Zeekr ដែលជាម៉ាករថយន្តអគ្គិសនប្រណីតបំផុតមួយស្ថិតក្នុងសម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត Geely Group បានធ្វើការប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី Zeekr 001 Special Edition ដើម្បីអបអរខួប 5 ឆ្នាំនៃការបង្កើតម៉ាកយីហោរថយន្តមួយនេះ។ Zeekr 001 គឺជាម៉ូដែលដំបូងនៃរថយន្តម៉ាក Zeekr ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញដំបូងក្នុងឆ្នាំ 2021 នៅទីផ្សារប្រទេសចិន។ បន្ទាប់មកនៅក្នុងឆ្នាំ 2024 ជំនាន់ទីពីររបស់ Zeekr 001 មួយក៏បានបង្ហាញខ្លួនផ្លូវការណ៍ជាមួយការបំពាក់ខ្លាំងជាងជំនាន់ទីមួយជាមួយកម្លាំង 58kW (778hp) និងចូលដល់ឆ្នាំ 2025 ក្រុមហ៊ុនក៏បានបញ្ចេញម៉ូដែលថ្មីមួយបន្ថែមទៀតដែលគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំងខ្លាំងបំផុតដល់ 900V high-voltage និងបំពាក់ម៉ូទ័រពីរ (dual-motor AWD) មានកម្លាំងខ្លាំងឡើងដល់ 680kW។
Zeekr 001 ម៉ូដែលពិសេសថ្មីនេះ ត្រូវបានក្រុមហ៊ុនហៅថា Zeekr 001 5th Anniversary Edition។ ឡានអគ្គិសនីម៉ូដែលពិសេសនេះមានការឌីស្សាញបែប FR-Line បែបឡានស្ព័រជាមួយការបំពាក់នូវដង្កៀបហ្វ្រាំងពណ៌ក្រហម, ប្រើប្រាស់យ៉ាន់រង្វង់យ៉ាន់ខ្នាត 22-inch និងប្រើសម្បកកង់ស្ព័រប្រភេទ Pirelli P Zero tires ហើយនិងកន្ទុយ Spoiler ក្រោយជា Carbon-fiber។ Zeekr 001 5th Anniversary Edition មានដំបូងពណ៌ខ្មៅ ប្រើប្រាស់ប្រព័ន្ធហ្វ្រាំង six-piston Brembo brake calipers និងមានពណ៌តួរជាទឹកប្រាក់ហៅថា “Glacier Silver”។ ផ្នែកកៅអីវិញ ត្រូវបានស្រោបដោយស្បែកពិសេសគុណភាពខ្ពស់ប្រភេទ Alcantara Leather ជាមួយខ្នើយកើយក្បាលកៅអី ខ្សែក្រវ៉ាត់ពណ៌ក្រហម និងកន្លែងដាក់ដៃនៅជាប់ជញ្ចាំងទ្វារ និងបំពាក់ប្រព័ន្ធបំពងសំឡេងចំនួន 29 គ្រាប់។
Zeekr 001 5th Anniversary Edition ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (dual-motor AWD) អាចផលិតកម្លាំងសរុបបាន 680kW ដែលអាចជាន់សន្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.91 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 280km/h។ ឡានអគ្គិសនីនេះ បំពាក់កញ្ចប់ថ្មប្រភេទ Qilin ternary NMC battery របស់ CATL ទំហំ 103kWh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្រិត 6C Fast Charging ដែលសាកពី 10% ទៅ 80% ចាយពេញខ្ទង់ 10 នាទី ហើយការសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 680km។ បើតាមអ្នកនាំពាក្យក្រុមហ៊ុន Zeekr បានបញ្ជាក់ថា Zeekr 001 5th Anniversary Edition នឹងចេញលក់នៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2026 សប្តាហ៍ក្រោយនេះហើយ ខណៈតម្លៃមិនទាន់បានញ្ចេញនៅឡើយទេនៅពេលនេះ។
ទៅលើប្រព័ន្ធជំនួយការអ្នកបើកបរវិញ Zeekr 001 5th Anniversary Edition គាំទ្រដោយប្រព័ន្ធ G-Pilot H7 assisted driving system ភ្ជាប់ជាមួយសែនស័រ LiDAR និងគាំទ្រដំណើរការដោយបន្ទះឈីបNvidia Drive Thor-U chip ដែលមានកម្រិតនៃភាពឆ្លាតវៃដល់ 700TOPS។ សូមបញ្ជាក់ថា Zeekr 001 ត្រូវបានធ្វើការនាំចេញដំបូងក្នុងទីផ្សារប្រទេសចិននៅខែវិច្ឆិកា ឆ្នាំ 2021 បើគិតត្រឹមខែកុម្ភៈ ឆ្នាំ 2026 ការនាំចេញឡានអគ្គិសនីម៉ូដែលនេះមានចំនួន 301,720 គ្រឿង។ បច្ចុប្បន្នសម្រាប់ទីផ្សារក្រៅស្រុក Zeekr 001 មានលក់នៅទីផ្សារជាច្រើន រួមទាំងទីផ្សារអឺរ៉ុប អាស៊ីកណ្តាល និងអាមេរិកខាងជើង។




