
កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តម៉ាក Zeekr បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល 007 នៅក្នុងព្រឹត្តិការណ៍ “Evolution New Generation press conference” ដែលបានប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី 13 សីហាកន្លងទៅ។
រថយន្តប្រភេទ Sedan ស៊េរីថ្មីឆ្នាំ 2025 របស់ Zeekr មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតជាមួយបច្ចេកវិទ្យាថ្ម “Golden Battery Charging Tech” ជំនាន់ទីពីរ ដែលសាកថាមពលទៅឲ្យកញ្ចប់អាគុយពី 10% ដល់ 80% ប្រើពេលខ្ទង់ 10.5 នាទីប៉ុណ្ណោះ ដែលជាល្បឿនលឿនជាង 4.5 ដង ធៀបនឹងបច្ចេកវិទ្យាជំនាន់ទីមួយ។
Zeekr 007 ឆ្នាំ 2025 មានជម្រើសចំនួន 4 ម៉ូដែលដូចជា៖
- ម៉ូដែល Rear-wheel drive intelligent driving មានតម្លៃខ្ទង់ $29,350
- ម៉ូដែល Long-range RWD intelligent driving មានតម្លៃខ្ទង់ $32,150
- ម៉ូដែល Four-wheel drive intelligent driving មានតម្លៃខ្ទង់ $32,150
- ម៉ូដែល 4WD performance version មានតម្លៃខ្ទង់ $ 41,950

សម្រាប់ម៉ូដែល Zeekr 007 ឆ្នាំ 2025 មានជម្រើសប្រើកញ្ចប់អាគុយអគ្គិសនីផ្សេងៗគ្នា ដូចជាកញ្ចប់អាគុយប្រភេទ 2nd Generation Golden Battery ទំហំ 75kWh និង CATL Qilin ទំហំ 100kWh។ សម្រាប់កញ្ចប់អាគុយប្រភេទ Qilin គឺត្រូវបាន CATL ធ្វើការអភិវឌ្ឍន៍ថ្មីចេញពីកញ្ចប់អាគុយប្រភេទ ternary lithium battery ដែលធ្វើឲ្យកញ្ចប់អាគុយប្រភេទនេះ អាចគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតកម្រិត Super-fast 5C charging ចំនែកកញ្ចប់អាគុយប្រភេទ Golden battery វិញ គឺត្រូវបានអភិវឌ្ឍថ្មីចេញពីកញ្ចប់អាគុយប្រភេទ lithium iron phosphate battery ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Zeekr ខ្លួនឯងផ្ទាល់តែម្តង។

កញ្ចប់អាគុយ Golden battery ជំនាន់ទីពីរដែលប្រើនៅលើរថយន្ត Zeekr 007 ឆ្នាំ 2025 នេះ គឺគាំទ្រនូវកំលាំងសាកភ្លើងល្បឿនលឿនបំផុតចាប់ពីកម្រិត 4.5C ដល់ 5.5C ដែលសាកថាមពលទៅឲ្យកញ្ចប់អាគុយពី 10% ដល់ 80% ប្រើពេលខ្ទង់ 10.5 នាទីប៉ុណ្ណោះ។ នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 13 សីហា នោះ ក្រុមហ៊ុន Zeekr បានបញ្ជាក់ថា អតិថិជនប្រមាណ 66% បានធ្វើការជ្រើសរើសប្រើម៉ូដែល Zeekr 007 ប្រើកញ្ចប់អាគុយប្រភេទ Golden battery។
ទោះជាយ៉ាងណា Zeekr មិនបានបង្ហាញលម្អិតអំពីប្រព័ន្ធម៉ូទ័រអគ្គិសនីដែលបានបំពាក់នូវលើរថយន្តស៊េរីថ្មីឆ្នាំ 2025 នេះនោះទេ ដោយគ្រាន់តែបានបញ្ជាក់ថា បានបង្កើននូវសមត្ថភាពដំណើរការខ្លាំងជាងបើធៀបនឹងជំនាន់ឆ្នាំ 2024។
ដោយក្នុងនោះសម្រាប់ Zeekr 007 ម៉ូដែល Rear wheel drive version ជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 5.0 វិនាទី ធៀបនឹងម៉ូដែលឆ្នាំ 2024 ដែលប្រើពេលខ្ទង់ 5.4 វិនាទី។ ហើយសម្រាប់ម៉ូដែល four-wheel drive performance version វិញអាចជាន់ល្បឿនពី 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.84 វិនាទី ដែលត្រូវបាន Zeekr អះអាងថា 007 របស់ខ្លួន គឺជារថយន្តអគ្គិសនីកម្រិត mid-level pure electric car ដែលមានសន្ទុះល្បឿនលឿនបំផុតក្នុងលោក។ សម្រាប់ផ្នែកប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញ Zeekr 007 ឆ្នាំ 2025 មានបំពាក់នូវបច្ចេកវិទ្យាបើកបរឆ្លាតវៃ Haohan intelligent driving 2.0 system ដែលធ្វើការជាមួយប្រព័ន្ធសែនស័រ LiDAR ដែលគាំទ្រប្រព័ន្ធដំណើរការដោយបន្ទះឈីប Nvidia Orin X chips ចំនួនពីរដែលផ្តល់នូវកម្រិតនៃភាពឆ្លាតវៃទំនើបខ្លាំងកម្រិត 508-TOPS។

លើសពីនេះទៅទៀត នៅលើ Zeekr 007 ឆ្នាំ 2025 នៅមានគាំទ្រប្រព័ន្ធជំនួយការបើកបរដោយប្រព័ន្ធសែនស័រចំនួន 30 គ្រាប់ ដែលអាចធ្វើការគ្រប់គ្រង់ទៅលើប្រព័ន្ធសុវត្ថិភាពផ្សេងគ្នាបានរហូតដល់ទៅ 30 ប្រភេទជាមួយនឹងកម្រិតពិន្ទុនៃប្រព័ន្ធសុវត្ថិភាពខ្ពស់ដល់ទៅ 95 ភាគរយឯណោះ។ ជាមួយគ្នានេះសម្រាប់ប្រព័ន្ធបញ្ជានៅលើក Zeekr 007 ឆ្នាំ 2025 គឺដំណើរការដោយប្រតិបត្តិការឆ្លាតវៃ Zeerk OS AI ដែលគាំទ្រនូវមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ឆ្លាតវៃដ៏សម្បូរបែប។
Zeekr 007 ឆ្នាំ 2025 មានជម្រើសប្រើយ៉ាន់កង់ទំហំ 19-inch និង 20-inch រចនាបែប Multi-spoke wheel ជាមួយពណ៌ខ្មៅ ជាមួយទំហំវិមាត្ររួម 4,880 x 1,900/1,448 mm និងគម្លាតកង់មុខក្រោយ 2,928mm។ ហើយនៅផ្នែកខាងក្នុងមានរំលេចរចនាភាពប្រណិតជាមួយពណ៌បៃតងខ្ចីហៅថា Sky green color ខណៈម៉ូដែល 4WD Performance មានជម្រើសពណ៌ខ្មៅហៅថា Shadow Black៕
