអាចនឹងមានដៃគូប្រជែងថ្មីមួយទៀត នៅគឺ Xiaomi។
កំពូលឈីបស្មាតហ្វូន Android ជំនាន់ថ្មីបច្ចុប្បន្ន គឺមានដូចជា Qualcomm Snapdragon 8 Elit និង MediaTek Dimensity 9300 ដែលត្រូវបានផលិតតាមស្តង់ដារខ្នាត 3nm។ ហើយ Xiaomi ក៏ជាក្រុមហ៊ុនដែលត្រៀមប្រើកំពូលឈីបទាំងពីរនេះនៅលើឧបករណ៍ជំនាន់ថ្មីរបស់ខ្លួនដែលត្រូវចេញលក់នៅឆ្នាំក្រោយនេះផងដែរ។ ប៉ុន្តែខណៈពេលនេះ Xiaomi នឹងមានការប្រើប្រាស់បន្ទះឈីបដែលអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់ដែលផលិតឡើងតាមខ្នាតស្តង់ដារ 3nm សម្រាប់ប្រើនៅលើអនាគតផលិតផលស្មាតហ្វូន និងឧបករណ៍ជំនាន់ថ្មីៗរបស់ខ្លួន។
យោងទៅលើការចេញផ្សាយដោយបណ្តាញ  WCCFTech ដែលបានដកស្រង់ការផ្សាយចេញពីកាសែត DigiTimes បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោករបស់ប្រទេសចិនមួយនេះ គ្រោងធ្វើការប្រកាសចេញបន្ទះឈីបជំនាន់ថ្មីផ្ទាល់ខ្លួននៅក្នុងឆ្នាំ 2025 គ្រាន់តែមិនទាន់បញ្ជាក់ពេលវេលាច្បាស់លាស់ ថាក្នុងត្រីមាសមួយណាក្នុងឆ្នាំ 2025។
ជាមួយសការផលិតតាមខ្នាតស្តង់ដារ 3nm ដែលជាស្តង់ដារបន្ទះឈីបកម្រិតខ្ពស់សម្រាប់ឧបករណ៍ថ្នាក់ខ្ពស់ ដូចនេះត្រូវបានគេជឿជាក់ថា បន្ទះឈីប 3nm របស់ Xiaomi ទំនងជានឹងត្រូវបានប្រើសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មដែលចេញនៅចុងឆ្នាំក្រោយ គឺ Xiaomi 16 Series ដោយបច្ចុប្បន្នជំនាន់ Xiaomi 15 ត្រូវបានប្រើនៅបន្ទះឈីប Snapdragon 8 Elite ខ្នាត 3nm របស់ Qualcomm។
គួរកត់សម្គាល់ថាព័ត៌មាននេះ បានកើតមានឡើងរយះមួយខែបន្ទាប់ពីរបាយការណ៍ចុងក្រោយដែលទាក់ទងនឹងបន្ទះឈីបរបស់ Xiaomi។ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះត្រូវបានគេរាយការណ៍ថា ទទួលបានជោគជ័យនូវគំរូបន្ទះឈីបខ្នាត 3nm ដំបូងរបស់ខ្លួន ដែលផ្អែកលើប្រព័ន្ធដំណើរការកម្រិតខ្ពស់របស់ក្រុមហ៊ុន TSMC។
Article image
ក្រុមហ៊ុន Xiaomi ក៏ជាផ្ទាំងស៊ីបមួយដែលស្ថិតនៅក្នុងការដាក់បញ្ចូលនៅក្នុងបញ្ចីហាមឃាត់ពាណិជ្ជកម្មជាមួយក្រុមហ៊ុនអាមេរិក ដូចជា Huawei និង ZTE ផងដែរ។ ដូចនេះការអភិវឌ្ឍន៍ផលិតបន្ទះឈីបផ្ទាល់ខ្លួន គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Xiaomi នៅមុនពេលនៃការដាក់ចូលបញ្ចីហាមឃាត់ក្នុងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនសហរដ្ឋអាមេរិក។
បច្ចុប្បន្ន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ប្រទេសចិនត្រូវបានហាមឃាត់ និងកាត់ផ្តាច់ស្ទើរតែទាំងស្រុងពីសង្វាក់ផ្គត់ផ្គង់ការប្រើប្រាស់បន្ទះឈីបពីក្រុមហ៊ុន TSMC និងការប្រើប្រាស់ប្រតិបត្តិការណ៍ Android ពីក្រុមហ៊ុន Google។ ប៉ុន្តែ បច្ចុប្បន្ន Huawei បានចាប់ផ្តើមធ្វើការប្រើប្រាស់បន្ទះឈីបកម្រិតខ្ពស់ និងប្រតិបត្តិការដែលអភិវឌ្ឍន៍បង្កើតឡើងដោយខ្លួនឯងផ្ទាល់នៅលើស្មាតហ្វូន និងឧបករណ៍ជំនាន់ថ្មីៗចុងក្រោយរបស់ខ្លួន៕
Xiaomi ត្រូវគេរាយការណ៌ថា អាចនឹងប្រកាសចេញនូវ បន្ទះឈីបខ្នាត 3nm របស់ខ្លួននៅឆ្នាំ 2025