ស្វែងរកពួកយើង:

Xpeng X9 BEV ម៉ូដែលថ្មីបំពាក់កញ្ចប់ថ្មធំជាងមុន បើកបានឆ្ងាយជាងមុន នឹងមកដល់ឆាប់ៗខាងមុខនេះ

ដោយ

Koun Jab Luffy

24 ធ្នូ 2025 08:43 ព្រឹក

អាន 3 នាទី

Article image
បន្ទាប់ពីប្រកាស ជាឡានអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV) ប្រភេទ MPV ដែលមានទីផ្សារដាច់បំផុតកាលពីអំឡុងខែវិច្ឆិកាកន្លងទៅ ពេលនេះ Xpeng បានត្រៀមធ្វើការប្រកាសចេញ X9 MPV ម៉ូដែលថ្មីប្រើអគ្គិសនីសុទ្ធ (BEV) បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ជាមួយសមត្ថភាពបើកបរបានចម្ងាយដល់ 710km និង 750km។ សម្រាប់ម៉ូដែល Xpeng X9 បច្ចុប្បន្នត្រូវបានក្រុមហ៊ុនចេញលក់នៅទីផ្សារប្រទេសចិនជាមួយជម្រើសបួនស៊េរីសម្រាប់ម៉ូដែល BEV និងពីរស៊េរីសម្រាប់ម៉ូដល EREV ជាមួយតម្លៃចន្លោះពី $51,100 ទៅ $65,300 សម្រាប់ម៉ូដែល BEV និង $44,000 ទៅ $46,800 សម្រាប់ម៉ូដែល EREV។
ដោយឡែកសម្រាប់ Xpeng X9 BEV ម៉ូដែលថ្មីនេះ គឺនឹងផ្តល់ជូនជាមួយជម្រើសប្រើប៉ុងមួយ (FWD) និងប៉ុងពីរ (AWD)។ សម្រាប់ម៉ូដែល FWD នឹងបន្តប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយកម្លាំង 235kW និងកម្លាំងរមួល 450Nm ខណៈម៉ូដែល AWD មានបន្ថែម៉ូទ័រអគ្គិសនីខាងក្រោយមួយទៀតកម្លាំង 135kW និងកម្លាំងរមួល 190Nm ដែលផលិតកម្លាំងសរុបដល់ 370kW ឬ 496 សេះ។ ទាំងម៉ូដែល FWD និង AWD បានប្រើប្រាស់កញ្ចប់ថ្ម ternary lithium ទំហំ 110kWh របស់ CALB-Tech ដែលសាកភ្លើងពេញម្តងអាចអាចជិះបានចម្ងាយ 710km និង 750km តាមជម្រើសម៉ូដែល។ Xpeng X9 MPV ម៉ូដែលថ្មីនឹងមានទំងន់សរុប 2,740kg និង 2,685kg។
ចំពោះម៉ូដែល Xpeng X9 MPV ដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបច្ចុប្បន្ន គឺបំពាក់កញ្ចប់ថ្មទំហំ 94.8kWh និង 105kWh ដែលអាចជិះបានចម្ងាយ 650km និង 740km/702km នៅពេលសាកភ្លើងពេញម្តង។ X9 BEV MPV ម៉ូដែលថ្មីនឹងមានការកែប្រែការឌីស្សាញផ្នែកខាងក្នុងតិចតួចពីម៉ូដែលបច្ចុប្បន្ន ដើម្បីផ្តល់នូវភាពទូលាយជាងមុន ហើយនិងមានការកែប្រែការឌីស្សាញកាងមុខ និងក្រោយដោយមានភាពស៊ីមេទ្រីគ្នាជាមួយនឹងម៉ូដែល EREV។ បន្ថែមពីនេះ Xpeng X9 BEV ម៉ូដែលថ្មី នឹងពន្លូតប្រវែងតួវែងជាងមុនប្រមាណ 23mm ដែលធ្វើឲ្យវាមានប្រវែងដល់ 5,316mm ខណៈដែរ ទទឹង/កំពស់ និងគម្លាតកង់មុខទៅកង់ក្រោយរក្សាដូចម៉ូដែលមុនដដែល គឺ 1,988mm/1,785mm និង 3,160mm។
ជាមួយគ្នា Xpeng ក៏នឹងធ្វើបច្ចុប្បន្នលើប្រព័ន្ធឆ្លាតវៃនៅលើ X9 BEV ម៉ូដែលថ្មីផងដែរ ជាមួការបំពាក់ បន្ទះឈីបឆ្លាតវៃ Turing AI Chip ចំនួនបី ផលិតដោយ Xpeng ផ្ទាល់ ដើម្បីបង្កើនកម្រិតសមិត្ថភាពបញ្ញាសប្បនិមិ្មតកាន់តែឆ្លាតវៃជាងមុនជាមួយកម្រិត 2,250 TOPS។ ដែលបន្ទះឈីបពីរក្នុងចំនោមបីបានភ្ជាប់នូវប្រព័ន្ធ VLA AI Model សម្រាប់ជំនួយដល់មុខងារ Advanced driving assistance និងមួយផ្សេងទៀតភ្ជាប់នូវប្រព័ន្ធ VLA AI Model ដូចគ្នា ប៉ុន្តែ មានតួនាទី គាំទ្រដល់ប្រព័ន្ធដំណើរការក្នុងកាប៊ីន ឬIntelligent cockpit។
Article image
សូមបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកាកន្លងទៅ Xpeng បានធ្វើការនាំចេញ X9 MPV Series សរុបបានចំនួន 3,234 គ្រឿង មានកំណើនការលក់កើនឡើងដល់ 161% ធៀបនឹងខែតុលា។ ដោយក្នុងនោះម៉ូដែល X9 EREV មានសន្ទុះនៃការលក់ខ្លាំង ដោយបាននាំចេញសរុបច្រើនជាង 2,000 គ្រឿង ក្នុងរយះពេល 10 ថ្ងៃ បន្ទាប់ពីការចេញលក់ផ្លូវការណ៍នៅថ្ងៃទី 20 ខែ វិច្ឆិកា ឆ្នាំ 2025៕