ស្វែងរកពួកយើង:

Zeekr 007 ឆ្នាំ 2025 រថយន្តអគ្គិសនីដំបូងគេសាកភ្លើង 80% ប្រើប្រាស់ពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ

ដោយ

Koun Jab Luffy

16 សីហា 2024 09:19 ព្រឹក

អាន 4 នាទី

Article image
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល 007 នៅក្នុងព្រឹត្តិការណ៍ “Evolution New Generation press conference” ដែលបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី 13 សីហាកន្លងទៅ។
រថយន្តប្រភេទ Sedan ស៊េរីថ្មីឆ្នាំ 2025 របស់ Zeekr មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតជាមួយបច្ចេកវិទ្យាថ្ម “Golden Battery Charging Tech” ជំនាន់ទីពីរ ដែលសាកថាមពលទៅឲ្យកញ្ចប់អាគុយពី 10% ដល់ 80% ប្រើពេលខ្ទង់ 10.5 នាទីប៉ុណ្ណោះ ដែលជាល្បឿនលឿនជាង 4.5 ដង ធៀបនឹងបច្ចេកវិទ្យាជំនាន់ទីមួយ។
Zeekr 007 ឆ្នាំ 2025 មានជម្រើសចំនួន 4 ម៉ូដែលដូចជា៖
- ម៉ូដែល Rear-wheel drive intelligent driving មានតម្លៃខ្ទង់ $29,350
- ម៉ូដែល Long-range RWD intelligent driving មានតម្លៃខ្ទង់ $32,150
- ម៉ូដែល Four-wheel drive intelligent driving មានតម្លៃខ្ទង់ $32,150
- ម៉ូដែល 4WD performance version មានតម្លៃខ្ទង់ $ 41,950
Article image
សម្រាប់ម៉ូដែល Zeekr 007 ឆ្នាំ 2025 មានជម្រើសប្រើកញ្ចប់អាគុយអគ្គិសនីផ្សេងៗគ្នា ដូចជាកញ្ចប់អាគុយប្រភេទ 2nd Generation Golden Battery ទំហំ 75kWh និង CATL Qilin ទំហំ 100kWh។ សម្រាប់កញ្ចប់អាគុយប្រភេទ Qilin គឺត្រូវបាន CATL ធ្វើការអភិវឌ្ឍន៍ថ្មីចេញពីកញ្ចប់អាគុយប្រភេទ ternary lithium battery ដែលធ្វើឲ្យកញ្ចប់អាគុយប្រភេទនេះ អាចគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតកម្រិត Super-fast 5C charging ចំនែកកញ្ចប់អាគុយប្រភេទ Golden battery វិញ គឺត្រូវបានអភិវឌ្ឍថ្មីចេញពីកញ្ចប់អាគុយប្រភេទ lithium iron phosphate battery ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zeekr ខ្លួនឯងផ្ទាល់តែម្តង។
Article image
កញ្ចប់អាគុយ Golden battery ជំនាន់ទីពីរដែលប្រើនៅលើរថយន្ត Zeekr 007 ឆ្នាំ 2025 នេះ គឺគាំទ្រនូវកំលាំងសាកភ្លើងល្បឿនលឿនបំផុតចាប់ពីកម្រិត 4.5C ដល់ 5.5C ដែលសាកថាមពលទៅឲ្យកញ្ចប់អាគុយពី 10% ដល់ 80% ប្រើពេលខ្ទង់ 10.5 នាទីប៉ុណ្ណោះ។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 13 សីហា នោះ ក្រុមហ៊ុន Zeekr បានបញ្ជាក់ថា អតិថិជនប្រមាណ 66% បានធ្វើការជ្រើសរើសប្រើម៉ូដែល Zeekr 007 ប្រើកញ្ចប់អាគុយប្រភេទ Golden battery។
ទោះជាយ៉ាងណា Zeekr មិនបានបង្ហាញលម្អិតអំពីប្រព័ន្ធម៉ូទ័រអគ្គិសនីដែលបានបំពាក់នូវលើរថយន្តស៊េរីថ្មីឆ្នាំ 2025 នេះនោះទេ ដោយគ្រាន់តែបានបញ្ជាក់ថា បានបង្កើននូវសមត្ថភាពដំណើរការខ្លាំងជាងបើធៀបនឹងជំនាន់ឆ្នាំ 2024។
ដោយក្នុងនោះសម្រាប់ Zeekr 007 ម៉ូដែល Rear wheel drive version  ជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.0 វិនាទី ធៀបនឹងម៉ូដែលឆ្នាំ 2024 ដែលប្រើពេលខ្ទង់ 5.4 វិនាទី។ ហើយសម្រាប់ម៉ូដែល four-wheel drive performance version វិញអាចជាន់ល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.84 វិនាទី ដែលត្រូវបាន Zeekr អះអាងថា 007 របស់ខ្លួន គឺជារថយន្តអគ្គិសនីកម្រិត mid-level pure electric car ដែលមានសន្ទុះល្បឿនលឿនបំផុតក្នុងលោក។ សម្រាប់ផ្នែកប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញ Zeekr 007 ឆ្នាំ 2025 មានបំពាក់នូវបច្ចេកវិទ្យាបើកបរឆ្លាតវៃ Haohan intelligent driving 2.0 system ដែលធ្វើការជាមួយប្រព័ន្ធសែនស័រ LiDAR ដែលគាំទ្រប្រព័ន្ធដំណើរការដោយបន្ទះឈីប Nvidia Orin X chips ចំនួនពីរដែលផ្តល់នូវកម្រិតនៃភាពឆ្លាតវៃទំនើបខ្លាំងកម្រិត 508-TOPS។
Article image
លើសពីនេះទៅទៀត នៅលើ Zeekr 007 ឆ្នាំ 2025 នៅមានគាំទ្រប្រព័ន្ធជំនួយការបើកបរដោយប្រព័ន្ធសែនស័រចំនួន 30 គ្រាប់ ដែលអាចធ្វើការគ្រប់គ្រង់ទៅលើប្រព័ន្ធសុវត្ថិភាពផ្សេងគ្នាបានរហូតដល់ទៅ 30 ប្រភេទជាមួយនឹងកម្រិតពិន្ទុនៃប្រព័ន្ធសុវត្ថិភាពខ្ពស់ដល់ទៅ 95 ភាគរយឯណោះ។ ជាមួយគ្នានេះសម្រាប់ប្រព័ន្ធបញ្ជានៅលើក Zeekr 007 ឆ្នាំ 2025 គឺដំណើរការដោយប្រតិបត្តិការឆ្លាតវៃ Zeerk OS AI ដែលគាំទ្រនូវមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃដ៏សម្បូរបែប។
Zeekr 007 ឆ្នាំ 2025 មានជម្រើសប្រើយ៉ាន់កង់ទំហំ  19-inch និង 20-inch រចនាបែប Multi-spoke wheel ជាមួយពណ៌ខ្មៅ ជាមួយទំហំវិមាត្ររួម 4,880 x 1,900/1,448 mm និងគម្លាតកង់មុខក្រោយ 2,928mm។ ហើយនៅផ្នែកខាងក្នុងមានរំលេចរចនាភាពប្រណិតជាមួយពណ៌បៃតងខ្ចីហៅថា Sky green color ខណៈម៉ូដែល 4WD Performance មានជម្រើសពណ៌ខ្មៅហៅថា Shadow Black៕
Zeekr 007 ឆ្នាំ 2025 រថយន្តអគ្គិសនីដំបូងគេសាកភ្លើង 80% ប្រើប្រាស់ពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ