
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីល្បីឈ្មោះរបស់ប្រទេសចិន គឺ Xpeng បានបោះជំហានឈានចូលក្នុងទីផ្សាររថយន្តប្រទេសបារាំងដើម្បីធ្វើការពង្រីកទីផ្សាររថយន្តរបស់ខ្លួននៅលើឆាកទីផ្សារអន្តរជាតិ ជាមួយការដាក់បង្ហាញចេញរថយន្តអគ្គិសនីប្រភេទ SUV ចំនួនពីរម៉ូដែល គឺ Xpeng G9 និង G6។ ហើយការបោះជំហានចូលក្នុងទីផ្សារប្រទេសបារាំង គឺជាជំហានថ្មីមួយទៀតដែលស្របទៅនឹងយុទ្ធសាស្រ្តធ្វើទីផ្សារដែល Xpeng ហៅថា “2.0 Global Strategy” ដែលជាយុទ្ធសាស្ត្រក្នុងការនាំយករថយន្តអគ្គិសនីដែលបំពាក់នូវបច្ចកវិទ្យាកម្រិតខ្ពស់ទៅកាន់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។
សម្រាប់រថយន្ត G9 គឺជាប្រភេទរថយន្តអគ្គិសនី SUV ម៉ូដែល Flagship របស់ Xpeng ដែលត្រូវចេញលក់នៅទីផ្សារប្រទេសបារាំងជាមួយជម្រើស 3 ស៊េរីផ្សេងគ្នាមានដូចជា Standard Range, Long Range, និង Performance។ ដោយម៉ូដែល Standard Range និង Long Range បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ (Single-Motor) ស្ថិតនៅខាងក្រោយ (rear-wheel motor) ខណៈម៉ូដែល Performance បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (Dual-electric motors) ដំណើរការជាមួយប្រព័ន្ធ All-Wheel-Drive។ Xpeng G9 មានតម្លៃចាប់ពីខ្ទង់ €59,990 ឡើងទៅ លើកលែងតែម៉ូដែល Performance គឺមានតម្លៃដល់ €73,990។

រថយន្តអគ្គិសនី Large-Side SUV របស់ចិនមួយនេះមានជម្រើសកញ្ចប់អាគុយ 78.2kW ឬ 98kW និងអាចផលិតកំលាំងបាន 230kW ឬ 312 សេះ ដល់ 405kW ឬ 550 សេះ។ សម្រាប់ម៉ូដែល Xpeng G9-Performance អាចជាន់វ៉ាត់កុងទ័រល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 3.9 វិនាទី។ សម្រាប់ម៉ូដែល rear-wheel-drive (Standard Range/Long Range) សាកភ្លើងមួយពេញម្តងអាចបើកបរបានចំងាយផ្លូវ 460km និង 570km ចំនែកម៉ូដែល All-wheel-drive (Performance) អាចបើកបានដល់ 520km។ Xpeng G9 គាំទ្រប្រព័ន្ធសាកភ្លើងកម្រិត 800V high-voltage platform ដែលអាចគាំទ្រការសាកជាមួយកំលាំងភ្លើងខ្លាំងដល់ 300kW។ ហើយសាកបំពេញថាមពលពី 10% ទៅ 80% ប្រើពេលប្រមាណ 20 នាទីប៉ុណ្ណោះ។

ចំនែកម៉ូដែល Xpeng G6 គឺជាប្រភេទរថយន្ត Small-side SUV ដែលរចនាផលិតឡើងដើម្បីឆ្លើយតបទីផ្សារជាមួយ Tesla Model Y។ ហើយ G6 ដែលចេញលក់នៅទីផ្សារប្រទេសបារាំងក៏មានជម្រើសបីម៉ូដែលផ្សេងគ្នាផងដែរ គឺ Standard Range, Long Range, និង Performance។ ម៉ូដែលនេះ មានជម្រើសកញ្ចប់អាគុយទំហំ 66kW និង 87.5kW។ ដោយម៉ូដែល Xpeng G6 Standard Range អាចផលិតកំលាំងបាន 255 សេះ ជាមួយកំលាំងរមូល 440Nm ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 6.9 វិនាទី ហើយសាកភ្លើងមួយពេញម្តងអាចបើកបានចំងាយផ្លូវ 435km តាមការបញ្ជាក់ពីស្ថាប័ន WLTP។
ដោយឡែកសម្រាប់ម៉ូដែល G6 Long Range អាចផលិតកំលាំងបាន 280 សេះ រីម៉ូដែល G6 Performance អាចផលិតកំលាំងបាន 470 សេះ និងកំលាំងរមូល 660Nm ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 4.1 វិនាទី។ សម្រាប់ប្រព័ន្ធសាកភ្លើង គឺដូចគ្នានឹងម៉ូដែល G9 ដែល ដោយសាកពី 10% ទៅ 80% ប្រើពេលខ្ទង់ 20 នាទីដូចគ្នា។

ការពង្រីកចូលទៅក្នុងទីផ្សារបារាំងកើតឡើងស្របពេលដែលទីផ្សារលក់រថយន្តរបស់ XPeng កំពុងមានការរីកចម្រើនខ្លាំង។ ដោយក្នុងរយៈពេល 4 ខែដំបូងនៃឆ្នាំនេះ XPeng បានចែកចាយរថយន្តចំនួន 31,214 កើនឡើងគួរឱ្យកត់សម្គាល់ប្រមាណ 23.33% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ម៉ូដែល G9 និង G6 បានដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យនេះ ដោយបានរួមចំណែកក្នុងការលក់សរុបប្រមាណ 19.77% និង 21.05% រៀងៗគ្នា៕
