
ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន XPeng បានឈានជើងចូលទីផ្សារប្រទេសប៉ូឡូញលើកដំបូងជាមួយនឹងការប្រកាសចេញលក់រថយន្តអគ្គិសនីចំនួន 3 ម៉ូដែល ហើយនេះក៏ស្ថិតក្នុងគម្រោងក្នុងការពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនក្នុងទីផ្សារតំបន់អឺរ៉ុបផងដែរ។ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ XPeng បានធ្វើការណែនាំបង្ហាញចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនមានចំនួន 3 ម៉ូដែល រួមមមានម៉ូដែល XPeng G9, XPeng G6 និង XPeng P7។
XPeng បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Inchcape ដែលជាក្រុមហ៊ុនចែកចាយរថយន្តទូទាំងពិភពលោកដ៏ល្បីល្បាញ ហើយក៏មានសក្តានុពលខ្លាំងនៅក្នុងប្រទេសប៉ូឡូញ ដើម្បីគ្រប់គ្រងការនាំចូល និងចែកចាយរថយន្តអគ្គិសនីរបស់ខ្លួន។ កិច្ចសហការនេះនឹងផ្តល់ឱ្យអតិថិជនប៉ូឡូញនូវសេវាកម្មដ៏ទូលំទូលាយ និងធានាថារថយន្ត XPeng មាននៅទូទាំងប្រទេសប៉ូឡូញ។ បន្ទប់តាំងបង្ហាញ XPeng ដំបូងបានបើករួចហើយនៅក្នុងតំបន់ Warsaw ជាមួយនឹងទីតាំងផ្សេងទៀតដែលរំពឹងថា នឹងកើតឡើងក្នុងពេលឆាប់ៗនេះ។

XPeng G9 គឺជារថយន្តអគ្គិសនី Large SUV ប្រណិតដែលមានបំពាក់នូវប្រព័ន្ធសំឡេង high-end 2150W Dynaudio ជាមួយនឹងឧបករណ៍បំពងសម្លេង 22 គ្រាប់ដែលផ្តល់នូវបទពិសោធន៍សំឡេងដ៏អស្ចារ្យ និងមានដំបូលកញ្ចក់បែប panoramic glass roof។ រថយន្ត Large-SUV ស៊េរីថ្មីនេះ គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 800V architecture ដែលអនុញ្ញាតិឱ្យការសាកភ្លើងល្បឿនលឿន Ultra-fast charging ដែលសាករយៈពេលត្រឹមតែ 5 នាទីអាចជិះបានចម្ងាយ 200km និងសាកថ្មរហូតដល់ 80% ក្នុងរយៈពេលតិចជាង 20 នាទី។ ហើយនៅពេលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 570 គីឡូម៉ែត្រ និងមានរួមបញ្ចូលនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ XPILOT 4.0។ XPeng G9 មានតម្លៃចាប់ពីខ្ទង់ $ 64,547.71 នៅក្នុងប្រទេសប៉ូឡូញ។

ចំនែក XPeng G6 គឺជារថយន្តប្រភេទ SUV-Coupe ទំនើប និងមានការឌីស្សាញបែបស្ព័រ ដែលរួមបញ្ចូលគ្នានូវរចនាប័ទ្មជាមួយនឹងលក្ខណៈពិសេសកម្រិតខ្ពស់។ G6 មានការរចនាដ៏ទាក់ទាញជាមួយនឹងយ៉ាន់កង់ទំហំ 20-inch និងដំបូលបែប Panoramic roof។ ជាមួយនឹងសមត្ថភាពសាកថ្មលឿនកំលាំង 280kW អនុញ្ញាតិឲ្យ G6 អាចសាកបញ្ចូលថាមពលថ្មពី 10% ទៅ 80% ក្នុងរយៈពេលតិចជាង 20 នាទី និងសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយរហូតដល់ 570 គីឡូម៉ែត្រ។ សម្រាប់ម៉ូដែល AWD បានបំពាក់នូវម៉ូទ័រអគ្គិសនីដែលមានកម្លាំង 476 សេះ ដែលអាចជាន់សន្ទុះល្បឿនបង្កើនពី 0 ទៅ 100 km/h ចាយពេលប្រមាណ 4 វិនាទី។ រថយន្តអគ្គិសនី SUV-Coupe ប្រណិតបែបស្ព័ររបស់ XPeng មួយនេះ ក៏គាំទ្រនូវមុខងារ vehicle-to-load ឬ V2L ដើម្បីផ្តល់ថាមពលសម្រាប់ការសាកភ្លើងទៅកាន់អគ្គិសនីប្រើប្រាស់ផ្សេងៗបាន។ បន្ថែមពីនេះ វាក៏មានដំឡើងនូវប្រព័ន្ធបំពងសំឡេងកម្រិត 960W។ XPeng G6 មានតម្លៃចាប់ពីខ្ទង់ $51,941។

ចំពោះម៉ូដែលទីបី XPeng P7 ជារថយន្តអគ្គិសនី sedan ទាន់សម័យដែលរួមបញ្ចូលគ្នានូវការរចនាបែបអនាគត។ XPeng P7 AWD Performance បំពាក់ម៉ូទ័រដែលមានកម្លាំង 473 សេះ ដែលអាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេល 4.1 វិនាទី ខណៈម៉ូដែល RWD បំពាក់ម៉ូទ័រកម្លាំង 276 សេះ និងសាកថ្មមួយពេញអាចជិះបានចម្ងាយ 576 គីឡូម៉ែត្រ។ នៅផ្នែកខាងក្នុងមានបំពាក់នូវប្រព័ន្ធ Xmart OS និងអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch និងអេក្រង់កម្សាន្តទំហំ 14.97-inch។ រថយន្តអគ្គិសនី sedan ទាន់សម័យមួយនេះក៏គាំទ្រនូវប្រព័ន្ធជំនួយការបើកបរ XPILOT3.0 ដែលជាប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Advanced driving assistant ថែមទៀតផង។ XPeng P7 គាំទ្រប្រព័ន្ធសាកភ្លើងកំលាំង 400V Charging System ដែលសាកបំពេញថាមពលថ្មពី 10% ទៅ 80% ប្រើពេលប្រមាណ 29 នាទី។ XPeng P7 មានតម្លៃចាប់ពីខ្ទង់ $55,331 ក្នុងទីផ្សារប៉ូឡូញ។
រថយន្ត XPeng ទាំងអស់ដែលមាននៅក្នុងប្រទេសប៉ូឡូញមានសិទ្ធិទទួលបាននូវប្រាក់ឧបត្ថម្ភធន $10,169.55 ពីកម្មវិធី NaszEauto subsidy program និងភ្ជាប់មកជាមួយការធានារយៈពេលប្រាំពីរឆ្នាំ កញ្ចប់សេវាកម្មពេញលេញ បូករួមទាំងការអាប់ដេតប្រព័ន្ធក្នុងរថយន្តតាមរយះ OTA ដោយឥតគិតថ្លៃ ថែមទៀតផង៕
