
យោងតាមរបាយការណ៌របស់ Autocar នៅថ្ងៃនេះ បាននិយាយថា BYD នឹងមានការនាំយកនូវម៉ាកយីហោប្រណិតម៉ូដែល Yangwang នៅក្នុងទីផ្សារអឺរ៉ុប បន្ទាប់ពីការប្រកាសចេញនៅលើទីផ្សារប្រទេសចិនរួចមក។ យោងតាមការបញ្ជាក់ពីលោក Stella Li ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុនោផលិតរថយន្តអគ្គិសនីរបស់ចិនមួយនេះ នឹងនាំម៉ាកយីហោ Yangwang ទៅកាន់ទីផ្សារអឺរ៉ុបបន្ថែមទៀតបន្ទាប់ពីការបង្ហាញវត្តមានរបស់ Denza នៅដើមឆ្នាំក្រោយ។
របាយការណ៌ខាងលើនេះ បានបន្តថា សម្រាប់វត្តមានរបស់ម៉ាកយីហោ Yangwang នេះ នឹងក្លាយជាម៉ាកយីហោថ្មីមួយទៀតដែលនឹងប្រជែងជាមួយរថយន្តរបស់ក្រុមហ៊ុន Bentley ក៏ដូចជាបញ្ជាក់ថា BYD នឹងក្លាយជាក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ចោន ដែលចូលប្រឡូកនៅក្នុងទីផ្សារឡានប្រណិតនៅតំបន់អឺរ៉ុប។ ជាមួយគ្នានេះតាមរយៈនៃការបង្ហាញវត្តមានរបស់ Yangwang នេះ គឺនឹងប្តូរទៅជាចង្កូតស្តាំ ហើយអាចនឹងមានតម្លៃខ្ពស់ជាងនៅលើទីផ្សារប្រទេសចិនទៀតផង ពីព្រោះថា ក្រុមហ៊ុននេះប្រឈមនឹងការយកពន្ធបន្ថែមពីទីផ្សារអឺរ៉ុប 17%។

សូមជំរាបថា Yangwang គឺជាបុត្រសម្ព័ន្ធរបស់ BYD ដែលជាម៉ាកយីហោ ultra-luxury នឹងបានប្រកាសនូវម៉ូដែលដំបូង U8 នៅប្រទេសចិននៅថ្ងៃ 20 ខែកញ្ញា ឆ្នាំ 2023 ហើយនៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2024 ក្រុមហ៊ុននេះបន្តបង្ហាញចេញនូវ Yangwang U9 ដែលជាឡានប្រភេទ 2 កៅអី ប្រភេទ Supercar អគ្គិសនី។ ហើយនៅថ្ងៃទី 27 ខែមីនាឆ្នាំនេះ ក្រុមហ៊ុននេះក៏បានប្រកាសចេញនូវម៉ូដែលទី 3 គឺឡានអគ្គិសនី U7។ សម្រាប់ម៉ូដែលថ្មីនេះ គឺដំណើរការនៅលើបច្ចេកវិទ្យាជំនាន់ទី 4 របស់ BYD ដំណើការនៅលើម៉ូទ័រ 4 គ្រាប់ មានកម្លាំងសរុបជាង 1,000 សេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី 23 ខែមេសានេះ នៅក្នុងព្រឹត្តិការណ៌ Shanghai auto show ក្រុមហ៊ុន Yangwang ក៏បានបញ្ចេញនូវម៉ូដែល U8L ដែលមានតួខ្លួនវែងជាង U8 ផងដែរ។ កាលពីខែមិថុនាកន្លងទៅនេះ ការនាំចេញ Yangwang U8 គឺបានត្រឹមតែ 64 គ្រឿងប៉ុណ្ណោះ ខណៈដែល U9 និងបាន 9 គ្រឿង និង U7 បាន 132 គ្រឿង។
