ក្រុមហ៊ុន Zeekr បានត្រៀមខ្លួនរួចរាល់ក្នុងការដាក់បង្ហាញចេញឡានប្រភេទ Luxury minivan ម៉ូដែលថ្មី Zeekr 009 ឆាប់ៗនេះ នៅក្នុងព្រឹត្តិការណ៍ 2026 Beijing Auto Show ដែលនឹងត្រូវរៀបចំធ្វើឡើងនៅ ប្រទេសចិនក្នុងខែមេសា ខាងមុខនេះ។ បើតាមឯកសារដែលត្រូវបានចុះក្នុងបញ្ចីរបស់ស្ថាប័ន MIIT ក្នុងប្រទេសចិន បានបង្ហាញថា Zeekr 009 ម៉ូដែលថ្មី គឺមានប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងខ្លាំងជាងម៉ូដែលបច្ចុប្បន្ន គឺឡើងដល់ 680kW (912hp) ធៀបនឹងម៉ូដែល AWD បច្ចុប្បន្នដែលមានកម្លាំង 580kW (770hp)។

Zeekr 009 គឺជារថយន្តអគ្គិសនីប្រភេទ minivan ថ្នាក់ខ្ពស់ប្រណិតបំផុតរបស់ក្រុមហ៊ុន Geely។ ដោយម៉ូដែលដំបូងរបស់ 009 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នាអំឡុងឆ្នាំ 2023។ Zeekr 009 ម៉ូដែលដំបូងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 400V ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ (AWD) អាចផលិតកម្លាំងសរុបបាន 400kW(536hp) ។ ក្នុងឆ្នាំ 2024 ម៉ូដែលថ្មី ឬជំនាន់ទីពីររបស់ Zeekr 009 បានបង្ហាញខ្លួនជាមួយការគាំទ្រនូវប្រព័ន្ធភ្លើងឡើងដល់ 800V high-voltage system និងមានពីរជម្រើសម៉ូដែល។ ក្នុងនោះម៉ូដែលប្រើម៉ូទ័រមួយ ឬប៉ុងមួយ (FWD) អាចផលិតកម្លាំងបាន 310kW(416hp) ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរ (AWD) អាចផលិតកម្លាំងសរុបបាន 580kW (770hp)។
សម្រាប់ Zeekr 009 ម៉ូដែលថ្មី គឺមានការឌីស្សាញផ្នែកខាងមុខថ្មីរំលេចដោយផ្ទាំងប៉ាណារចនាបែប Chrome-plate grill ធំ ជាមួយចង្កៀងបំភ្លឺពេញថ្ងៃ distinguishing LED Daytime running light, ទ្វារខាងក្រោយជា Sliding-door ដំណើរការដោយប្រព័ន្ធបញ្ជាអេឡិចត្រូនិច រួមនឹងមានសែនស័រ LiDAR ស្ថិតនៅលើដំបូលខាងមុខជាដើម។ ឡាន MPV ប្រណិតស៊េរីថ្មីនេះ មានប្រវែងតួរខ្លួន 5,217mm/ទទឹង 2,024mm/ កំពស់ 1,812mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,205mm។ Zeekr 009 ម៉ូដែលថ្មីនឹងផ្តល់ជូនពីរជម្រើសម៉ូដែល គឺម៉ូដែល 6-កៅអី មានបីជួររៀបជា 2x2x2 និង 7-កៅអីមានបីជួររៀបជា 2x2x3។ ឡាន Luxury minivan ថ្មីនេះ មានជម្រើសយ៉ាន់កង់ទំហំ 19-inch និង 20-inch ហើយនិងមានទំងន់ 2,850kg និង 2,910kg ទៅតាមជម្រើសម៉ូដែល។ ខណៈទំងន់បន្ទុកសរុបអាចដល់ 3,420kg និង 3,485kg។
Zeekr 009 ម៉ូដែលថ្មី ក៏នឹងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំងខ្លាំងដល់ 900V high-voltage system ដូចគ្នានឹងម៉ូដែល Zeekr 001 Liftback ដែលបានប្រកាសចេញនាពេលថ្មីៗនេះផងដែរ។ Zeekr 009 ម៉ូដែលថ្មីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD) គឺមានម៉ូទ័រមុខមានកម្លាំង 310kW (416hp) និងម៉ូទ័រខាងក្រោយមានកម្លាំង 370kW (496hp) ដែលសរុបកម្លាំងម៉ូទ័រទាំងពីរ គឺស្មើរនឹង 680kW (912hp)។ សម្រាប់កញ្ចប់ថ្មវិញ គឺនឹងប្រើប្រភេទ NMC Battery Package ដែលអភិវឌ្ឍន៍ផលិតឡើងក្រោមកិច្ចសហការរួមគ្នារវាង CATL និង Geely។ យ៉ាងណាមិញសម្រាប់ទំហំកញ្ចប់ថ្មនៅមិនទាន់ដឹងនៅឡើយទេ។ Zeekr 009 ម៉ូដែលថ្មីអាចជាន់ល្បឿន Top Speed បានដល់ 220km/h, គាំទ្របច្ចេកវិទ្យាសាកភ្លើង 6C Fast Charging ដែលសាកភ្លើងចូលពី 10% ទៅ 80% ប្រើពេលប្រមាណ 7 នាទី។
សូមបញ្ជាក់ថា បច្ចុប្បន្ន Zeekr មានស្ថានីយ៍សាកភ្លើងឡានអគ្គិសនីរបស់ខ្លួនប្រមាណជា 2,103 ស្ថានីយ៍ ជាមួយឆ្នាំសាក Single-connector កម្លាំង 1,500kW។ បន្ថែមពីនេះ Zeekr ក៏សហការជាមួយ BYD ក្នុងការប្រើប្រាស់ស្ថានីយ៍សាកភ្លើងល្បឿនលឿនបំផុតជំនាន់ចុងក្រោយរបស់ BYD ដែលទើបប្រកាសចេញថ្មីៗនេះថែមទៀតផង៕



