ស្វែងរកពួកយើង:

Xiaomi នឹងធ្វើការនាំចេញឡានអគ្គិសនីស៊េរីថ្មី YU7 ឲ្យបាន 10 ម៉ឺនគ្រឿងក្នុងឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

25 ឧសភា 2025 12:34 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន Xiaomi ទើបតែបានប្រកាសចេញផ្លូវការណ៍រថយន្តម៉ូដែលទីពីរ និងជាឡានអគ្គិសនី SUV ដំបូងរបស់ខ្លួន គឺ YU7 ថ្មីៗនេះ ហើយនឹងត្រៀមចេញលក់ និងនាំចេញផ្លូវការណ៍ទៅកាន់ដៃអតិថិជននៅដើមខែកក្តដា ឆ្នាំ 2025 នេះបើតាមការអះអាងពីលោក Wang Bin មានពីធានាគារ Deutsche Bank។ ជាមួយគ្នានេះ លោក Wang Bin បានព្យាករណ៍ថា Xiaomi អាចនឹងធ្វើការចែកចាយឡានអគ្គិសនី YU7 បានចំនួន 100,000 គ្រឿងសម្រាប់រយះពេញមួយឆ្នាំ 2025។ ស្របពេលជាមួយគ្នានេះ Deutsche Bank ក៏បានព្យាករណ៍ផងដែរថា Xiaomi ក៏នឹងនាំចេញម៉ូដែល SU7 បានចំនួនជាង 380,000 គ្រឿងផងដែរនៅមុនដំណាច់ឆ្នាំ 2025 នេះ។
យ៉ាងណាមិញសម្រាប់ទិន្នន័យព្យាករណ៍ការលក់ និងការនាំចេញសម្រាប់រថយន្ត Xiaomi SU7 មានការផ្លាស់ប្តូរតួរលេខជាបន្តបន្ទាប់ ដោយកាលពីខែមីនា ឆ្នាំ 2025 ស្ថាបនិក និងជា CEO របស់ Xiaomi បានប្រកាសថា ក្រុមហ៊ុនលោកនឹងធ្វើការនាំចេញ SU7 ឲ្យបានចំនួន 350,000 គ្រឿងក្នុងឆ្នាំ 2025 ដែលដើមឡើយក្រុមហ៊ុនគ្រោងនាំចេញតែចំនួន 300,000 គ្រឿងប៉ុណ្ណោះចេញពីរោងចក្ររបស់ខ្លួននៅទីក្រុងប៉េកាំងក្នុងដំណាក់កាលទីពីរ។
Article image
សម្រាប់ឡានអគ្គិសនីម៉ូដែលថ្មីទីពីរ YU7 គឺជាដៃគូប្រជែងទីផ្សារជាមួយនឹង Tesla Model Y នៅក្នុងប្រទេសចិន។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានជម្រើសបី Option គឺ YU7, YU7 Pro និង YU7 Max ដូចនឹងម៉ូដែល SU7 Sedan ដែរ ហើយនិងមានតម្លៃចាប់ពីខ្ទង់ $27,600 ឡើងទៅនៅទីផ្សារប្រទេសចិន។
Article image
YU7 គឺជាឡានអគ្គិសនីស្ថិតក្នុងស្រឡាយ mid-to-large electric SUV ដែលផលិតឡើងដោយប្រើស្ថាបត្យកម្មគ្រោងឆ្អឹង Modena platform។ ឡានអគ្គិសនីស៊េរីថ្មីនេះមានបណ្តោយប្រវែង 4,999mm /ទទឹង 1996mm/ កំពស់ 1608mm និងមានគម្លាតកង់មុខក្រោយប្រវែង 3,000mm។ Xiaomi YU7 មានជម្រើសពណ៌ខាងក្រៅ 9 ពណ៌ដែលមានដូចជា ពណ៌បៃតង, ពណ៌ទឹកក្រូច និងពណ៌ metallic titanium finishes ជាដើម។ YU7 មានទម្ងន់ចាប់ពី 2,140kg និង 2,460kg ផ្អែកតាមជម្រើស Option របស់វា។ ទៅលើទំហំយ៉ាន់កង់វិញ គឺមានពីទំហំ គឺ 19 អ៊ីង និងទំហំ 20 អ៊ីង។
Article image
សម្រាប់ Xiaomi YU7 ម៉ូដែលស្តង់ដារបានបំពាក់នូវម៉ូទ័រអគ្គិសនីមួយ (RWD) មានកម្លាំង 316 សេះ និងកម្លាំងរមូល 528Nm អាចបង្កើនសន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 5.9 វិនាទី និងអាចជាន់ល្បឿនកប់បានដល់ 240km/h។ ម៉ូដែលនេះ បំពាក់កញ្ចប់អាគុយទំហំ 96.3kWh ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 835km។ ចំនែកម៉ូដែល YU7 Pro បំពាក់ម៉ូទ័រអគ្គិសនីពីរ (AWD) មានកម្លាំងសរុប 489 សេះ និងកម្លាំងរមូល 690Nm អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.3 វិនាទី និងអាចជាន់ល្បឿនកប់ដល់ 240km/h ហើយនិងបំពាក់កញ្ចប់អាគុយទំហំ 96.3kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 760km។
ចំនែកម៉ូដែល YU7 Max វិញ ដំណើរការនៅលើម៉ូទ័រអគ្គិសនីពីរ (AWD) មានកម្លាំងសរុប 681 សេះ និងកម្លាំងរមូល 866Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.2 វិនាទី និងជាន់ល្បឿនកប់បានដល់ 253km/h។ ម៉ូដែល Max បំពាក់កញ្ចប់អាគុយទំហំ 101.7kWh ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 770km។ ឡានអគ្គិសនី SUV ថ្មីរបស់ Xiaomi គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនកំលាំង 800Voltage ដែលសាកបញ្ចូលភ្លើងពី 10% ទៅ 80% ចាយពេលខ្ទង់ 12 នាទីប៉ុណ្ណោះ និងសាកតែ 15 នាទីអាចជិះបានចម្ងាយដល់ 620km៕
Xiaomi នឹងធ្វើការនាំចេញឡានអគ្គិសនីស៊េរីថ្មី YU7 ឲ្យបាន 10 ម៉ឺនគ្រឿងក្នុងឆ្នាំ 2025 នេះ