ស្វែងរកពួកយើង:

Xiaomi នាំចេញឡានអគ្គិសនីបានជាង 40 ម៉ឺនគ្រឿងក្នុងឆ្នាំ 2025 បន្ទាប់ពីការប្រកាសបានត្រឹមរយះតែ 1 ឆ្នាំ

ដោយ

Koun Jab Luffy

02 មករា 2026 11:36 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតឡានអគ្គិសនីវ័យក្មេងជាងគេរបស់ប្រទេសចិន Xiaomi Auto ទទួលបានភាពជោគជ័យខ្លាំងនៅក្នុងឧស្សាហកម្មឡានអគ្គិសនី។ បន្ទាប់ពីដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី 2025 ចូល 2026 ភ្លាម Xiaomi បានប្រកាសពីភាពជោគជ័យក្នុងផលិត ការលក់ និងការនាំចេញឡានអគ្គិសនីរបស់ខ្លួន។ ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានសក្តានុពលមួយនឹងបានប្រកាសថា ខ្លួនបានធ្វើការនាំចេញឡានអគ្គិសនីខែចុងក្រោយនៃឆ្នាំ 2025 បានច្រើនជាង 50,000 គ្រឿង ដែលធ្វើឲ្យចំនួននៃការនាំចេញសរុបពេញមួយឆ្នាំ 2025 បានចំនួនលើសពី 400,000 គ្រឿង។
គួររំលឹកផងដែរថា Xiaomi ឬ Xiaomi Auto បានធ្វើការប្រកាសចេញលក់ឡានអគ្គិសនីម៉ូដែលដំបូង គឺ Xiaomi SU7 Series ដែលប្រភេទឡាន sedan កាលពីថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 នៅក្នុងទីក្រុងប៉េកាំង ហើយការនាំចេញដំបូងត្រូវបានធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ 2025។ យ៉ាងណាមិញ Xiaomi មិនបានបញ្ចេញទិន្នន័យនៃការនាំចេញឡានអគ្គិសនីសរុបរបស់ខ្លួនប្រចាំឆ្នាំ 2025 នោះ ដោយក្រុមហ៊ុនបានត្រឹមតែបញ្ជាក់ពីចំនួននៃការនាំចេញប្រចាំខែធ្នូ ឆ្នាំ 2025 បានជាង 50,000 គ្រឿងតែប៉ុណ្ណោះ។
Article image
ទោះយ៉ាងណាបើតាមទិន្នន័យរបាយការណ៍ពី China EV DataTracker បានបង្ហាញថា ការនាំចេញឡានអគ្គិសនីរបស់ Xiaomi នៅប្រទេសចិនគិតចាប់ពីខែមករា ដល់ខែវិច្ឆិកា មានចំនួន 361,625 គ្រឿង ដែលធ្វើឲ្យចំនួននៃការនាំចេញសរុបរបស់ Xiaomi Auto បានចំនួនលើសពី 400,000 គ្រឿងក្នុងឆ្នាំ 2025។
ក្នុងខែវិច្ឆិកា ឆ្នាំ 2025, Xiaomi បាននាំចេញឡានអគ្គិសនីនៅទីផ្សារប្រទេសចិនសរុបបានចំនួន 46,249 កើនឡើងប្រមាណ 99.7% ធៀបពេលដូចគ្នាក្នុងឆ្នាំ 2024។ ដោយក្នុងចំនួននេះ ការនាំចេញម៉ូដែល YU7 SUV Series មានចំនួន 33,729 គ្រឿង និង SU7 Sedan Series មានចំនួន 12,520 គ្រឿង។
YU7 ជាប្រភេទឡានអគ្គិសនី SUV ម៉ូដែលដំបូង និងជាម៉ូដែលទីពីររបស់ Xiaomi ដែលបានប្រកាសចេញផ្លូវការណ៍នៅខែកក្តដា ឆ្នាំ 2025 ហើយវាក៏ជាគូប្រជែងទីផ្សារជាមួយ Tesla Model Y នៅក្នុងប្រទេសចិនផងដែរ។ លោក Lei Jun នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Xiaomi បានប្រកាសថា YU7 បានឈានដល់ដំណាក់កាលចែកចាយចំនួន 150,000 គ្រឿងក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពីការចេញលក់។
ទន្ទឹមនឹងភាពជោគជ័យនៅក្នុងឧស្សាហកម្មយានយន្តដំណើរការដោយថាមពលថ្មី ថ្មីៗនេះ មានរបាយការណ៍ថា Xiaomi គ្រោងនឹងបញ្ចេញឡានអគ្គិសនីថ្មីចំនួនពីរម៉ូដែលបន្ថែមទៀតក្នុងឆ្នាំ 2026 រួមនឹងម៉ូដែល SU7 ជំនាន់ថ្មីចំនួពីរម៉ូដែលទៀតផងដែរ។ តាមប្រភពបានបញ្ជាក់ថា សម្រាប់ឡានអគ្គីសនីថ្មីពីរម៉ូដែលរបស់ Xiaomi នឹងជាប្រភេទ EREV ដែលមួយម៉ូដែលជាប្រភេទ 7-កៅអី និងមួយទៀតជាប្រភេទ 5-កៅអី។
Article image
ហើយសម្រាប់ម៉ូដែល SU7 ថ្មីពីរម៉ូដែលទៀត គឺជាម៉ូដែល Facelift 2026 ដែលក្នុងនោះនឹងមានម៉ូដែល Premium executive version ផងដែរ។ បច្ចុប្បន្ន Xiaomi លក់ឡានអគ្គិសនីរបស់ខ្លួនតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ប៉ុន្តែក្រុមហ៊ុននេះក៏មានគម្រោងពង្រីកទីផ្សារទៅកាន់ទ្វីបអឺរ៉ុបនៅឆ្នាំ 2017 ខណៈដែលលោក Lu Weibing ប្រធានក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើតេស្ត និងធ្វើផ្ទៀងផ្ទាត់រថយន្តរបស់ខ្លួនសម្រាប់ស្តង់ដារទីផ្សារសហភាពអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់៕
Xiaomi នាំចេញឡានអគ្គិសនីបានជាង 40 ម៉ឺនគ្រឿងក្នុងឆ្នាំ 2025 បន្ទាប់ពីការប្រកាសបានត្រឹមរយះតែ 1 ឆ្នាំ