ស្វែងរកពួកយើង:

Xiaomi អាចនឹងបង្ហាញរថយន្ត SUV ដំបូងរបស់ខ្លួននៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2024 07:27 ព្រឹក

អាន 3 នាទី

Article image
បើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បាននិយាយថា រថយន្តម៉ូដែលទីពីររបស់ Xiaomi ដែលជាប្រភេទរថយន្តអគ្គិសនី SUV ដែលមានលេខកូដម៉ូដែល MX11 នឹងបង្ហាញខ្លួនជាផ្លូវការណ៍នៅត្រីមាសដំបូងក្នុងឆ្នាំ 2025។ ប្រភពដដែលក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់សង្វាក់ផលិតកម្មទ្រង់ទ្រាយធំសម្រាប់ម៉ូដែល Xiaomi SU7 Ultra ក៏នឹងត្រូវចាប់ផ្តើមនៅខែមិថុនា ឆ្នាំ 2025 ផងដែរ។
ប្រភពចេញពីក្រុមហ៊ុន Xiaomi បានបង្ហើបថា សម្រាប់ការបង្ហាញវត្តមានរថយន្តម៉ូដែលទីពីរដែលជា SUV ម៉ាក Xiaomi អាចនឹងត្រូវធ្វើឡើងនៅចន្លោះខែកុម្ភៈ ឬខែមិនា ឆ្នាំ 2025។ យ៉ាងណាមិញ បើតាមប្រភពមួយផ្សេងទៀតដែលស្និទ្ធនឹងក្រុមហ៊ុន Xiaomi Auto បាននិយាយថា ការចេញលក់រថយន្ត SUV នឹងត្រូវធ្វើឡើងដូចគ្នានៃការចេញលក់ម៉ូដែល SU7 ដោយការចេញលក់ SU7 ត្រូវបានចាប់ផ្តើមធ្វើឡើងនៅឆ្នាំ 2024 ក្នុងថ្ងៃទី 28 ខែមីនា ហើយការនាំចេញត្រូវបានចាប់ផ្តើមតែពីរបីថ្ងៃក្រោយនៃថ្ងៃចេញលក់តែប៉ុណ្ណោះ។
បើតាមរូបភាពដែលបានបែកធ្លាយនៅលើបណ្តាញអ៊ិនធ័រណិតបានបង្ហាញថា ការរចនារថយន្ត SUV របស់ Xiaomi គឺមានទំហំតូចកម្ពស់រាងទាប់ដែលប្រហាក់ប្រហែលជារថយន្ត Crossover SUV ឬ Compact SUV ឬ mid-sized SUV ដែលការរចនាមានភាពស្រដៀងគ្នានឹងរថយន្តម៉ាក Ferrari Purosangue ដែរ។
តាមគំរូនៃការឌីស្សាញរបស់រថយន្ត SUV របស់ Xiaomi គឺមានផ្នែកមួយចំនួនបានញាត់បញ្ចូលនូវរចនាបថរបស់ម៉ូដែល SU7 ដែលជារថយន្ត Sedan បច្ចុប្បន្នរបស់ Xiaomi ដូចជាការរចនាចង្កៀងខាងមុខ ចង្កៀងក្រោយ ទ្វារចំហៀងជាប្រភេទ Frameless door និងដៃទ្វារ semi-hidden door handle ជាដើម។ សម្រាប់គំរូរូបរាងជាក់លាក់របស់រថយន្តស៊េរីថ្មីនេះមិនទាន់ត្រូវបានបង្ហាញចេញលម្អិតពេញលិញនៅឡើយទេដោយសារតែវាស្ថិតក្នុងគម្រូដែលមានការបិទបាំងជិតលើផ្នែកសំខាន់មួយចំនួនរបស់រថយន្ត។ យ៉ាងណាមិញថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញគណនី Weibo ម្នាក់បានអះអាងថា ខ្លួនបានប្រទះឃើញ និងថតបាននាយកប្រតិបត្តិ Xiaomi លោក Lei Jun បានកំពុងធ្វើតេស្តបើកបរផ្ទាល់រថយន្ត Xiaomi នៅលើផ្ទូវ Highway។
តាមប្រភពព័ត៌មានបឋមបានបង្ហើបថា តម្លៃរបស់ Xiaomi SU7 (MX11) អាចនឹងប្រហាក់ប្រហែលគ្នានឹងតម្លៃ Tesla Model Y នៅក្នុងប្រទេសចិន ដែលបច្ចុប្បន្ន គឺមានតម្លៃខ្ទង់ចាប់ពី $34,500 ដល់ $48,950។ នាពេលបច្ចុប្បន្ននេះ Xiaomi ត្រូវបានគេដឹងថា កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបញ្ចប់គម្រោង F2 ដែលជាដំណាក់កាលទីពីរនៃរោងចក្រផលិតរថយន្តរបស់ខ្លួន។ ហើយដំណាក់កាលនេះ អាចនឹងមិនបញ្ចប់ ដើម្បីដាក់ឱ្យដំណើរការនៅមុនរដូវក្តៅឆ្នាំ 2025 នោះទេ។
Article image
រោងចក្រផលិតរថយន្ត Xiaomi បច្ចុប្បន្នបានធ្វើការពីរវេន ប៉ុន្តែនៅតែមិនអាចធ្វើការផលិតរថយន្តម៉ូដែល SU7 ទាន់តម្រូវការទីផ្សារ ដូចនេះសម្រាប់គម្រោងរបស់ក្រុមហ៊ុនក្នុងការចេញលក់រថយន្ត SUV នៅក្នុងត្រីមាសដំបូងអាចនឹងមានបញ្ហាប្រឈមជាមួយកត្តាសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ ទោះជាយ៉ាងណាយើង នឹងរងចាំមើល ទាំងអស់គ្នាថា តើ Xiaomi SUV រថយន្តម៉ូដែលទីពីររបស់ Xiaomi អាចមានលទ្ធភាពបង្ហាញរូបបង្អួតរាងលើទីផ្សារនៅដើមឆ្នាំ 2025 បានដែរ ឬយ៉ាងណា៕
Xiaomi អាចនឹងបង្ហាញរថយន្ត SUV ដំបូងរបស់ខ្លួននៅត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ