ស្វែងរកពួកយើង:

Xiaomi បញ្ចេញជម្រើសពណ៌ក្រហមថ្មី RED Limited-Edition ទៅលើ SU7 អបអរខួប 15 ឆ្នាំរបស់ខ្លួន

ដោយ

Koun Jab Luffy

02 មករា 2025 04:22 ល្ងាច

អាន 3 នាទី

Article image
បច្ចុប្បន្នទីផ្សាររថយន្តអគ្គិសនីប្រភេទ Sedan ដំបូងរបស់ Xiaomi ម៉ូដែល SU7 កំពុងដំណើរការល្អយ៉ាងរលូនបំផុត។ ដោយគិតចាប់ពីការប្រកាសចេញលក់កាលពីចុងខែមិនា រហូតជិតដំណាច់ឆ្នាំ 2024 នេះ ការនាំចេញរបស់ SU7 Series គឺមានចំនួនច្រើនជាង 130,000 គ្រឿង។ ហើយនៅពេលនេះ Xiaomi SU7 ក៏ទទួលបានពណ៌ថ្មីពិសេសមួយបន្ថែមទៀត ឬហៅថា Special RED Color Edition ដែលក្រុមហ៊ុនត្រៀមចេញលក់នៅថ្ងៃទី 01 ខែមករា ឆ្នាំ 2025 ស្អែកនេះ។
Xiaomi បានធ្វើការប្រកាសថ្ងៃនេះថា សម្រាប់ពណ៌ថ្មីដែលជាពណ៌ក្រហមសម្រាប់ SU7 ឬអាចហៅបានថា Limited-Edition Color ត្រូវបានផលិតឡើងសម្រាប់គម្រប់ខួប 15 ឆ្នាំ របស់ក្រុមហ៊ុន Xiaomi។ ហើយបើតាមសេចក្តីប្រកាសនៅលើគណនី Weibo របស់ Xiaomi បានបញ្ជាក់ថា សម្រាប់ SU7 RED Limited-Edition  នឹងចាប់ផ្តើមដាក់លក់នៅលើ Xiaomi EV App នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2025 វេលាម៉ោង 00:00 (ម៉ោងនៅទីក្រុងប៉េកាំង)។ ទោះជាយ៉ាងណា Xiaomi មិនបានបង្ហាញពីផ្នែកខាងក្នុងរបស់ SU7 ពណ៌ក្រហមថ្មីនេះនោះទេ។ SU7 បានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2023 នៅពេលដែលស្ថាបនិក និងជាប្រធាន និងនាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun បានធ្វើការណែនាំលក្ខណៈបច្ចេកទេសស្នូលរបស់រថយន្តអគ្គិសនីដំបូងរបស់ខ្លួន ហើយលោកបាននិយាយថា ក្រុមហ៊ុន Xiaomi EV មានគោលបំណងក្លាយជាក្រុមហ៊ុនរថយន្តលំដាប់កំពូលទាំងប្រាំនៅលើពិភពលោកក្នុងរយៈពេល 20 ឆ្នាំខាងមុខទៀត។
Article image
ហើយនៅថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 រថយន្តអគ្គិសនីដំបូង Xiaomi SU7 ត្រូវបានដាក់លក់ជាផ្លូវការ ដោយមានជម្រើសបីម៉ូដែល គឺ SU7, SU7 Pro និង SU7 Max ដែលមានតម្លៃចាប់ផ្តើម RMB 215,900 ($29,580), RMB 245,900 និង RMB 299,900 រៀងគ្នា។ ហើយការនាំចេញម៉ូដែល SU7 និង SU7 Max ត្រូវបានចាប់ផ្តើមធ្វើឡើងនៅក្នុងខែមេសា រីការនាំចេញម៉ូដែល SU7 Pro បានចាប់ផ្តើមនៅក្នុងខែឧសភា។ កាលពីថ្ងៃទី 28 ខែធ្នូ ក្រុមហ៊ុន Xiaomi EV បានប្រកាសថា ការចែកចាយរថយន្ត SU7 គឺមានចំនួនលើសពី 130,000 គ្រឿង។ អតិថិជនដែលបញ្ជាទិញម៉ូដែល SU7 ឥឡូវនេះនឹងត្រូវរង់ចាំយ៉ាងហោចណាស់ 17 សប្តាហ៍ឯណោះ នេះបើយោងតាមរបាយការណ៍របស់ CnEVPost។
Article image
បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi EV ក៏បានប្រកាសរួចហើយនូវផែនការសម្រាប់ការចេញលក់ម៉ូដែលថ្មីរួមមាន SU7 Ultra ដែលជា Supercar ក៏ដូចជារថយន្តម៉ូដែលទីពីរជាប្រភេទ SUV រចនាបែបរថយន្តស្ព័រដំបូងបំផុតរបស់ខ្លួនគឺ YU7 ផងដែរ។ Xiaomi បានប្រកាសកាលពីថ្ងៃទី 29 ខែតុលាថា SU7 Ultra នឹងត្រូវបានដាក់លក់មុនគឹនៅក្នុងទីផ្សារប្រទេសចិនក្នុងតម្លៃជាង 11 ម៉ឺនដុល្លារអាមេរិក ដែលជាតម្លៃស្មើរនឹងជិតបួនដងនៃតម្លៃនៃម៉ូដែល SU7។ ជាចុងក្រោយសម្រាប់ការបង្ហាញវត្តមានផ្លូវការណ៍របស់ Xiaomi SU7 Ultra នឹងត្រូវធ្វើឡើងនៅថ្ងៃទី 29 ក្នុងខែមិនា ឆ្នាំ 2025៕
Article image