
នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសចេញនូវភាពជាដៃគូរជាមួយនិងក្រុមហ៊ុន MediaTek បើកនូវមន្ទីពិសោធន៍នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ នៅក្នុងមន្ទីពិសោធន៍ថ្មីនេះ គឺនឹងមានការសិក្សាស្រាវជ្រាវទៅលើផ្នែកធំៗចំនួន 5 និងមាន 3 តំបន់ផ្សេងគ្នា រួមមានដូចជា Performance, Communication និង AI។ បន្ថែមពីនេះ ដៃគូរទាំងពីរក៏នឹងមានការនាំនូវភាពច្នៃប្រឌិតសម្រាប់ស្មាតហ្វូនរបស់ខ្លូនផងដែរ។ សម្រាប់ម៉ូដែលដំបូង ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យារួមគ្នានេះ គឺជាស្មាតហ្វូន Redmi K70 Extreme Edition ឬ Redmi K70 Ultra។
ក្រុមហ៊ុន Xiaomi ក៏បានបញ្ជាក់ដែរថា រយៈពេល 3 ឆ្នាំមកនេះ ខ្លួនបានធ្វើការនាំចេញនូវស្មាតហ្វូន Redmi ដែលដំណើរការនៅលើបន្ទះឈីប Dimensity flagship 18.6 លានគ្រឿង ខណៈដែលចំនួនសរុបនៃការនាំចេញស្មាតហ្វូនដែលប្រើប្រាសៈបន្ទះឈីប MediaTek នេះ គឺមានរហូតដល់ទៅ 680 លានគ្រឿង ។ សូមជំរាបថា ថ្មីៗនេះ ក៏មានសេចក្តីរាយការណ៌ថា Redmi K70 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek ដែលមានឈ្មោះថា Dimensity 9300 Plus។

ផ្អែកតាមរបាយការណ៌មុននេះ ក៏មានការបង្ហាញថា វត្តមានរបស់ស្មាតហ្វូន Redmi K70 Ultra នេះ នឹងក្លាយជាម៉ូដែលថ្មីមួយ ប្រជែងជាមួយនិងស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ចំនួន 3 រួមមានដូចជា OnePlus Ace 3, Realme GT 6 និង iQOO Neo 9S Pro+។ គួរបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ OnePlus គឺបានបង្ហាញវត្តមានៅលើទីផ្សាររួចហើយ ប៉ុន្តែសម្រាប់ 2 ម៉ូដែលទៀត Realme និង iQOO នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 9 កក្កដា និងថ្ងៃទី 11 កក្កដាខាងមុខ។
