ម៉ាករថយន្តប្រណិត Yangwang របស់ BYD បានប្រកាសជាផ្លូវការណ៍ថា រថយន្ត Yangwang U7 ស៊េរីថ្មីឆ្នាំ 2026 នឹងក្លាយជាម៉ូដែលដំបូងគេដែលបំពាក់នូវបច្ចេកវិទ្យាថ្ម Blade Battery 2.0 ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយដល់ 1,0026km តាមស្តង់ដារ CLTC។ លោក Hu Xiaoqing ដែលជាអ្នកចាត់ការទូទៅ (GM) នៃក្រុមហ៊ុន Yangwang Sale Division បានគូសបញ្ជាក់ជាផ្លូវការណ៍តាមរយះបណ្តាញផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

លោក Hu បានបញ្ជាក់ថា Yangwang U7 ស៊េរីឆ្នាំ 2026 នឹងគាំទ្រដំណើរការដោយប្រព័ន្ធអគ្គិសនីចំនួន 4 គ្រាប់ “Super Quad-Motors System” ដែលផលិតដោយ BYD រួមនឹងបច្ចេកវិទ្យាថ្មជំនាន់ទីពីរ Blade Battery 2.0។ បច្ចេកវិទ្យាកញ្ចប់ថ្មជំនាន់ថ្មីនេះ គឺមានទំហំធំដល់ 150kWh ដែលផ្តល់នូវរយះចម្ងាយបើកបរបានឆ្ងាយ មានអនុភាពខ្លាំង និងគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត។

ក្រុមហ៊ុន BYD នឹងមានការដាក់បង្ហាញនូវបច្ចេកវិទ្យាថ្មជំនាន់ថ្មី Blade Battery 2.0 Technology និងប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនបំផុតជំនាន់ថ្មី Flash Charging Technology នៅក្នុងព្រឹត្តិការណ៍របស់ក្រុមហ៊ុនដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី 5 ខែមីនា ស្អែកនេះ នៅឯមជ្ឈមណ្ឌល  Shenzhen Universiade Sports Centre។ បច្ចេកវិទ្យា Blade Battery ជំនាន់ដំបូងដែលកំពុងប្រើប្រាស់នៅលើរថយន្តអគ្គិសនីជាច្រើនរបស់ BYD ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីឆ្នាំ 2020។ 

លោក Wang Chuanfu ប្រធានក្រុមហ៊ុន BYD បានបញ្ជាក់ និងទទួលស្គាល់ថា Blade Battery គឺពិតជាមានសុវត្ថិភាពខ្ពស់ មានភាពធន់ក្នុងការប្រើប្រាស់ មានអាយុកាលប្រើប្រាស់បានយូរ និងផ្តល់ឲ្យការបើកបរបានចម្ងាយឆ្ងាយ។ Blade Battery ជំនាន់ដំបូង ត្រូវបានអភិវឌ្ឍន៍ផលិតឡើងដោយការរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាថ្ម lithium iron phosphate technology ដែលផ្តល់នូវកម្រិតដង់ស៊ីតេខ្ពស់ និងមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់។

ទន្ទឹមនឹងនេះ Denza Z9 GT ជំនាន់ថ្មីដែលប្រើម៉ូទ័រអគ្គិសនីមួយដែលនឹងមកដល់ឆាប់ៗនេះ ក៏បំពាក់នូវបច្ចេកវិទ្យាថ្ម Blade Battery 2.0 ផងដែរ ដែលនឹងអាចបើកបរបានចម្ងាយជាង 1000km តាមស្តង់ដារ CLTC ដោយគ្រាន់តែ Yangwang U7 ឆ្នាំ 2026 គឺជាឡានអគ្គិសនីប្រើម៉ូទ័រ 4 ដំបូងគេដែលគាំទ្រនូវបច្ចេកវិទ្យាថ្ម Blade Battery 2.0៕